
យោងតាមសេចក្តីរាយការណ៌នៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុន Xpeng បានធ្វើការប្រគល់ឡានអគ្គិសនី Mona M03 ដែលមានលេខរៀងទី 200,000th ជូនដល់អតិថិជនរបស់ខ្លួនហើយបន្ទាប់ពីការប្រកាសលក់ជាផ្លូវការណ៌អស់រយៈ 14 ខែមក។ របាយការណ៌នេះត្រូវបានបង្ហោះនៅលើបណ្តាញ Weibo នៅថ្ងៃនេះ ដោយមានការភ្ជាប់ជាមួយនិងរូបភាពមួយដែកមានការបញ្ជាក់ពីចំនួននៃការប្រគល់នេះយ៉ាងច្បាស់។
តាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា គិតត្រឹមថ្ងៃទី 29 ខែតុលានេះ ការផលិតឡានអគ្គិសនី Mona M03 គឺបានឈានដល់ 200,000 គ្រឿងហើយ។ គួរបញ្ជាក់ថា Mona M03 ត្រូវបានក្រុមហ៊ុនប្រកាចេញជាផ្លូវការណ៌ជាលើកដំបូងនៅថ្ងៃទី 27 ខែសីហាឆ្នាំ 2024 ជាមួយនិងតម្លៃចាប់ពី 119,800 យ៉ន់ដែលប្រហែលជា $16,820 ដុល្លារ ដែលត្រឹមតែពាក់កណ្តាលនៃតម្លៃរបស់ Tesla Model 3 ប៉ុណ្ណោះ។

បើតាមរបាយការណ៌របស់ CnEVPost បានអោយដឹងថា កាលពីខែកញ្ញាកន្លងទៅនេះ ការប្រគល់ឡាននេះ គឺមានចំនួន 14,546 គ្រឿង ដែលជាខែទី 13th របស់ក្រុមហ៊ុនដែលបានប្រគល់ឡាននេះលើសពី 10,000 គ្រឿង។ គិតមកដល់ពេលនេះ Mona M03 បានក្លាយជាឡានដែលលក់ដាច់ជាងគេរបស់ Xpeng ដែលមានចំនួនដល់ទៅ 34.98% នៃការលក់សរុបរបស់ក្រុមហ៊ុននាខែកញ្ញាកន្លងទៅនេះ បានចំនួន 41,581 គ្រឿង។

របាយការណ៌ខាងលើនេះ បានបន្ថែមថា គិតចាប់ខែមករាមកដល់ខែកញ្ញាកន្លងទៅនេះ ការប្រគល់ឡាន Mona M03 គឺមានចំនួន 131,989 គ្រឿងហើយ គឺមានចំណែក 42.14% នៃចំនួនសរុបរបស់ Xpeng ដែលបានលក់ក្នុងពេលដូចគ្នានេះ។ ហើយកាលពីខែតុលានេះ Xpeng ក៏បានប្រគល់ឡាន 42,013 គ្រឿងជូនដល់អតិថិជនរបស់ខ្លួនផងដែរ។





