នេះគឺជាឡាន Mitsubishi Grandis ស៊េរីឆ្នាំ 2026 ថ្មី ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារបរទេស។ តាមការបញ្ជាក់នៅក្នុងប្រភពខាងលើនេះ បានបញ្ជាក់ថា ឡាន SUV ស៊េរីថ្មី មានរូបរាងខ្នាតកណ្តាលរបស់ជប៉ុនមួយនេះ ជាក់ស្តែងប្រើគ្រោងឆ្អឹង CMF-B Platform របស់ក្រុមហ៊ុន Renault–Nissan ហើយនឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន 2 ប្រភេទ គឺ៖
ទី 1 ម៉ាស៊ីន Mild-hybrid ចំណុះ 1.3L Turbo មានកម្លាំង 138 HP ប្រើប៉ុង 1 (FWD) និង ប្រអប់លេខដៃ 6 វគ្គ ឬ ប្រអប់លេខអូតូ 7 វគ្គ DCT
ទី 2 ម៉ាស៊ីន Hybrid ចំណុះ 1.8L ជាមួយម៉ូទ័រអគ្គិសនី 2 និង កញ្ចប់អាគុយអគ្គិសនី ទំហំ 1.4 kWh មានកម្លាំង 154 HP ហើយប្រើប៉ុង 1 (FWD) ដូចគ្នា
គួររំលឹកឲ្យដឹងដែរថា ឈ្មោះ Grandis ដំបូងឡើយគឺជាឡានប្រភេទ Minivan កៅអី 3 ជួរ ដែលមានលក់ពីឆ្នាំ 2003 ដល់ 2011 ប៉ុន្តែឥឡូវនេះ បានវិលត្រលប់មកវិញជាតួខ្លួន SUV ជាមួយនឹងការឌីហ្សាញបែបអនាគត ទាន់សម័យ និងស្រស់ស្អាត ផងដែរ។
មិនត្រឹមតែមានការឌីហ្សាញស្អាតប៉ុណ្ណោះទេ ប៉ុន្តែ Mitsubishi Grandis ថ្មី ក៏មានការឌីហ្សាញកាប៊ីនខាងក្នុងបែបទំនើបដែរ ហើយមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ 10.4 អ៊ីញ, ដំបូលកញ្ចក់ធំ Panoramic Roof មានមុខងារបិទបើកស្រអាប់អូតូ អមដោយមុខងារជំនួយការបើកបរ និងសុវត្ថិភាព ជាច្រើនផ្សេងទៀតផង។យ៉ាងណាមិញ ឡាន Mitsubishi Grandis ថ្មីនេះ នឹងត្រូវផលិតនៅក្នុងប្រទេសអេស្ប៉ាញ ហើយចេញលក់នៅលើទីផ្សារអឺរ៉ុប នាចុងឆ្នាំ 2025 នេះតែម្តង ខណៈតម្លៃរបស់វាមិនទាន់ត្រូវបានប្រកាសនោះទេ។