
បន្ទាប់ពីមានការងាកមកផ្តោតទៅលើការបំពាក់នូវបច្ចេកវិទ្យាថតរូបភាពដ៏អស្ចារ្យជាច្រើននៅលើស្មាតហ្វូន តាមរយៈនៃការតម្លើងនូវកាមេរ៉ាក្រោយទំហំ 200MP មួយគ្រាប់ ខ្លះមានដល់ទៅ 2 គ្រាប់នោះ នៅពេលនេះ មានការបង្ហើបថា ស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីៗ ដែលនឹងមានវត្តមាននៅពេលខាងមុខ គឺអាចនឹងប្រើប្រាស់នូវកាមេរ៉ាខាងមុខទំហំ 100MP selfie ហើយ។
យោងតាមអ្នកទម្លាយ DigitalChatStation បានបញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនពេលនេះ គឺបាននឹងកំពុងតែតេស្តទៅលើកាមេរ៉ាខាងមុខទំហំ 100MP ចំនួន 3 ហើយ។ ប្រសិនបើនេះ គឺជាការពិតនោះ និន្នាការនេះ គឺអាចនឹងក្លាយជាការផ្លាស់ប្តូរដ៏ធំនៅក្នុងពិភពបច្ចេកវិទ្យាថតរូបភាពនៅលើស្មាតហ្វូនជាក់ជាមិនខាន។ តាមអ្នកទម្លាយរូបនេះ បានបន្ថែមថា ខណៈដែលស្មាតហ្វូនថ្មីៗ នឹងមានកាមេរ៉ាគោល 200MP ហើយនិងមានឡែន Periscope នោះ សម្រាប់កាមេរ៉ាខាងមុខទំហំធំដល់ទៅ 100MP ក៏អាចនឹងមាននៅលើស្មាតហ្វូនថ្មីៗនេះដែរ។

អ្នកទម្លាយនេះ នៅមិនទាន់បានទម្លាយអំពីម៉ាកយីហោដែលនឹងប្រើប្រាស់នូវបច្ចេកវិទ្យាថតរូបភាពនេះទេ។ អ្នកលេងអ៊ីនធឺណិតជាច្រើន បាននិយាយថា ក្រុមហ៊ុន Huawei និង OPPO អាចនឹងប្រើប្រាស់នូវ Lens ថ្មីនេះ នៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួន ដែលនឹងចេញនៅ 2026 នេះហើយ។ សូមជំរាបថា ក្រុមហ៊ុន Huawei និង OPPO ក៏បានធ្វើតេស្តទៅលើសិនស័រ 1:1 square front-facing សម្រាប់ផលិតផលជាច្រើនរបស់ខ្លួនផងដែរ៕





