
Dongfeng-Nissan ដែលជាក្រុមហ៊ុនវិនិយោគទុនរួមគ្នាបានធ្វើការផលិតរថយន្តអគ្គិសនី Sedan ស៊េរីថ្មីម៉ូដែល Nissan N7 បានចំនួន 50,000 គ្រឿង គិតត្រឹមថ្ងៃទី 11 ខែធ្នូនេះ។ ក្រុមហ៊ុនសម្ព័ន្ធមិត្តចិន-ជប៉ុនមួយនេះ ប្រើពេលប្រមាណជា 227 ថ្ងៃ ក្នុងការសម្រេចបាននៅចំនួននៃការផលិតដ៏ច្រើនដូចនេះ។ នៅឆ្នាំក្រោយ រថយន្តអគ្គិសនី Nissan ដែលផលិតនៅ Chona នឹងដឹកជញ្ចូនឆ្ពោះទៅកាន់ទីផ្សារក្រៅប្រទេសដែលក្នុងនោះរួមទាំងអាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ាជាដើម។
Nissan N7 គឺជារថយន្តអគ្គិសនីប្រភេទ sedan ដ៏ប្រណិតមួយដែលបានចូលទីផ្សារចិនផ្លូវការណ៍នៅថ្ងៃទី 28 ខែមេសា ឆ្នាំ 2025 ដោយទទួលបានការបញ្ជាទិញចំនួន 10,000 គ្រឿង ក្នុងរយះពេល 18 ថ្ងៃបន្ទាប់ពីការដាក់លក់។ នៅថ្ងៃទី 30 ខែមិថុនា ការនាំចេញ Nissan N7 បានឈានដល់ចំនួន 10,000គ្រឿងជាលើកដំបូង។ បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន China EV DataTracker បានបង្ហាញថាក្រុមហ៊ុន Nissan បាននាំចេញ N7 ចំនួន 39,441 គ្រឿងគិតត្រឹមខែតុលា ឆ្នាំ 2025។ ហើយមកដល់ថ្ងៃទី 11 ខែធ្នូ ម្សិលមិញនេះ Dongfeng-Nissan បានប្រកាសជាផ្លូវការថា ខ្លួនបានផលិតរថយន្តអគ្គិសនីម៉ូដែល N7 បានដល់ចំនួនទី 50,000 គ្រឿងហើយ នៅរោងចក្រក្វាងចូវ ក្នុងប្រទេសចិន។

Dongfeng-Nissan បានឈានដល់ដំណាក់កាលសម្រាប់ចំនួននៃការផលិតដល់ច្រើនដូចនេះ គឺប្រើរយះពេល 7 ខែ និង 13 ថ្ងៃ។ រោងចក្រដំឡើងរថយន្ត Guangzhou (Huadu) គឺជាកន្លែងផលិតដ៏សំខាន់របស់ Dongfeng-Nissan JV ដែលមានបរិមាណផលិតប្រចាំឆ្នាំអតិបរមា 600,000 គ្រឿង។ Nissan N7 EV ថ្មី ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅក្នុងប្រទេសចិនគឺចន្លោះពី 119,900 ទោះ 149,900 យន់ ឬប្រហែល $16,970 ទៅ $21,220។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា Dongfeng-Nissan JV នឹងធ្វើការនាំចេញរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនចូលទៅកាន់ទីផ្សារប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងតំបន់ផ្សេងៗទៀតដោយចាប់ផ្តើមនៅឆ្នាំ 2026 ខាងមុខនេះ។

Nissan N7 គឺជាប្រភេទរថយន្តអគ្គិសនី mid-to-large sedan ដែលមានទំហំធំទូលាយជាមួយការឌីស្សាញរូបរាងខាងក្រៅបែបប្រណិតរាងស្លីម។ រថយន្តអគ្គិសនីស៊េរីថ្មីនេះមានបណ្តោយតួរខ្លួនប្រវែង 4,930mm/ទទឹង 1,895/ កំពស់ 1,487 ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,915mm។ Nissan N7 មានជម្រើសថាមពលពីរកម្លាំងផ្សេងគ្នា ក្នុងម៉ូដែលកម្រិតថ្នាក់មធ្យម ឬ Entry-level model បានបំពាក់មកជាមួយកញ្ចប់ថ្មប្រភេទ LFP ទំហំ 58kWh ផលិតដោយក្រុមហ៊ុន Sunwoda។ ម៉ូដែលនេះដំណើរការដោយម៉ូទ័រអគ្គិសនីមួយដំឡើងនៅលើភ្លៅខាងក្រោយមានកម្លាំង 160kW ឬស្មើរនឹង 215 សេះ ហើយការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 510km ទៅ 540km។

ចំនែកមួយម៉ូដែលទៀតបំពាក់កញ្ចប់អាគុយធំមានទំហំ 73kWh ជាប្រភេទ Sunwoda LFP battery ផ្តល់ថាមពលទៅកាន់ម៉ូដែលអគ្គិសនី e-Motor ដែលបង្កើតកម្លាំងបាន 200kW ឬ 268hp អាចជាន់ស្ទុះល្បឿនពី 0-100km/h ប្រើពេលខ្ទង់ 6.9 វិនាទី ហើយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 625 គីឡូម៉ែត្រ៕





