
មកដល់ពេលនេះ មានព័ត៌មានជាច្រើនរួចមកហើយ ដែលបានបង្ហើបពីលក្ខណៈសម្បត្តិនៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra របស់ក្រុមហ៊ុន Samsung ជាពិសេសគឺនៅលើអេក្រង់តែម្តង។ ផ្អែកតាមការលើកឡើងកន្លង បាននិយាយថា ស្មាតហ្វូននេះ អាចនឹងមានអេក្រង់ទំហំ 6.89 អ៊ីងគាំទ្រដោយអេក្រង់ M14 OLED panel ហើយនឹងមានការបង្កើននូវកម្រិតពន្លឺ Brightness ក៏ដូចជាការប្រើប្រាស់កញ្ចក់ការពារមានភាពធន់រឹងមាំជាងជំនាន់មុនផងដែរ។
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ គឺមានការបញ្ជាក់ជាថ្មីថា Galaxy S26 Ultra អាចនឹងមានការអាប់ដែតបច្ចេកវិទ្យាអេក្រង់ថ្មី ដែលហ្វេនៗទន្ទឹងរង់ចាំជាយូរមកហើយ។ ផ្អែកតាមអ្នលទម្លាយ Ice Universe ដែលជាប្រភពជឿជាក់បាននោះ បានអោយដឹងថា Galaxy S26 Ultra គឺនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ថ្មី អាចទ្រទ្រង់បានជាមួយនិងកម្រិត 10-bit display panel ដែលខ្ពស់ជាងជំនាន់មុន Galaxy S25 Ultra មានការប្រើប្រាស់ត្រឹមតែ 8-bit panel ប៉ុណ្ណោះ។ ប្រសិនបើនេះគឺជាការពិតមែននោះ អ្នកប្រើប្រាស់គឺអាចនឹងទទួលបាននូវពណ៌ច្បាស់ជាងមុន និងការបញ្ជាទៅលើអេក្រង់រអើលជាងមុន រួមនិង HDR ខ្លាំងផងដែរ។
ខណៈដែលអេក្រង់ 8-bit មានការបញ្ចេញនូវកម្រិតពណ៌បាន 16.7 លានពណ៌នោះ ទៅលើកម្រិតពណ៌ 10-bit ត្រូវបានគេរំពឹងថា នឹងមានកម្រិតពណ៌លើស 1 ពាន់លានពណ៌ជាក់ជាមិនខាន។ សូមជំរាបថា មកដល់ថ្ងនេះ ក្រុមហ៊ុនដែលគូរប្រជែងរបស់ Samsung បានធ្វើការបំពាក់នូវកម្រិត 10-bit displays នៅលើស្មាតហ្វូនរបស់ខ្លួនជាច្រើនរួចមកហើយ ដូច្នេះសម្រាប់ការបង្កើននូវកម្រិតពណ៌ថ្មីរបស់ Samsung នៅពេលនេះ គឺអាចនិយាយបានថា គឺជាការប្រជែងថ្មីមួយទៀតចំពោះវត្តមានរបស់ Galaxy S26 Ultra។

គួរបញ្ជាក់ថា នៅលើស្មាតហ្វូនជំនាន់ថ្មី ក៏ត្រូវបានគេរាយការណ៌ថា គឺនឹងមានការប្រើប្រាស់នូវមុខងារការពារសុវត្ថិភាពថ្មី ដែលមានឈ្មោះថា Privacy Display feature ផងដែរ។ Galaxy S26 Ultra អាចនឹងមានការដាក់សម្ពោធជាផ្លូវការណ៌នៅលើទីផ្សារសកលនាខែក្រោយនេះហើយ ខណៈដែលការដាក់លក់អាចធ្វើឡើងនៅចុងខែកុម្ភៈ ឬ ដើមខែមីនា។ ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 SoC រួមនិងការពង្រឹងទៅលើកាមេរ៉ា ហើយនិងបច្ចេកវិទ្យាអេក្រង់ទៀតផង។





