មួយរយៈចុងក្រោយនេះ ការលកៈរថយន្តអគ្គិសនីរបស់ Tesla ហាក់បីដូចជាមានការធ្លាក់ចុះជាប្រចាំមិនថាតែនៅលើទីផ្សារអឺរ៉ុបទេ ទីផ្សារចិនក៏ធ្លាក់ដូចគ្នា។ យោងតាមទិន្នន័យថ្មីមួយដែលចេញពីប្រទេសចិនបានបង្ហាញថា នៅពេលនេះ អ្នកប្រើប្រាស់មិនសូវជាមានការចាប់អារម្មណ៌ជាមួយនិងរថយន្តអគ្គិសនីរបស់ Tesla នោះទេ គឺពេញចិត្តទៅលើរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD និងក្រុមហ៊ុន Xiaomi ច្រើនជាង។
យោងតាមការបញ្ជាក់នៅពេលនេះបានបង្ហាញថា ការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla នៅលើទីផ្សារប្រទេសចិនកាលពីខែឧសភាកន្លងទៅនេះ គឺមានចំនួន 61,662 គ្រឿង។ តួរលេខនេះ គឺមានការបូកចូលគ្នាទាំងការលក់នៅក្នុងស្រុក និងការនាំចេញផងដែរ។ ចំនួននេះ គឺមានការធ្លាក់ចុះ 15% បើប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយប្រសិនបើប្រៀបធៀបរយៈពេល 5 ខែនៃឆ្នាំ 2024 មកជាមួយនិង 5 ខែឆ្នាំ 2025 ការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនអាមេរិកាំងមួយនេះ មានការធ្លាក់ 18% ជាមួយនិងតួរលេខនាំចេញបានត្រឹមតែ 292,875 គ្រឿងប៉ុណ្ណោះ ខណៈដែល 5 ខែឆ្នាំមុន ក្រុមហ៊ុននាំចេញបាន 355,616 គ្រឿង។
ហើយបើមើលទៅលើការលក់នៅលើទីផ្សារតំបន់អឺរ៉ុបវិញការនាំចេញរថយន្តអគ្គិសនី Tesla ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះលឿនមែនទែន។ យោងតាមទិន្នន័យថ្មីៗនេះបានបញ្ជាក់ថា ក្រុមហ៊ុន Tesla មានការធ្លាក់ចុះទៅលើការលក់រថយន្តរបស់ខ្លួនតាំងតែពីដើមឆ្នាំ 2025 មកម្លេះ សម្រាប់ទីផ្សារធំៗជាច្រើនរួមមានដូចជា បែលហ្សិក, អាល្លឺម៉ង, អេស្ប៉ាញ, បារាំង, ស៊ុយអែត, ដាណឺម៉ាក ក៏ដូចជាប្រទេសមួយចំនួនទៀត។ ប៉ុន្តែក៏មានប្រទេសណ័រវេមួយផងដែរ ដែលលក់រថយន្តនេះបានច្រើន ជាមួយនិងកំណើន 213% ប្រៀបធៀបជាមួយនិងឆ្នាំមុន។