នេះគឺជាឡានអគ្គិសនី Hyundai Elexio ស៊េរីថ្មី ដែលផលិតដោយក្រុមហ៊ុនផលិតឡានកូរ៉េខាងត្បូង Hyundai ជាមួយនិងក្រុមហ៊ុនផលិតឡានចិន BAIC។ ឡាន SUV អគ្គិសនីមួយនេះ ត្រូវបានក្រុមហ៊ុនធំៗទាំងពីរនេះ ប្រើប្រាស់នូវគ្រោងឆ្អឹង E-GMP Platform ដែលមានប្រើលើឡានអគ្គិសនីរបស់ Hyundai, Kia និង Genesis ជាច្រើនម៉ូដែលរួចមកហើយ។
សម្រាប់វត្តមានរបស់ឡានថ្មីនេះ មានជម្រើស 2 ប្រភេទគឺ៖
ទី 1 ប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (FWD) មានកម្លាំង 214 HP
និង ទី 2 ប្រើម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) មានកម្លាំង 425 HP
វាបំពាក់កញ្ចប់អាគុយប្រភេទ LFP Battery របស់ក្រុមហ៊ុម BYD ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយដល់ 700 KM (CLTC) ហើយក៏គាំទ្រការសាកភ្លើងល្បឿនលឿន ពី 30-80% ប្រើពេលត្រឹម 27 នាទីប៉ុណ្ណោះ។ ឡានអគ្គិសនី Hyundai Elexio ថ្មីនេះ មានប្រវែងតួខ្លួន 4.61m ទទឹង 1.87m កម្ពស់ 1.67m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.75m។
អ្វីដែលជាចំណុចពិសេសលើឡាន Hyundai Elexio នេះ គឺការឌីហ្សាញកាប៊ីនខាងក្នុងបែបតិចនិយម និង ប្រើប្រាស់ Material កម្រិត Premium ហើយបំពាក់អេក្រង់ភ្លោះខ្នាតយក្ស ទំហំ 27 អ៊ីញ ដែលមានកម្រិតបង្ហាញរូបភាព 4K លាតពេញផ្ទៃតាបឡូ តែម្តង ហើយដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ HarmonyOS Intelligent Mobility របស់ក្រុមហ៊ុន Huawei ទៀតផង។
មិនតែប៉ុណ្ណោះ វាបានបំពាក់ប្រព័ន្ធជំនួយការបើកបរ ADAS ជាច្រើន ពោលគឺកម្រិត Level 2+ តែម្តង។សូមបញ្ជាក់ថា ឡាន Hyundai Elexio នេះ នឹងត្រូវចេញលក់នៅលើទីផ្សារប្រទេសចិន នាចុងឆ្នាំ 2025 ខាងមុខនេះតែម្តង ខណៈតម្លៃរបស់វាគឺអាចចាប់ពីខ្ទង់ $19,500 ឡើងទៅ៕