នៅទីបំផុតរថយន្តអគ្គិសនីសុទ្ធប្រភេទស័្ពរ (Pure Electric Sport Vehicle)ដំបូងរបស់ BYD បានបង្ហាញវត្តមានជាផ្លូវការណ៍ហើយនៅក្នុងប្រទេសចិន ដោយមានតែមួយជម្រើសប៉ុណ្ណោះ ហើយមានតម្លៃខ្ទង់ 1.68 លានយន់ ឬប្រហែលខ្ទង់ 236,000 ដុល្លារអាមេរិក។ រថយន្តអគ្គិសនីស៊េរីថ្មីនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD គឺ YangWang ហើយមានឈ្មោះផ្លូវការណ៍ថា YangWang U9។
BYD YangWang U9 ត្រូវបានផលិតឡើងដោយប្រើប្រាស់ទម្រង់គ្រោងឆ្អឹងប្រភេទ e4-Platform និងបំពាក់នូវប្រព័ន្ធ Disus X Suspension System របស់ BYD ដែលប្រព័ន្ធនេះ អាចធ្វើឲ្យ YangWang U9 អាចបើកបរដោយប្រើប្រាស់កង់តែបីបាន ហើយអាចឲ្យរថយន្តនេះលោត ឬក៏រាំបានថែមទៀតផង។ BYD YangWang U9 បានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 4 (Four Electric Motors) ដោយម៉ូទ័រទាំងបួនរបស់រថយន្តនេះអាចផលិតថាមពលបាន 960kW ឬស្មើរនឹង 1,287hp និងមានកំលាំងរមូល 1,680Nm។
YangWang U9 មកពីពាក្យថា YangWang Ultimate 9 (U=Ultimate) នេះបើតាមការបញ្ជាក់ពី BYD។ រថយន្តអគ្គិសនីស្ព័រដ៏ទំនើបស៊េរីថ្មីនេះដំណើរការដោយប្រព័ន្ធ All-wheel-drive ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចំនាយពេលត្រឹមតែ 2.36 វិនាទីប៉ុណ្ណោះ និងសម្រាប់ល្បឿន Drag race គឺអាចធ្វើបានពី 0 ទៅ 400m ចាយពេលខ្ទង់ 9.78 នេះបើតាមការបញ្ជាក់ពី BYD។ សម្រាប់ប្រព័ន្ធម៉ូទ័រអគ្គិសនីវិញ គឺមានកម្រិតល្បឿនបង្វិលបានដល់ 21,000rpm។ BYD YangWang U9 បានប្រើប្រាស់នូវកញ្ចប់អាគុយប្រភេទ LFP របស់ BYD ផ្ទាល់ ដែលខុសពីកំពូលរថយន្តអគ្គិសនីដទៃ ដែលប្រើប្រាស់កញ្ចប់អាគុយ NCM Chemistry។
បន្ថែមពីនេះ BYD YangWang U9 អាចជាន់ល្បឿនលឿនបំផុត Top-Speed បានដល់ 309.19km/h។ ហើយបើតាមការធ្វើតេស្តរថយន្តពីស្ថាប័នល្បីឈ្មោះរបស់ប្រទេសចិន Shanghai International Circuit ដោយបានបញ្ជាក់ពីការធ្វើតេស្តដោយប្រើពេលប្រមាណ 2នាទី 17 វិនាទី និង 65មីលីវិនាទី។ YangWang U9 មានប្រវែង 4,966mm, ទទឹង 2,029mm, កម្ពស់ 1,295 និងគម្លាតពីកង់មុខទៅកង់ក្រោយ 2,900mm។ រថយន្តអគ្គិសនីស្ព័រនេះប្រើប្រាស់កញ្ចប់អាគុយអគ្គិសនីប្រភេទ LFP ទំហំ 80kWh ដែលការសាកមួយពេញម្តងអាចបើកបានចំងាយផ្លូវ 465km នេះបើតាមការបញ្ជាក់ពីស្ថាប័ន CLTC។ សម្រាប់ការសាកភ្លើងវិញ គឺអាចគាំទ្របានដល់ 500kW។ YangWang U9 មានទំងន់ 2,475kg និងកញ្ចប់អាគុយមានទំងន់ 633kg។
YangWang U9 របស់ BYD គាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 800V ដែលមានសមត្ថភាពសាកបំពេញថាមពលថ្មពីចំនុច 30% ទៅ 80% ប្រើពេលខ្ទង់ 10 នាទីតែប៉ុណ្ណោះ។ ហើយអ្វីដែលពីសេសរថយន្តនេះ គាំទ្រមុខងារ Dual-charging ដែលអាចសាកភ្លើងតាមរយះរន្ធទាំងពីររបស់វាក្នុងពេលដំណាលគ្នាតែម្តង។ សម្រាប់ប្រព័ន្ធបើកបរវិញ BYD YangWang U9 មិនមានប្រព័ន្ធ LiDAR Sensor នោះទេ ប៉ុន្តែ ក្រុមហ៊ុនបានបំពាក់នូវបច្ចេកវិទ្យា DiPilot ADAS (advanced driver-assistance system) ជំនូសវិញ ដែលប្រព័ន្ធនេះប្រើសម្រាប់ជំនួយដល់ការចូលចតស្វ័យប្រវត្តិ។ នៅលើកន្ទុយក្រោយបានបំពាក់នូវប្រព័ន្ធ Spoiler ដែលអាចជួយសង្កត់ទំងន់រក្សាលំនឹងរថយន្តបានដល់ 280kg ផងដែរ។ រថយន្ត Sport EV នេះ ប្រើប្រាស់ទំហំកង់ 21-inch ជាភ្ជាប់ដោយសំបកកង់ប្រភេទ Pirelli P-Zero tires។
ចំនែកផ្នែកខាងក្នុងត្រូវបានរចនាឡើងបែបសាមញ្ញបន្តិច ដោយក្នុងនោះមាននូវចង្កូតរចនាបែប D-Shaped មិនមានប៊ូតុងចុចបញ្ជាមុខងារដូចរថយន្តទំនើបផ្សេងឡើយ។ ជាមួយគ្នានេះ ឃើញមានអេក្រង់ចំនួនបី ដោយពីរមានទំហំ 10.25-inch ដូចគ្នា ដែលមួយស្ថិតនៅខាងក្រោយចង្កូត និងមួយទៀតស្ថិតនៅខាងមុខកៅអីអ្នករួមដំណើរ និងមួយទៀតជាអេក្រង់បញ្ឈរនៅកណ្តាលមានទំហំ 12.3-inch ដែលមានការរចនាបែបបុរាណបន្តិចជាមួយគែមជុំវិញក្រាស់។ BYD YangWang U9 គាំទ្រនូវការតភ្ជាប់ជាមួយប្រព័ន្ធCockpit system ដែលហៅថា DiLink ដែលដំណើរការដោយប្រព័ន្ធ 5G គាំទ្របន្ទះឈីបខ្នាត 4nm ដែលអភិវឌ្ឍន៍រួមគ្នាដោយ BYD និង Qualcomm។
មិនទាន់មានការបញ្ជាក់ពីការចេញលក់សម្រាប់រថយន្ត YangWang U9 ពី BYD-YangWang នៅឡើយទេ ប៉ុន្តែ បើតាមការព្យាករណ៍រថយន្តអគ្គិសនី Sport Electric ដំបូងរបស់ក្រុមហ៊ុនចិននេះ អាចនឹងនាំចេញនៅពាក់កណ្តាលឆ្នាំ 2024 នេះ ដោយសារតែ BYD បានបើកទទួលការបញ្ជាទិញមុនចាប់ពីថ្ងៃប្រកាសចេញនេះទៅហើយ។ BYD ត្រូវបានគេដឹងថា នឹងផ្តល់ការធានាលើការប្រើប្រាស់ និងលំហែទាំ YangWang U9 រយះពេល 6 ឆ្នាំ ឬ 150,000km។ YangWang U9 នឹងក្លាយជាដៃគូប្រជែងទីផ្សារជាមួយ Geely Lotus Emeya, GAC Aion Hyper SSR ដែលមានកំលាំង 1,224hp ហើយក៏សាកសមសម្រាប់ការប្រកូតប្រជែងជាមួយ Hyper Sport Car របស់ Ferrari ឬ Lamborghini ផងដែរ៕