
យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Huawe បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Mate 80 Pro នៅលើទីផ្សារសកលនាពេលឆាប់ៗនេះហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ទើបតែមានការប្រកាសបង្ហាញនូវស្មាតហ្វូនប្រណិតនេះ នៅក្នុងប្រទេសចិន កាលពី 2 ខែមុនប៉ុណ្ណោះ។ នៅពេលនេះ មានរបាយការណ៌ថា ស្មាតហ្វូននេះ ក៏បង្ហាញខ្លួននៅទីផ្សារសកលផងដែរ។ ក្រុមហ៊ុន Huawei បញ្ជាក់ថា ខ្លួននឹងមានការបង្ហាញនូវស្មាតហ្វូនត្រកូល Mate Series ជំនាន់ចុងក្រោយបំផុតរបស់ខ្លួននេះ នៅថ្ងៃទី 26 ខែកុម្ភៈឆ្នាំ 2026 នេះហើយ។
តាមការគ្រោងទុក ក្រុមហ៊ុន Huawei នឹងប្រកាសជាផ្លូវការនូវស្មាតហ្វូនេះ នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញ។ នៅក្នុងព្រឹត្តិការណ៍សម្ពោធនេះ ក្រុមហ៊ុនHuawei ក៏នឹងមានប្រកាសចេញនូវកាសស្តាប់ TWS earbuds និងស្មាតវ៉ចចុងក្រោយបំផុតរបស់ខ្លួនថែមទៀតផង។ គួររំលឹកផងដែរថា ស្មាតហ្វូន Huawei Mate 80 Pro បានបង្ហាញខ្លួនលើកដំបូងបំផុតនៅក្នុងប្រទេសចិនកាលពីខែវិច្ឆិកាឆ្នាំ 2025 នេះ ហើយការប្រកាសសម្រាប់ទីផ្សារសកល គឺជាការបោះជំហានថ្មីសម្រាប់ទីផ្សារស្មាតហ្វូន Huawei Flagship ថ្មីនេះ។

ព្រឹត្តិការណ៍សន្និសីទសកលនេះ គឺមានឈ្មោះហៅថា “Global Innovative Product Launch” ដែលក្រុមហ៊ុននេះ នឹងប្រកាសបង្ហាញនូវស្មាតហ្វូន Mate 80 Pro, FreeBuds Pro 5 TWS និងស្មាតវ៉ច Watch GT Runner។ ផ្អែកទៅលើការទម្លាយព័ត៌មានមុននេះ ស្មាតហ្វូន Mate 80 Pro នេះ មានការឌីស្សាញទម្រង់ Dual Space Ring ជាមួយនឹងកាមេរ៉ាមូលធំនៅខាងក្រោយដ៏ទាក់ទាញផងដែរ។

នៅក្នុងរូបភាព Poster ថ្មីរបស់ក្រុមហ៊ុន Huawei នេះ ក៏មានការបង្ហាញថា ស្មាតហ្វូនថ្មីនេះ មានពណ៌ Dawn Gold និង Aurora Blue ជាមួយនឹងអេក្រង់ដែលមានគែម Bezels ស្តើងមែនទែន។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ នឹងមានទំហំ 6.75 អ៊ីង LTPO AMOLED panel ជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution និងមានល្បឿន 1Hz–120Hz Dynamic Refresh Rate។ លក្ខណៈពិសេសមួយទៀតរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ា 3 គ្រាប់ ដែលមានការគាំទ្រដោយ XMAGE imaging algorithm៕




