Firefly ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Nio នឹងមានការប្រកាសចេញនូវរថយន្តរបស់ខ្លួននៅលើអង់គ្លេសនៅខែតុលា 2025 ខាងមុខនេះហើយ ដោយម៉ូដែលនេះ នឹងក្លាយជាឡានចង្កូតស្តាំដំបូងគេរបស់ Firefly ដែលនឹងមានវត្តមាននៅលើទីផ្សារ។ សេចក្តីរាយការណ៌ខាងលើបន្តថា ឡានអគ្គិសនី Nio Firefly គឺបានស្ថិតនៅក្នុងសង្វាក់ផលិតកម្មហើយ។ ឡានអគ្គិសនី Nio Firefly ក៏នឹងក្លាយជាគូរប្រជែងរបស់ Volkswagen ID.2 និង ឡានRenault 5 នៅលើទីផ្សារអឺរ៉ុបផងដែរ។
ឡានអគ្គិសនី Nio Firefly បានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិននាខែមេសាឆ្នាំ 2025 ហើយក៏ជាម៉ូដែលទី 3 និងជាឡានទំហំដំបូងគេរបស់ក្រុមហ៊ុននេះដែលមានលក់នៅលើទីផ្សារ។ ឡានអគ្គិសនី Nio Firefly ថ្មីនេះ ត្រូវបានក្រុមហ៊ុនឌីស្សាញរូបរាងឡើងដោយផ្តោតខ្លាំងទៅលើអ្នកប្រើប្រាស់ជាយុវវ័យ និងមាតម្លៃសមរម្យ។ ឡានអគ្គិសនី Nio Firefly ដាក់លក់នៅលើទីផ្សារជាមួយតម្លៃ 1119,800 យ៉ន់ ប្រហាក់ប្រែល 16,500 ដុល្លារ។
ទៅលើការរចនារបស់ Firefly EV គឺមានលក្ខណៈខុសប្លែកពីរថយន្តអគ្គិសនីដទៃត្រង់ចង្កៀងមុខក្រោយរបស់រថយន្តនេះត្រូវបានរចនាជារង្វង់មូលម្ខាងបីដូចនឹងលែនកាមេរ៉ារបស់ទូរស័ព្ទ iPhone អីចឹងដែរ។ នៅផ្នែកចំហៀងត្រូវបានរចនាជាមួយទ្វារប្រភេទ Hidden Door handle ព្រមទាំងមានដំបូលពណ៌ខ្មៅរចនាជារាង Aerodynamic។ Nio Firefly EV មានជម្រើសពណ៌ស្វាយ បៃតង ប្រផេះ ពងក្រសា និងស។
រថយន្ត Compact Hatchback មួយនេះមានបណ្តោយ 4,003mm/ ទទឹង 1,781mm/ កំពស់ 1,557mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,615mm។ Firefly EV មានប្រវែងតួរខ្លួនវែងជាងម៉ូដែល mini Cooper SE ប្រមាណ 153mm។ ដោយសារតែ Firefly EV ជារថយន្តអគ្គិសនីសុទ្ធ ដូចនេះនៅផ្នែកក្បាលរថយន្តមានកន្លែងដាក់អីវ៉ាន់បានចំណុះ 95 លីត្រ ខណៈឃ្លប់គូទក្រោយអាចដាក់អីវ៉ាន់បានចំណុះ 335លីត្រ និងអាចបានដល់ 1,253 លីត្រនៅពេលបត់កៅអីជួរខាងក្រោយចុះ។
នៅផ្នែកខាងក្នុងមានការរៀបចំតុបតែងបែបទំនើបភាព និងផាសុខភាព ដោយក្នុងនោះមានចង្កូត និងកៅអីស្បែក អេក្រង់កម្សាន្តទំហំ 13.2-អ៊ីង floating touchscreen display ជាមួយអេក្រង់បង្ហាញព័ត៌មានតំហំ 6-អ៊ីង LCD Instrument Panel ជាប់នៅខាងក្រោយដៃចង្កូត, ប្រព័ន្ធបំពងសំឡេង 14 គ្រាប់ និងគាំទ្រប្រព័ន្ធសំឡេង Dolby 7.1 Surround sound រួមនឹងប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient lighting ដែលមានចំនួន 256 ពណ៌។
នៅលើម៉ូដែល Firefly EV ស្តង់ដារត្រូវបានដាក់ឲ្យដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយមានកំលាំង 141 សេះ ដែលអាចជាន់ស្ទុះពីកុងទ័រ 0 ដល់ 100km/h ក្នុងរយះពេល 8.2 វិនាទី ព្រមទាំងអាចជាន់ល្បឿនលឿនបំផុត Top Speed បានដល់ 150km/h។
ម៉ូដែលនេះមានកញ្ចប់ថ្មទំហំ 42.1kWh ហើយសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 420km។ មិនខុសពីរថយន្តអគ្គិសនីរបស់ Nio ទាំងឡាយនោះទេ ដោយ Firefly EV គាំទ្របច្ចេកវិទ្យាដោះកញ្ចប់ថ្ម (battery swap technology) បានភ្លាមដោយមិនចាំបាច់រងចាំការសាកភ្លើងឡើយ៕