
ក្រុមហ៊ុន Xiaomi បានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមថ្មីៗនេះ ពីលទ្ធផលក្នុងនាំចេញរថយន្តរបស់ខ្លួន។ បើតាមទិន្នន័យនៃការនាំចេញរថយន្តសរុបរបស់ Xiaomi គិតចាប់ពីពេលនាំចេញលើកដំបូងក្នុងខែមេសា ឆ្នាំ 2024 មកទល់នឹងពេលនេះ ដែលមានរយះពេល 22 ខែ គឺមានចំនួនសរុប 600,000 គ្រឿង។ Xiaomi ត្រូវបានគេកត់សំគាល់ថា ជាក្រុមហ៊ុនផលិតរថយន្តដំណើរការដោយប្រើថាមពលថ្មី (New Energy Vehicle) វ័យក្មេងក្នុងប្រទេសចិន ដែលមានទីផ្សារល្អខ្លាំង មិនចាញ់ក្រុមហ៊ុនផលិតរថយន្តចាស់វស្សាម៉ាកល្បីៗរួមស្រុក និងក្រៅស្រុកនោះឡើយ។
ក្នុងខែមករា ឆ្នាំ 2026 កន្លងទៅថ្មីៗនេះ Xiaomi បាននាំចេញរថយន្តសរុបបានចំនួន 39,002 គ្រឿងជាមួយម៉ូដែល YU7 ដែលមានចំនួនប្រមាណ 97% នៃចំនួននាំចេញសរុប។ YU7 បានក្លាយជាឡាន SUV អគ្គិសនីដែលលក់ដាច់បំផុតនៅតាមបណ្តាហាងលក់រាយក្នុងប្រទេសចិនក្នុងខែមករា ឆ្នាំ 2026។

នៅក្នុងឆ្នាំ 2025 ក្រុមហ៊ុន Xiaomi បានដាក់គោលដៅក្នុងការនាំចេញរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 410,000 គ្រឿង ហើយក៏ទទួលបានជោគជ័យជាមួយចំនួនក្នុងការនាំចេញបានលើសពីចំនួនគោលដៅដែលបានកំនត់ទៀតផង។ នៅខែធ្នូ ឆ្នាំ 2025, Xiaomi បាននាំចេញរថយន្តសរុបបានចំនួន 50,000 គ្រឿង ដែលជាខែនាំចេញបានចំនួនច្រើនបំផុតរបស់ក្រុមហ៊ុនចាប់តាំងពីការចូលប្រឡូកក្នុងទីផ្សារយានយន្តអគ្គិសនី។
Xiaomi YU7 គឺជារថយន្ត mid-size electric SUV ដំបូងរបស់ក្រុមហ៊ុនដែលប្រកាសចេញកាលពីពាក់កណ្តាលឆ្នាំ 2025 ហើយបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការបង្កើនការនាំចេញឡានអគ្គិសនីរបស់ Xiaomi។ ក្នុងរយះពេល 6 ខែ YU7 មានការនាំចេញសរុបបានចំនួនដល់ជាង 150,000 គ្រឿង។

លោក Lei Jun ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Xiaomi បានធ្វើការកំនត់គោលដៅក្នុងការនាំចេញឡានអគ្គិសនីរបស់ខ្លួនឲ្យបានចំនួន 550,000 គ្រឿង ខ្ពស់ជាងឆ្នាំ 2025 ប្រមាណ 34%។ ជាមួយគ្នានេះ Xiaomi ក៏មានគម្រោងក្នុងការពង្រីកទីផ្សារឡានអគ្គិសនីរបស់ខ្លួនចូលទៅកាន់ទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2027 ហើយការនាំចេញត្រូវបានគេដឹងថាអាចនឹងធ្វើឡើងនៅឆ្នាំ 2026 និងប្រកាសចេញលក់នៅឆ្នាំ 2027៕




