
រថយន្ត SUV ខ្នាតធំប្រណិតពេញនិយមរបស់ Hyundai គឺ Santa Fe ត្រូវបានប្រកាសចេញនាអំឡុងឆ្នាំ 2023 ជាមួយការឌីស្សាញរូបរាងខាងក្រៅបែបប្រអបជ្រុង ឬ boxy-body design។ ដោយឡែកក្នុងពេលថ្មីៗនេះ Hyundai Santa Fe ជំនាន់ថ្មីឆ្នាំ 2027 ត្រូវបានលេចរូបរាងឡើងជាមួយការបិតបាំងតួរខ្លួនដោយក្រណាត់ គ្រាន់តែមានការបង្ហាញឲ្យឃើញនៅផ្នែកមួយចំនួនតែប៉ុណ្ណោះ។
តាមរូបភាពដែលបានទម្លាយចេញមកនេះ បានបង្ហាញឲ្យឃើញ Santa Fe 2027 នៅតែរក្សាការឌីស្សាញរូបរាងបែប boxy-body design ដូចជំនាន់ឆ្នាំ 2023 ដដែល ប៉ុន្តែ មានការផ្លាស់ផ្នែកការឌីស្សាញផ្នែកខាងមុខ ដូចជាចង្កៀង Headlight ខិតចុះមកក្រោមស្របគ្នានឹងផ្ទាំងប៉ាណាមុខ ជាមួយចង្កៀង daytime running light រចនាបែបមួយឆ្នូតបញ្ឈរចុះក្រោម។ ដូចនេះ តាមរូបភាពបានបង្ហាញឲ្យឃើញច្បាស់ថា ការឌីស្សាញចង្កៀងខាងមុខ និងខាងក្រោយរាងជាអក្សរ H នៅលើម៉ូដែលបច្ចុប្បន្ន គឺត្រូវបានផ្លាស់ប្តូរថ្មីនៅលើម៉ូដែលឆ្នាំ 2027។

ជារួមទៅផ្នែកខាងមុខរបស់ Santa Fe 2027 គឺមានការឌីស្សាញប្រហាក់ប្រហែលគ្នានឹងម៉ូដែល Hyundai Palisade ឆ្នាំ 2026 ដែរ។ ជាមួយគ្នានេះ សម្រាប់គម្របម៉ាស៊ីនរបស់ Santa Fe 2027 ឃើញថាមានការឌីស្សាញបែបស្ទាយថ្មីខុសពីម៉ូដែលបច្ចុប្បន្នផងដែរ។ ហើយសម្រាប់ការឌីស្សាញបណ្តុំភ្លើងចង្កៀងខាងក្រោយក៏ត្រូវបានរៀបចំឡើងថ្មី ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងផ្នែកខាងក្រោយរបស់ Palisade 2026។
ទោះជាយ៉ាងណាផ្នែកខាងក្នុងរបស់ Santa Fe 2027 មិនទាន់ត្រូវបានបង្ហាញឲ្យឃើញនៅឡើយទេ ប៉ុន្តែ មានការព្យាករណ៍ថា Hyundai Santa Fe 2027 នឹងមានរៀបចំតុបតែងផ្នែកតាបឡូថ្មី បំពាក់អេក្រង់ថ្មី រួមនិងការបង្ហាញនូវបច្ចេកវិទ្យាកម្សាន្តថ្មីរបស់ក្រុមហ៊ុនហៅថា “Pleos Connect” AI Enhanced infotainment system ទៀតផង។

Hyundai Santa Fe 2027 ក៏នឹងពង្រីកស្រឡាយក្នុងត្រកូលរបស់ខ្លួនផងដែរ ដោយក្នុងនោះរួមមានម៉ូដែលប្រើម៉ាស៊ីនសាំង (ICE), ម៉ាស៊ីន Hybrid, Plug-in-hybrid រួមនឹងម៉ូដែលថ្មី Extended-range EV (EREV)។ ចំពោះប្រព័ន្ធ Powertrain វិញ Santa Fe 2027 សម្រាប់ទីផ្សារអូស្ត្រាលី គឺមានជម្រើសប្រើម៉ាស៊ីនសាំង 2.5-litre turbo petrol four-cylinder កម្លាំង 206kW/422Nm និងម៉ាស៊ីន 1.6-litre turbo petrol hybrid កម្លាំង 172kW/367Nm។ សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀតរបស់ Hyundai Santa Fe 2027 រួមនឹងតម្លៃ នឹងបន្តធ្វើការចុះផ្សាយបន្តទៀត រហូតដល់ការបង្ហាញខ្លួនផ្លូវការណ៍ នៅចុងឆ្នាំ 2026 ឬក៏ដើមឆ្នាំ 2027៕





