នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ ២០២៥ នេះ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា! ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន BYD AUTO INDUSTRY CO., LTD. ដឹកនាំដោយ លោក Xiao Haipin នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD (Executive Director of BYD Group President’s Office) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីគោរពជម្រាប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីរបាយការណ៍ការងាររបស់ក្រុមហ៊ុន BYD នៅកម្ពុជាក្នុងរយៈពេលកន្លងមក, វឌ្ឍនភាពនៃការអនុវត្តការងារសាងសង់រោងចក្រតម្លើងរថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, និងគម្រោងក្នុងការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ រោងចក្រតម្លើងរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលជួសជុលថែទាំ នាពេលឆាប់ៗខាងមុខ។
តាមរយៈជំនួបនាព្រឹកនេះ គណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co., Ltd ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសម្របសម្រួលនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីដំណាក់កាលដំបូងនៃការចូលមកកាន់ទីផ្សារកម្ពុជា, ដំណាក់កាលនៃការសាងសង់រោងចក្រ និងរហូតឈានដល់ការចាប់ផ្តើមដំណើរប្រតិបត្តិការដំឡើងរថយន្តរបស់ខ្លួនផងដែរ។
បន្ថែមពីនោះ លោកនាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD ក៏បានពាំនាំនូវការកត់សម្គាល់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រងសម្ព័ន្ធ BYD ដែលមានការភ្ញាក់ផ្អើលចំពោះល្បឿននៃការអនុវត្តការងារនៅកម្ពុជា ហើយគ្រោងនឹងយកជាករណីសិក្សាសម្រាប់ការវិនិយោគបន្តបន្ទាប់នាពេលអនាគត។ ទន្ទឹមនេះដែរ ក្រុមហ៊ុនបានសម្តែងនូវការប្តេជ្ញាចិត្តចូលរួមសហការជាមួយក្រុមហ៊ុន Huawei ក្នុងការរៀបចំសម្របសម្រួលលើបេសកកម្មជំរុញការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មយានយន្ត និងអេឡិចត្រូនិក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងទីក្រុង Shenzhen សាធារណរដ្ឋប្រជាមានិតចិន នាពេលអនាគត។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយទៅកាន់គណៈប្រតិភូក្រុមហ៊ុន ចំពោះកំណើនប្រជាប្រិយភាពនៃការប្រើប្រាស់រថយន្តអគ្គិសនី BYD នៅកម្ពុជា។ ឯកឧត្តមរំពឹងថា សម្ព័ន្ធ BYD នឹងពាំនាំអំពីគុណសម្បត្តិ និងចំណុចវិជ្ជមាននានាដែលពាក់ព័ន្ធការវិនិយោគនៅកម្ពុជាផ្សព្វផ្សាយបន្តទៅកាន់ដៃគូវិនិយោគ និងសហគមធុរកិច្ចរបស់ខ្លួនផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល រីករាយនិងត្រៀមលក្ខណៈរួចរាល់ជានិច្ច ក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុតជូនដល់វិនិយោគិន៕