no-alternative title
no-alternative title

រោងចក្រថ្មីរបស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) នៅខេត្តពោធិសាត់ តម្លៃជាង 38 លានដុល្លារ សម្ពោធដាក់ឱ្យដំណើរការសាកល្បង

កាលពីទី 10 ខែធ្នូ ឆ្នាំ 2025 ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី 1 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងរោងចក្រថ្មីរបស់ ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) សាខាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់, លោកនាយកប្រតិបត្តិក្រុមហ៊ុនមីនេបៀ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ថ្នាក់ដឹកនាំ បុគ្គលិក កម្មករនិយោជិតរបស់ក្រុមហ៊ុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រោងចក្រថ្មី ដែលប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងនាពេលនេះ គឺជារោងចក្រដំបូងគេរបស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅក្រៅរាជធានីភ្នំពេញ និងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់ ព្រមទាំងជាសមិទ្ធផលដ៏សំខាន់មួយរបស់មីនេបៀ ដែលបានចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសគឺមានសង្គតិភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ រោងចក្រទី ២ របស់ក្រុមហ៊ុនមីនេបៀនេះ ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន ៣៨,៥លានដុល្លារអាម៉េរិក នៅលើផ្ទៃដីទំហំ ៥០ហិកតា និងអាចបង្កើតការងារបានប្រមាណ ៨០០០កន្លែង នៅពេលប្រតិបត្តិការពេញសមត្ថភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា វត្តមានរបស់មីនេបៀក្នុងខេត្តពោធិ៍សាត់នេះ និងទាក់ទាញវិនិយោគិនកាន់តែច្រើនបន្ថែមទៀត ដែលអាចជាក្រុមហ៊ុនផ្គត់ផ្គង់ ឬជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់មីនេបៀ ឬធ្វើប្រតិបត្តិការអាជីវកម្មក្នុងឱស្សាហកម្មពាក់ព័ន្ធ។ ឯកឧត្តម បានបន្ថែមថា ជាមួយនឹងធនធានថាមពលកកើតឡើងវិញដ៏សម្បូរបែបរបស់ខេត្តពោធិ៍សាត់ ក៏ដូចជាគម្រោងរបស់មីនេបៀរក្នុងការបង្កើត Solar Farm ក្នុងខេត្តនេះ គឺជាការសម្រេចចិត្តយុទ្ធសាស្រ្តមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនសម្រេចបាននូវស្តង់ដារបរិស្ថានថ្មី ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ប្រវត្តិរូបអាជីវកម្ម ដែលមានការគិតគូរដល់បរិស្ថាន និងផ្តល់នូវតម្លៃបន្ថែមជូនអតិថិជនគោលដៅផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសមិទ្ធផលការងារលេចធ្លោមួយចំនួនដែលសម្រេចបានក្រោមការដឹកនាំតម្រង់ទិស និងចង្អុលបង្ហាញដោយចក្ខុវិស័យមុតស្រួចរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានជូចជា៖ (១)កិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ, (២)ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងអំណោយផលក្នុងការវិនិយោគដោយមាន ក.អ.ក ជាសេនាធិការច្រកចេញចូលតែមួយ, (៣)ភាពប្រាកដប្រជា និងការបង្កើនទំនុកចិត្តវិនិយោគ តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាផ្លូវការ ជាមួយសហរដ្ឋអាម៉េរិក ដែលកម្ពុជាគឺជាប្រទេសទី១ នៅក្នុងពិភពលោក, និង (៤)កំណើនចំនួនគម្រោងវិនិយោគដែលបានអនុម័តដោយ ក.អ.ក. នឹងឈានទៅបំបែកកំណត់ត្រាសារជាថ្មី ក្នុងបំណាច់ឆ្នាំ២០២៥ខាងមុខនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានយកវេទិកានេះសម្តែងនូវការវាយតម្លៃខ្ពស់បំផុត និងការអរគុណយ៉ាងជ្រាលជ្រៅទៅកាន់ ក្រុមហ៊ុន មីនេបៀ ដោយបានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការចាប់ផ្ដើមវិនិយោគនៅក្នុងប្រទេសកម្ពុជាកាលពីជាងមួយទសវត្សរ៍មុន និងការបន្តពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ គឺជាសក្ខីកម្មមួយដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។ មិនតែប៉ុណ្ណោះ ឯកឧត្ដមបានលើកសរសើរពីតួនាទីស្នូលរបស់ មីនេបៀ ក្នុងការផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋ និងជាពិសេសគឺការចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកម្ពស់ការបណ្តុះបណ្តាលមូលធនមនុស្ស ក្នុងជំនាញវិជ្ជាជីវៈពាក់ព័ន្ធ ដែលជាកត្តាដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងគុណភាព។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណ និងវាយយតម្លៃខ្ពស់ចំពោះស្ថាប័នពាក់ព័ន្ធក្នុងការជួយ សម្រួលដល់នីតិវិធីរដ្ឋបាលនានា ជាពិសេសការផ្តល់នូវកិច្ចសម្របសម្រួលគ្រប់បែបយ៉ាងដល់ការវិនិយោគ ដែលនាំទៅដល់ការបង្កើតរផងចក្រថ្មីនេះទទួលបានភាពជោគជ័យ។ ឯកឧត្តម ក៏បានធ្វើកាតលើកទឹកចិត្តបន្ថែដមល់មន្ត្រីរាជការ និងកម្មករនិយោជិតនៅក្នុងតំបន់សេដ្ឋកិច្ចនេះទាំងអស់ សូមបន្តខិតខំប្រឹងប្រែងបំពេញកិច្ចការងាររបស់ខ្លួនឱ្យបានល្អប្រសើរប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ ដើម្បីជាការរួមចំណែកឱ្យវិនិយោគកាន់តែមានភាពជោគជ័យ និងឈានដល់ការពង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។ បន្ថែមពីនោះ ឯកឧត្តមក៏បានបង្ហាញនូវសុទិដ្ឋិនិយមដែរថា ក្រុមហ៊ុន មីនេបៀ នឹងពាំនាំបទពិសោធន៍ជោគជ័យ និងវិជ្ជមាន ដែលជាគុណសម្បត្តិនៃការបោះទុនវិនិយោគនៅកម្ពុជា ទៅផ្សព្វផ្សាយបន្តក្នុងបណ្តាញធុរកិច្ចរបស់ខ្លួន ជាការទាក់ទាញក្រុមហ៊ុនជប៉ុនផ្សេងទៀត ឱ្យពិចារណាដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍