ក្រុមហ៊ុនផលិតរថយន្ត Geely បានប្រកាសចេញលក់រថយន្តប្រភេទ Plug-in Hybrid Sedan ស៊េរីថ្មីម៉ូដែល Geely Galaxy L6 PHEV នៅទីផ្សារប្រទេសចិន។ រថយន្តអគ្គិសនីកូនកាត់មួយនេះមានថាមពលអាចបើកបរបានរយះចំងាយផ្លូវដល់ទៅ 1,370 គីឡូម៉ែត្រ និងមានជម្រើសរហូតដល់ទៅ 5 ស៊េរីផ្សេងគ្នា ជាមួយជម្រើសតម្លៃចាប់ពីខ្ទង់ $15,900 ទៅដល់ $20,600។ Geely Galaxy L6 PHEV នេះ គឺជាម៉ូដែលទីពីរក្នុងត្រកូល Galaxy L-Series បន្ទាប់ពីម៉ូដែល Galaxy L7 SUV។ Galaxy L6 PHEV មានជម្រើសពណ៌ចំនួន 5 សម្រាប់អតិថិជនធ្វើការជ្រើសរើសតាមការស្រឡាញ់។
ផ្នែកខាងមុខរបស់ Galaxy L6 PHEV Sedan មានការឌីស្សាញឡើងតាមរចនាបថ Galaxy Light Design ដែលរាប់បញ្ចូលនូវ split headlights, a closed front face design, និង through-type taillights។ រថយន្តអគ្គិសនីកូនកាត់ថ្មីនេះត្រូវបានផលិតឡើងដោយឈរលើគ្រោងឆ្អឹង e-CMA architecture ជាមួយការពាសស្រោបតួរខ្លួនដោយលោហៈធាតុ high-strength steel chassis។ រថយន្តស៊េរីថ្មីនេះមានជម្រើសយ៉ាន់កង់ទំហំ 16-inch និង 17-inch ជាមួយប្រវែងតួរខ្លួន 2,752mm ដែលសមរម្យសម្រាប់មនុស្សបាន 5 នាក់។
នៅផ្នែកខាងក្នុងរបស់ Geely Galaxy L6 PHEV Sedan នេះ បានបំពាក់នូងកៅអ៊ីស្បែកដែលមានគុណភាពខ្ពស់ មានអេក្រង់ Digital-LCD ទំហំ 10.25-inch នៅខាងក្រោយចង្កូតសម្រាប់បង្ហាញព័ត៌មាន និងមុខងាររមួយចំនួនរបស់រថយន្ត ខណៈនៅកណ្តាលមានដំឡើងមកជាមួយអេក្រង់កម្សាន្តដែលមានទំហំ 13.2-inch អាចកាច់បង្វិលបាន និងមានប៊ូតុងនៅលើដៃចង្កូតសម្រាប់បញ្ជាមុខងារមួយចំនួនផងដែរ។
Galaxy L6 PHEV បានបំពាក់ប្រព័ន្ធខួរក្បាល Qualcomm Snapdragon 8155 SoC គាំទ្រដោយប្រតិបត្តិការ Geely N OS ដែលគាំទ្រជាមួយប្រព័ន្ធបញ្ជាដោយសំឡេងឆ្លាតវៃ AI voice recognition និង interaction។ ហើយសម្រាប់ម៉ូដែល Galaxy L6 កំពូលមានគាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ level 2 advanced driving assistance រួមនឹងប្រព័ន្ធ Geely NordThor Hybrid 8848 system ថែមទៀតផង។
មកផ្នែកកំលាំងវិញ Geely Galaxy L6 PHEV បានបំពាក់មកជាមួយម៉ាស៊ីនកំលាំងចំនុះ 1.5T engine ជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីជំនួយមួយ និងកាំទ្រប្រព័ន្ធ 3-Speed System។ ប្រព័ន្ធម៉ាស៊ីននេះអាចផលិតថាមពលបានដល់ 120kWh និងកំលាំងរមូល 255Nm ចំនែកម៉ូទ័រអគ្គិសនីវិញអាចផលិតថាមពលបាន 107kWh ដែលបូកបញ្ចូលគ្នាទាំងកំលាំងម៉ាស៊ីន និងកំលាំងម៉ូទ័រអាចផ្តល់នូវកំលាំងរមូលដល់ 338Nm ដែលផ្តល់នូវសន្ទុះល្បឿនជាន់ពី 0 ទៅ 100km ប្រើពេលប្រមាណ 6.5 វិនាទី។ ជាមួយគ្នានេះ Geely Galaxy L6 PHEV ក៏មានផ្តល់នូវជម្រើសនៃការបំពាក់អាគុយអគ្គិសនីចំនួនពីរផ្សេងគ្នាផងដែរ ដោយមួយអាចបើកបានចំងាយផ្លូវ 60km និងមួយទៀតអាចបើកបាន 120km (ប្រើអាគុយសុទ្ធ) ដែលសរុបទៅ Geely Galaxy L6 អាចផ្តល់ឲ្យការបើកបរបានចំងាយផ្លូវពី 1,320km និង 1,370km។
រថយន្តនេះ ក៏គាំទ្រការសាកភ្លើងល្បឿនលឿនតាមរយះ DC Fast Charging ថែមទៀតផង ដែលអាចសាកពីភ្លើងពី 30% ទៅ 80% ចាយពេលប្រមាណតែ 30 នាទីប៉ុណ្ណោះ។ Geely បានទទួលការបញ្ជាទិញជាមុនចំនួន 20 ម៉ឺនគ្រឿងរួចហើយសម្រាប់ម៉ូដែល Galaxy L6 ចាប់តាំងពីរថយន្តនេះត្រូវបានដាក់តាំងបង្ហាញកាលពីខែមុននៅឯព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Chengdu Auto Show៕