នៅថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្ត Mazda របស់ជប៉ុន បានចេញមកបញ្ជាក់ជាផ្លូវការណ៌ថា រថយន្តអគ្គិសនីស៊េរីថ្មី Mazda EZ-6 Sports Edition ដែលជាម៉ូដែលពិសេសរបស់ខ្លួន នឹងមានការបង្ហាញវត្តមាននៅក្នុងព្រឹត្តិ ការណ៍ពិពណ៌រថយន្ត Chongqing Auto Show 2025 នាថ្ងៃទី 7 ខែមិថុនាខាងមុខនេះហើយ។ សម្រាប់ម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺមានការឌីស្សាញបន្ថែមទៅលើម៉ូដែលស្តង់ដារ EZ-6 ដែលបានធ្វើការប្រកាសចេញលក់នៅលើទីផ្សារកាលពីខែតុលាឆ្នាំ 2024 កន្លងទៅ។ រថយន្តថ្មីនេះ គឺមានអាប់ដែតបន្ថែមបែប sport ដោយមានការពង្រីកទៅលើទំហំនៃកម្លាំងថាមពលទៀតផង។សម្រាប់តម្លៃរថយន្តនេះ ក៏នឹងមានការប្រកាសអោយដឹងថា នៅក្នុងព្រឹត្តិការណ៌នោះដែរ។
សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន Mazda បានធ្វើការប្រកាសចេញរថយន្តម៉ូដែលថ្មី EZ-6 Sport Edition ដែលជាសមត្ថផលរួមគ្នាជាមួយក្រុមហ៊ុនChangan ដោយរថយន្តម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនធំៗទាំង 2 ធ្វើការឌីស្សាញរូបរាងឡើងប្រណិតបែបស្ព័រនៅលើគ្រោងឆ្អឹង EPA architecture អភិវឌ្ឍន៍ដោយក្រុមហ៊ុន Changan។ រថយន្តនេះមានតួរខ្លួនប្រវែង 4,921mm/ ទទឹង 1,890mm/ កំពស់ 1,485mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,895mm។
ផ្នែកខាងមុខរបស់ Mazda EZ-6 Sport Edition មានការឌីស្សាញដូចគ្នានឹងគ្រួសារ EZ-6 ដែរ គ្រាន់តែម៉ូដែល Sport Edition នេះ មានរំលេចជាមួយពណ៌ខ្មៅលើផ្នែកមួយចំនួន និងហ្រ្វាំងពណ៌ក្រហម red brake calliper។ នៅផ្នែកខាងក្នុងត្រូវបានបំពាក់ជាមួយកៅអីពណ៌ខ្មៅដេររំលេចជាមួយអំបោះឆៅពណ៌ក្រហម និងជាប្រភេទកៅអីស្បែក Alcantara seat upholstery។ ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិរបស់ឡាន Mazda EZ-6 Sport Edition ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេ ប៉ុន្តែ មានការសន្និដ្ឋានថា ម៉ូដែល Sport Edition អាចនឹងមានសមត្ថភាពដូចគ្នានឹងម៉ូដែល EZ-6 បច្ចុប្បន្ននេះដែរ។
បច្ចុប្បន្ននេះ រថយន្តថ្មីនេះ គឺមានកំលាំងពីរជម្រើសផ្សេងគ្នា ដោយជម្រើសទីមួយជាប្រភេទ range-extended (EREV) ដែលបំពាក់មកជាមួយម៉ាស៊ីនសាំងចំណុះ 1.5-liter និងមានម៉ូទ័រអគ្គិសនីមួយកំលាំង 160kW ហើយអាចជិះបានចម្ងាយផ្លូវដល់ 1,301km នៅពេលសាកភ្លើង និងចាក់សាំងមួយពេញម្តង។ ហើយសម្រាប់កម្រិតស៊ីសាំងវិញ គឺ 3.6L/100km។
ជម្រើសទីពីរជាប្រភេទប្រើអគ្គិសនីសុទ្ធ (BEV) ដែលមានបំពាក់នូវម៉ូទ័រអគ្គិសនីមួយកំលាំង 190kW ជាមួយជម្រើសកញ្ចប់ថ្មពីរទំហំផ្សេងគ្នា ដែលការសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 480km ឬ 600km។ ម៉ូដែល BEV គាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន ដែលសាកពី 30% ទៅ 80% ចាយពេលប្រមាណ 15 នាទីប៉ុណ្ណោះ។
Mazda EZ-6 មានបំពាក់ដោយអេក្រង់កម្សាន្តទំហំធំដល់ 15.6-inch គាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155, មានមុខងារ AR-Head up display ទំហំ 50-inch, ប្រព័ន្ធបំពងសំឡេង Sony Speaker ចំនួន 14 គ្រាប់, ប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient light ចំនួន 64 ពណ៌ និងមានពោងសុវត្ថិភាពចំនួន 9 គ្រាប់៕