
Huawei នឹងមានការកែប្រែថ្មីសម្រាប់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីមួយរបស់ខ្លួន គឺ Pura X2។ ត្រឡប់ទៅខែមីនា ឆ្នាំ 2025, Huawei បានធ្វើការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ម៉ាក Pura X ដែលស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ខ្លួនដែលប្រើនូវស្ទាយបត់បែប “wide fold” ជាមួយការបំពាក់អេក្រង់បត់ប្រភេទ wide-display ខ្នាត 16:10 aspect ratio ដែលធ្វើឲ្យ Pura X មានលក្ខណៈប្រើប្រាស់ដូចនឹងកូន Tablet នៅពេលពន្លាអេក្រង់។
ដោយឡែកនេះថ្ងៃនេះ បើតាមការបង្ហោះនៅលើគណនី Weibo មួយរបស់ចិន បានបញ្ជាក់ថា Huawei ក៏បាននឹងកំពុងធ្វើការលើសង្វាក់ផលិតជំនាន់ថ្មីរបស់ Pura X ផងដែរ នោះគឺ Pura X2។ តាមរូបភាពដែលបានបង្ហោះដោយគណនី Weibo បានបង្ហាញថា Huawei Pura X2 នៅតែរក្សាការឌីស្សាញរូបរាងខាងក្រៅដូចគ្នានឹងជំនាន់ទីមួយដដែល គ្រាន់តែចំនុចដែលមានការផ្លាស់ប្តូរអាចជាទំហំអេក្រង់ខាងក្រៅ។ ប្រភពដដែលបានបញ្ជាក់ថា សម្រាប់អេក្រង់ខាងក្រៅរបស់ Pura X2 នឹងមានទំហំធំជាងជំនាន់ទីមួយ ដែលនឹងផ្តល់នូវភាពងាយស្រួលប្រើជាងមុន ហើយអាចប្រើប្រាស់ជំនូសអេក្រង់បត់ខាងក្នុងបាន។

ក្រៅតែពីបំពាក់អេក្រង់ខាងក្រៅធំជាងមុនហើយ Huawei ក៏មានការកែប្រែឌីស្សាញកញ្ចប់លែនកាមេរ៉ាក្រោយរបស់ Pura X2 ពីការដាក់បញ្ឈរមកផ្តេកវិញម្តង ហើយអាចមានការប្រើប្រាស់លែនកាមេរ៉ាបី ឬបួនគ្រាប់។ បន្ថែមពីនេះ Pura X2 ក៏នឹងមានការបង្កើនសមត្ថភាពសែនស័រកាមេរ៉ាគោលធំជាងមុនឡើងដល់ 200MP ថែមទៀតផង។ សម្រាប់កម្លាំងម៉ាស៊ីនវិញ Huawei Pura X2 នឹងបន្តប្រើឈីប Kirin Series របស់ Huawei ដូចមុន បើតាមគណនី Weibo បានបង្ហាញឈ្មោះបន្ទះឈីប Kirin ចំនួន 3 មានដូចជា Kirin 9020, Kirin 9030 និង Kirin 9030 Pro ទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ផ្លូវការណ៍ណាមួយពីបន្ទះឈីបដែលត្រូវប្រើនៅលើ Pura X2 នោះទេ។
Huawei Pura X2 នឹងបន្តប្រើអេក្រង់ខ្នាត 16:10 ratio ដូចមុនដដែល គ្រាន់តែអាចនឹងបង្កើនទំហំអេក្រង់បត់ធំជាងមុនឡើងដល់ 7.5-inch។ ចំនែកបច្ចេកវិទ្យាត្រចៀកបត់របស់ Pura X2 ទំនងជានឹងខ្ចីពីម៉ូដែល Huawei Mate X7 ដែលមានភាពធន់ក្នុងការប្រើប្រាស់ និងការកាច់បត់មានភាពរលូនល្អ។ ជាមួយគ្នានេះ Huawei ត្រូវបានគេរាយការណ៍ថា នឹងមានការបន្ថែមជម្រើសរ៉េមសម្រាប់ Pura X2 ដែលអាចមានជម្រើសពីទំហំ 12GB រហូតដល់ទំហំធំបំផុតដល់ 20GB ជាមួយអង្គផ្ទុកក្នុងម៉ាស៊ីនធំបំផុតដល់ 1TB។ Huawei Pura X2 ក៏នឹងគាំទ្រដំណើរការជាមួយប្រតិបត្តិការ Harmony OS 6.1 ផងដែរ។

នៅលើជំនាន់ Pura X គឺបំពាក់អេក្រង់បត់ខ្នាត 16:10 ratio ទំហំ 6.3-inch ជាមួយអេក្រង់ខាងក្រៅទំហំ 3.5-inch, មានកាមេរ៉ាក្រោយបីគ្រាប់, ថ្មទំហំ 4,720mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនទាំងតាមខ្សែ (Wired Charging) និងឥតខ្សែ (Wireless Charging)។ Huawei Pura X មានតម្លៃចាប់ពីខ្ទង់ $1,080 ឡើងទៅ៕





