
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហើបថា ក្រុមហ៊ុន Infinix បានទម្លាយចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូនស៊េរីថ្មី Note 60 Pro ថែមទៀតហើយ ខណៈដែលការបែកធ្លាយកាលពីមុននេះ ធ្លាប់បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានការឌីស្សាញរូបរាងថ្មីប្លែកពីស្មាតហ្វូនជំនាន់មុននេះផងដែរ។ ផ្អែកតាមការចុះផ្សាយព័ត៌មានថ្មីៗនេះ មានការបង្ហាញថា ការឌីស្សាញម៉ូឌុល Camera Island នៅលើស្មាតហ្វូននេះ គឺមានទំហំធំជាងមុន ដែលមើលទៅស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone 17 Pro អញ្ចឹង។
មើលទៅលើព័ត៌មាន Poster ដែលចេញនាពេលថ្មីៗនេះ បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Infinix Note 60 Pro នេះ គឺមានកាមេរ៉ាខាងក្រោយ ដែលឌីស្សាញចេញមកដោយមានទម្រង់ដូច iPhone 17 Pro Max អញ្ចឹង ហើយបន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវ Matrix Display ដែលអាចធ្វើការបង្ហាញនូវម៉ោង អាកាសធាតុ សារជូនដំណឹង ការគ្រប់គ្រងតន្ត្រី និងដំណើរការនៃការសាកថ្មថែមទៀតផង។
ស្មាតហ្វូន Note 60 Pro នេះ នឹងមានពណ៌ថ្មីហៅថា Solar Orange ។ ក្រុមហ៊ុននេះ ថែមទាំងបញ្ជាក់ទៀតថា ស្មាតហ្វូនថ្នាក់កណ្តាលថ្មីនេះ នឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 7s Gen 4 5G ហើយបើមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះវិញ គឺមានទំហំ 6.78 អ៊ីង Ultra HDR display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 144Hz refresh rate។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 6,500mAh ដែលគាំទ្រដោយបច្ចេកវិទ្យាសាក 90W wired fast charging ហើយនិងមាននូវបច្ចេកវិទ្យា “Battery Self Healing Tech” ទៀតផង។

អ្វីដែលពិសេសសម្រាប់ស្មាតហ្វូននេះ គឺមានការបំពាក់នូវកាមេរ៉ាគោល 50MP Night Master រួមនិងប្រព័ន្ធសំឡេងរបស់ JBL tuned stereo speakers មានខ្នងក្រោយឌីស្សាញចេញពី Leather Textured Back Panel, 3D IceCore VC Vapor-Chamber Cooling System ហើយនិងមុខងារពិសេសជាច្រើនទៀតផង។ មកដល់ពេលនេះ ក្រុមហ៊ុននេះ នៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការសម្ពោធ និងតម្លៃរបស់ស្មាតហ្វូននេះ នៅឡើយទេ។ យ៉ាងណាមិញ យើងអាចដឹងថា ស្មាតហ្វូន Infinix Note 60 Pro នេះ អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2026 ខាងមុខនេះហើយ៕





