Xiaomi ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនក្នុងការប្រកាសចេញឧបករណ៍ស៊េរីថ្មីដែលបំពាក់នូវថាមពលថ្មទំហំធំ និងបច្ចេកវិទ្យាសាកថ្មកម្រិតខ្ពស់។ បើយោងតាមការទម្លាយចេញនៅលើគណនីល្បីឈ្មោះរបស់ប្រទេសចិន គឺ Digital Chat Station បានបង្ហើបថា ឧបករណ៍ស៊េរីថ្មីរបស់ Xiaomi នឹងប្រើប្រាស់ថ្មចំនួនពីរកូន ឬ Dual-cell ដែលមានទំហំ 5,900mAh បញ្ចូលគ្នា។
ការរចនាថ្មថ្មីនេះត្រូវបាន ប្រភពនិយាយថា អាចនឹងមានថ្មទំហំសរុបដល់ 12,000mAh សម្រាប់ Single-cell ដែលផ្តល់នូវថាមពលប្រើប្រាស់បានរយះពេលយូរ។ បន្ថែមពីនេះ ឧបករណ៍ថ្មីរបស់ Xiaomi ក៏នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុតកំលាំងដល់ 120W Wired Fast Charging ថែមទៀតផង។ តាមប្រភពដដែលបានបញ្ជាក់ថា ឧបករណ៍ថ្មីដែល Xiaomi ត្រៀមបញ្ចេញនៅឆ្នាំក្រោយនេះ គឺជាកំពូល Android Tablet ដែលមានសមត្ថភាព និងលទ្ធភាពធ្វើការប្រគូតប្រជែងទីផ្សារជាមួយ Apple iPads បាន។
ដោយឡែកបើតាមប្រភពព័តមានចចាមអារាមបាននិយាយថា Xiaomi នឹងមានការប្រកាសចេញ OLED Tablet នៅក្នុងឆ្នាំ 2025 ដែល OLED Tablet ថ្មីនេះ គឺនឹងបំពាក់អេក្រង់ OLED ទំហំ 11-inch ល្បឿន 144Hz ប្រើកំពូលឈីប Snapdragon របស់ Qualcomm ជាមួយរ៉េមទំហំធំបំផុតដល់ 24GB។ ហើយសម្រាប់ការរចនារបស់ Xiaomi OLED Tablet 2025 ត្រូវបានគេដឹងថា អាចនឹងរក្សាទម្រង់ដូចគ្នានឹង Xiaomi Pad 6 Series បច្ចុប្បន្ន។
សម្រាប់ Tablet ជំនាន់ថ្មីរបស់ Xiaomi នឹងមិនស្ថិតនៅក្រោមស្លាកយីហោ Redmi ដែលជា Sub-brand របស់ខ្លួននោះទេ ហើយ OLED Tablet 2025 នឹងមានតម្លៃចាប់ពីខ្ទង់ប្រហែល $548 ឡើងទៅ។ ក្នុងពេលបច្ចុប្បន្ននេះ Xiaomi Pad 7 Pro មានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 516 មានតម្លៃខ្ទង់ប្រហែល $479 នៅទីផ្សារប្រទេសចិន។
Xiaomi Pad 7 និង Pad 7 Pro បានបង្ហាញវត្តមានដំណាលគ្នាជាមួយកំពូលស្មាតហ្វូន Xiaomi 15 Series កាលពីខែតុលា ឆ្នាំ 2024 នៅក្នុងប្រទេសចិន។ Tablet ទាំងពីរនេះបំពាក់អេក្រង់ anti-glare LCD Display កម្រិត 3K ល្បឿន 144Hz ទំហំ 11.2-inch ជាមួយមុខងារ eye protection និង paper-like texture។
Xiaomi Pad 7 ដំណើរការដោយបន្ទះឈីប Snapdragon 7+ Gen 3 SoC ខណៈម៉ូដែល Pad 7 Pro ប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 3។ Xiaomi Pad 7 Series ដំណើរការដោយប្រតិបត្តិការ HyperOS 2 គាំទ្រមុខងារ PC-level multitasking ដែលមានមុខងារ floating keyboard ជាមួយមុខងារ adjustment និង backlighting។ Xiaomi Pad 7 មានកាមេរ៉ាក្រោយទំហំ 13MP និងកាមេរ៉ាមុខ 8MP ខណៈម៉ូដែល Pad 7 Pro មានកាមេរ៉ាក្រោយទំហំ 50MP និងកាមេរ៉ាមុខទំហំ 32MP។
Tablet ជំនាន់ថ្មីទាំងពីរនេះ ប្រើបន្ទះឈីប Wi-Fi7, ប្រព័ន្ធបំពងសំឡេង Dolby Atmos និងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 45W សម្រាប់ម៉ូដែល Pad 7 និង 67W សម្រាប់ម៉ូដែល Pad 7 Pro។ Xiaomi Pad 7 Series នឹងប្រកាសចេញលក់នៅទីផ្សារប្រទេសឥណ្ឌានាពេលឆាប់ៗខាងមុខនេះផងដែរ៕