
Changan បានធ្វើការប្រកាសចេញឡានអគ្គិសនីម៉ូដែលថ្មី Nevo Q05 ដែលជាប្រភេទ Compact SUV នៅក្នុងកម្មវិធី Guangzhou Auto Show 2025។ Changan Nevo Q05 មានជម្រើសចំនួន 6 ម៉ូដែលផ្សេងគ្នា និងមានតម្លៃចាប់ពី $11,200 ដល់ $15,400 នៅទីផ្សារប្រទេសចិន។ ឡានអគ្គិសនី Compact SUV ស៊េរីថ្មីមួយនេះអាចជិះបានចម្ងាយផ្លូវ 506km (ស្តង់ដារ CLTC) ចំនែកម៉ូដែលកំពូលរបស់វា មានបំពាក់នូវសែនស័រ LiDAR នៅលើដំបូលខាងមុខថែមទៀតផង។
Nevo Q05 ត្រូវបានផលិតឡើងដោយប្រើប្រាស់ស្តង់ដារភាសាឌីស្សាញ Digital Smart Wing 2.0 របស់ Changan Nevo។ ដោយផ្នែកខាងមុខត្រូវបានឌីស្សាញបែបផ្ទាំងប៉ាណាបិទជិតរំលេចជាមួយចង្កៀង daytime running light ឌីស្សាញបែបស្លីមភ្ជាប់ពីចង្កៀងបំភ្លឺម្ខាងទៅម្ខាង រីផ្នែកខាងក្រោយឌីស្សាញជាមួយចង្កៀងបំភ្លឺភ្ជាប់ពីម្ខាងទៅម្ខាង និងរំលេចជាមួយកន្ទុយ Spoiler ជាប់ដំបូលខាងលើមានទំហំធំ។ ឡានអគ្គិសនីស៊េរីថ្មីនេះមានជម្រើស 5 ពណ៌មានដូចជា ពណ៌បៃតង Pine Green, ស្វាយ Gilt Purple, ទឹកប្រាក់ Moonlight Silver, ប្រផេះ Cloud Shadow Grey និងស Brocade White។ Nevo Q05 មានប្រវែងតួរខ្លួន 4,435mm/ទទឹង 1,855mm/ កំពស់ 1,600mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,735mm។

ចូលមកផ្នែកខាងក្នុងរបស់ Changan Nevo Q05 វិញ មានជម្រើសពីរពណ៌ គឺពណ៌សហៅថា Jade White និងពណ៌ខ្មៅហៅថា Ink Black។ ជាមួយគ្នានេះ ក៏មានបំពាក់មកជាមួយអេក្រង់កម្សាន្តទំហំធំដល់ 15.6-inch កម្រិតបង្ហាញ 2.5K, អេក្រង់បង្ហាញព័ត៌មានទំហំ 10.17-inch Full-LCD Instrument Cluster។ ហើយកៅអីអ្នករួមដំណើរខាងមុខហៅថា “Queen’s Seat” អាចរំកឹលទៅក្រោយបាន 165 ដឺក្រេ និងមានទម្រទ្រជើងផងដែរ។

កៅអីខាងមុខមានភ្ជាប់មកជាមួយមុខងារកំដៅ, ខ្យល់ត្រជាក់ និងម៉ាស្សា ហើយក៏មានប្រព័ន្ធភ្លើងក្នុងកាប៊ីន Ambient lighting ចំនួន 265 ពណ៌ថែមទៀតផង។ បន្ថែមពីនេះ Nevo Q05 ក៏អាចភ្ជាប់មុខងារជាមួយ CarPlay និង HiCar Mobile ក៏ដូចគ្រឿងបរិក្ខាប្រើប្រាស់ក្នុងឆ្លាតវៃ Haier smart home បានថែមទៀតផង។ ហើយទៅលើប្រព័ន្ធជំនួយការបើកបរវិញ Nevo Q05 គាំទ្រដោយប្រព័ន្ធ “Tianshu” intelligent driving assistance system។
រីនៅលើម៉ូដែលកំពូលក្នុងគ្រួសារ Q05 មានបំពាក់បន្ថែមនូវប្រព័ន្ធសែនស័រ LiDAR មួយគ្រាប់នៅលើដំបូលខាងមុខ ដំណើរការជាមួយសែនស័រកាមេរ៉ាចំនួន 11 គ្រាប់, millimetre-wave radars ចំនួន 3 គ្រាប់ និង Ultrasonic radar ចំនួន 12 គ្រាប់។ ដែលប្រព័ន្ធសែនស័រទាំងនេះ គឺគាំទ្រដំណើរការទៅលើមុខងារជំនួយការបើកបរសម្រាប់ផ្លូវល្បឿនលឿន និងផ្លូវក្នុងទីក្រុង ឬប្រជុំជន (advanced navigation assistance (NOA) on highways ឬurban) បានយ៉ាងមានប្រសិទ្ធិភាព និងសុវត្ថិភាព។

Nevo Q05 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមុខមួយកម្លាំង 120kW (161hp) ទទួលថាមពលដំណើរការដោយកញ្ចប់ថ្ម Lithium iron phosphate ដែលសាកពេញម្តងអាចជិះបានចម្ងាយ 405km និង 506km តាមជម្រើសម៉ូដែល។ ឡានអគ្គិសនីស៊េរីថ្មីនេះអាចជាន់ល្បឿន Top Speed បានដល់ 160km/h និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 3C Fast Charging ដែលសាក 15 នាទីអាចជិះបានចម្ងាយ 120km៕





