ក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះរបស់ប្រទេសបារាំង Peugeot បានប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មី All-New E-3008។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ គឺជាជំនាន់ទីបីក្នុងគ្រួសារ Peugeot-3008 ដែលមានសមត្ថភាពអាចបើកបរបានក្នុងរយះចំងាយផ្លូវ 435 ម៉ាយល៍ ឬប្រហែល 700 គីឡូម៉ែត្រ។
All-New Peugeot E-3008 ត្រូវបានក្រុមហ៊ុនធ្វើការបង្កើននូវសមត្ថភាព និងការរចនាផ្នែកខាងក្នុងកាន់តែមានប្រណិតភាពជាងជំនាន់មុនរបស់វា។ រថយន្តអគ្គីសនីស៊េរីថ្មីនេះត្រូវបានរចនាឡើងជាប្រភេទ “fastback SUV” ដែលជាការឌីស្សាញលាយបញ្ចូលគ្នារវាង Sport Car និង SUV Car ដែលធ្វើឲ្យរថយន្តមើលទៅកាន់តែមានភាពប្រណិត និងរាងកាចជាងមុន។ Peugeot E-3008 មានប្រវែងតួខ្លួន 4.45m, ទទឹង 1.8m និងកម្ពស់ 1.64m។
រថយន្តស៊េរីថ្មីនេះប្រើប្រាស់គ្រោងឆ្អឹងតួរថយន្តជាប្រភេទ STLA Medium platform ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Stellantis ដែលជាក្រុមហ៊ុន Sub-Brand របស់ Peugeot។ សម្រាប់រថយន្ត EV ស៊េរីថ្មីនេះ Peugeot ផ្តល់នូវជម្រើសចំនួនពីរម៉ូដែលផ្សេងគ្នា គឺ Allure និង GT ជាមួយជម្រើសបី Options និងបីកម្រិតថាមពល(3-electric powertrain options)។
ក្នុងនោះជម្រើសទីមួយមានបំពាក់នូវអាគុយអគ្គីសនីប្រភេទ nickel-manganese-cobalt (NMC) 400V មានថាមពល 73kWh battery pack និងប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួនមួយនៅផ្នែកកងខាងមុខ ឬfront-mountedelectric motor ដែលអាចផលិតថាមពលបាន 157kW ជាមួយកំលាំងរមូល 343Nm និងបង្កើនកំលាំងបាន 210Hp និងអាចបើកបរបានចំងាយផ្លូវជាង 524km នៅពេលសាកថ្មអាគុយពេញម្តង។ ជម្រើសទីពីរមានថាមពលអាគុយ និងម៉ូទ័រអគ្គិសនីដូចគ្នាដែរ គ្រាន់តែវា ប្រើប្រាស់ម៉ូទ័រអគ្គិសនីពីរ (Dual motor) ដោយម៉ូទ័រខាងក្រោយរបស់ម៉ូដែលនេះអាចផលិតថាមពលបាន 83kW ជាមួយកំលាំងរមូល 166Nm និងផលិតបានកំលាំងថាមពលសរុបដល់ 240kW និងអាចបង្កើតកំលាំងបាន 230Hp ប៉ុន្តែអាចបើកបរបានចំងាយផ្លូវជាង 524km ដូចគ្នានឹងជម្រើសប្រើ Single-motor ដែរ។
ចំពោះជម្រើសម៉ូដែល Peugeot E-3008 ចុងក្រោយនេះ បានបំពាក់នូវ Battery packed ទំហំ 98kWh និងមានសមត្ថភាពអាចបើកបរបានចំងាយដល់ 700km។ ម៉ូដែលនេះប្រើប្រាស់ Dual-motor ជាមួយប្រព័ន្ធបង្វិលកង់ទាំងបួន 4WD ដែលមានកំលាំងដល់ 320Hp ហើយការសាកថាមពលថ្មពី 20% ទៅ 80% ចាយពេលត្រឹម 30 នាទីប៉ុណ្ណោះ។
ទាំងបីជម្រើសម៉ូដែល All-New Peugeot E-3008 គឺគាំទ្រការសាកភ្លើងតាមរយះប្រព័ន្ធចរន្ត AC និង DC ទ្រទ្រង់កំលាំងពី 11kW និង 22kW ដែលកន្លែងសាកថ្មស្ថិតនៅផ្នែកខាងលើនៃកង់ខាងក្រោយនៃចំហៀងខាងឆ្វេង។ បន្ថែមពីនេះ វាក៏ទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំងដល់ 160kW DC Charging ថែមទៀតផង ដែលសាកថ្មមួយពេញប្រើប្រាស់ប្រមាណជា 60 នាទី។
ផ្នែកខាងក្នុងរបស់ All-New Peugeot E-3008 មានបំពាក់នូវអេក្រង់កោងទំហំ 21-inch i-Cockpit Curved Display ដែលស្ថិតនៅលើ dashboard ខាងក្រោយដៃចង្កូត ដែលអេក្រង់នេះដើរតួរនាទីជាអេក្រង់កម្សាន្តផង និងជាអេក្រង់ផ្តល់ព័ត៌មានរបស់រថយន្តផង។ ព្រមទាំងមានអេក្រង់ថាច់តូចមួយនៅចំកណ្តាលសម្រាប់បញ្ជាបន្ថែមនៅលើមុខងារមួយចំនួនដូចជាម៉ាស៊ីនត្រជាក់ជាដើម។ All-New Peugeot E-3008 នឹងមានដាក់លក់ជាផ្លូវការណ៍នៅក្នុងទីផ្សារប្រទេសបារាំងនៅចុងឆ្នាំ 2023 នេះ។ ជាមួយជម្រើស 6 ពណ៌ ក្នុងនោះរួមមានពណ៌ខ្មៅ Pearl Black និងប្រផេះ Titanium Gray។ ដោយឡែកសម្រាប់តម្លៃវិញ Peugeot មិនទាន់ប្រកាសប្រាប់ឲ្យដឹងនៅឡើយទេ៕