
តាមការបែកធ្លាយថ្មីនៅថ្ងៃនេះ បានបង្ហើបថា ស្មាតហ្វូនស៊េរីថ្មី Xiaomi 17 និង Xiaomi 17 Ultra ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកាសចេញនៅលើទីផ្សារសកល ហើយនៅក្នុងការបែកធ្លាយមួយក្នុងចំណោមការបែកធ្លាយជាច្រើនខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូនលំដាប់ Flagship ទាំងនេះ អាចនឹងមានតម្លៃខ្ពស់ជាងមុន។
គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ ធ្លាប់ត្រូវបានគេរាយការណ៌ថា នឹងការបង្ហាញចេញស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 និង Xiaomi 17 Ultra នៅលើទីផ្សារសកល នៅមុនព្រឹត្តិការណ៍សម្ភោធន៍ MWC 2026 ហើយក៏មានការបញ្ជាក់ដូចគ្នាដែរថា ស្មាតហ្វូនថ្មីនេះ នឹងមានតម្លៃខ្ពស់ជាងមុនផងដែរ។

តាមរយៈនៃការបែកធ្លាយថ្មីនេះ ក៏បាននិយាយពីតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 នៅលើទីផ្សារទ្វីបអ៊ឺរ៉ុបដូចគ្នាដោយទំហំ12GB+512GB គឺមានតម្លៃ 999 យូរ៉ូ។ ទន្ទឹមនឹងនេះសម្រាប់ស្មាតហ្វូនម៉ូដែល Xiaomi 17 Ultra ដែលមានទំហំ 12GB + 512GB អាចនឹងមានតម្លៃចាប់ពី 1499 យូរ៉ូ។ ប្រភពខាងលើនេះមិនមានការបញ្ជាក់នូវព័ត៌មានផ្សេងនោះទេ ខណៈដែលព័ត៌មានលម្អិតរបស់ស្មាតហ្វូនថ្មីនេះ គឺនឹងមានប្រកាសជាផ្លូវការនៅក្នុងព្រឹត្តិការណ៍នៃការសម្ពោធខាងមុខនេះហើយ។ តាមបញ្ជីខាងលើនេះ បង្ហាញថា តម្លៃជាក់ស្តែងរបស់ស្មាតហ្វូននេះគឺ 973 យូរ៉ូ និង 1327 យូរ៉ូ។

គួរបញ្ជាក់ថា ប្រសិនបើធ្វើការប្រៀបធៀបរវាងស្មាតហ្វូន Xiaomi 15 និង Ultra ដែលចេញលក់នៅលើទីផ្សារសកលកាលពីពេលមុននេះ គឺមានតម្លៃដូចគ្នាសម្រាប់ទីផ្សារនៅអ៊ឺរ៉ុប។ សម្រាប់ទីផ្សាររបស់ប្រទេសឥណ្ឌាវិញ ស្មាតហ្វូន Xiaomi 17 មានតម្លៃ 80,000 INR ខណៈពេលដែលស្មាតហ្វូន Xiaomi 17 Ultra អាចនឹងមានតម្លៃ 1,25,000 INR (តម្លៃនេះ គឺខ្ពស់ជាងស្មាតហ្វូន Xiaomi 15)៕




