
តាមការចេញផ្សាយថ្មីរបស់ gizmochina បាននិយាយថា ក្រុមហ៊ុន Samsung អាចនឹងពិនិត្យឡើងវិញទៅលើការធ្វើតេស្តទៅលើកាមេរ៉ាដ៏គួរអោយចាប់អារម្មណ៍សម្រាប់ស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន។ ផ្អែកតាមការបែកធ្លាយថ្មីមួយចេញពីកូរ៉េខាងត្បូង បានអោយដឹងថា នាពេលខាងមុខនេះ ក្រុមហ៊ុន Samsung អាចនឹងងាកទៅប្រើប្រាស់នូវ Variable Aperture សម្រាប់ស្មាតហ្វូនជំនាន់ថ្មីត្រកូល Galaxy របស់់ខ្លួនវិញហើយ ដោយអាចនឹងចាប់ផ្តើមពីម៉ូឌែល Galaxy S27 series។
យោងតាមការចេញផ្សាយពីប្រព័ន្ធផ្សព្វផ្សាយ ET News នេះ បាននិយាយថា ក្រុមហ៊ុន Samsung Electro-Mechanics និង MCNEX គឺបានចាប់ផ្តើមអភិវឌ្ឍទៅលើ Variable Aperture Systems សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនហើយ។ ប្រភពជាច្រើននៅក្នុងឧស្សាហកម្មនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung មានការប្តេជ្ញាយ៉ាងមុតមាំក្នុងការនាំយកនូវមុខងារនេះត្រឡប់មកប្រើប្រាស់នៅលើស្មាតហ្វូនវិញ។

គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា Variable Aperture មិនមែនជារឿងអ្វីដែលថ្មីសម្រាប់ក្រុមហ៊ុន Samsung នោះទេ។ សូមជំរាបថា ក្រុមហ៊ុននេះ ក៏ធ្លាប់បង្ហាញនូវប្រព័ន្ធ Dual-Aperture System នៅលើស្មាតហ្វូន Samsung Galaxy S9 ម្តងរួចមកហើយ ដែលបច្ចេកវិទ្យានេះ គឺបានអនុញ្ញាតអោយកាមេរ៉ានៅលើស្មាតហ្វូននេះ អាចធ្វើការផ្លាស់ប្តូររវាង f/1.5 ទៅ f/2.4 បានផងដែរ។ គួរបញ្ជាក់ថា បើយោងតាមពាក្យចចាមអារ៉ាមមុននេះធ្លាប់បានបង្ហើបថា មុខងារនេះនឹងប្រើប្រាស់ឡើងវិញនៅលើស្មាតហ្វូន Galaxy S26 series ផងដែរ ប៉ុន្តែអ្វីៗ គឺមិនបានកើតឡើងនោះទេ។ ដូច្នេះ ប្រសិនបើនេះជាការពិតនោះ សម្រាប់ស្មាតហ្វូន Galaxy S27 ដែលនឹងបង្ហាញខ្លួននៅដើមឆ្នាំ 2027 ខាងមុខនេះ អាចនឹងប្រើប្រាស់នូវមុខងារ variable aperture ហើយ។

ក្រឡេកមកមើលក្រុមហ៊ុន Apple វិញ ត្រូវបានគេនិយាយថា ក៏អាចនឹងប្រើប្រាស់នូវ variable aperture នៅលើស្មាតហ្វូនiPhone 18 series ដែលនឹងចេញនៅក្នុងឆ្នាំ 2026 នេះផងដែរ ប៉ុន្តែមិនទាំងអស់នោះទេ គឺប្រហែលជាប្រើប្រាស់នៅលើស្មាតហ្វូនម៉ួឌែល Pro ប៉ុណ្ណោះ។ ផ្អែកតាមព័ត៌មាននេះ ប្រសិនបើក្រុមហ៊ុន Samsung ប្រើប្រាស់បច្ចេកវិទ្យានេះឡើងវិញពិតមែននោះ បច្ចេកវិទ្យា variable aperture នេះ នឹងអាចជួយអោយស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung ទាក់ទាញចំណាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ដែលចូលចិត្តការថតរូបភាពជាក់ជាមិនខាន៕





