
កាលពីថ្ងៃទី 08 ខែធ្នូ នេះ ក្រុមហ៊ុន Tesla បានប្រារព្ធកម្មវិធីអបអរសាទរការផលិរថយន្តទី 4 លានគ្រឿងនៅក្នុងរោងចក្រផលិតរថយន្ត Tesla Shanghai Gigafactory ហើយរថយន្តទី 4 លានគ្រឿងដែលរំកឹលខ្លួនចេញពីខ្សែផលិតកម្មរបសរោងចក្រនេះ គឺជា Model Y L ពណ៌ Starlight Gold។ យោងតាមសេចក្តីប្រកាសជាផ្លូវការរបស់ Tesla បានឲ្យដឹងថា “ការផលិតរថយន្តពី 3 លានគ្រឿង ដល់ទី 4 លានគ្រឿងបានចំណាយពេលតិចជាង 14 ខែ។”
ដោយក្នុងរយៈពេល 6 ឆ្នាំកន្លងមកនេះ រោងចក្រ Shanghai Gigafactory បានរួមចំណែកការផលិតជិតពាក់កណ្តាលនៃចំនួនការនាំចេញរថយន្តអគ្គិសនីសរុបនៅទូទាំងពិភពលោករបស់ក្រុមហ៊ុន Tesla។ សមិទ្ធផលនេះ បានពង្រឹងជំហរដ៏សំខាន់របស់រោងចក្រ Shanghai Gigafactory នៅក្នុងបណ្តាញផលិតកម្មសកលរបស់ក្រុមហ៊ុន Tesla។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលានៃល្បឿនខ្សែសង្វាក់ផលិតកម្មបង្ហាញក៏បានបង្ហាញពីការថយចុះបន្តិចបន្តួចផងដែរ។ ដោយថេរវេលានៃខ្សែសង្វាក់ផលិតកម្មពីចំនួន 3 លានគ្រឿង ទៅ 4 លានគ្រឿង ប្រើពេលប្រមាណជា 410 ថ្ងៃ បើធៀបនឹងចន្លោះថេរវេលាពីមុនដែលមានរយះពេល 387 ថ្ងៃ។
សូមបញ្ជាក់ថា នៅពេលដែលរោងចក្រ Tesla Shanghai Gigafactory បានផលិតរថយន្តដំបូងរបស់ខ្លួននៅក្នុងខែធ្នូ ឆ្នាំ 2019 ហើយរោងចក្រនេះបានបង្ហាញពីអ្វីដែលត្រូវបានគេស្គាល់ថាជា "Tesla speed" ដោយសារការបើកការដ្ឋានសាងសង់ ការបញ្ចប់ការសាងសង់ ការចាប់ផ្តើមផលិតកម្ម និងការដឹកជញ្ជូនរថយន្តទាំងអស់ គឺស្ថិតក្នុងរយៈពេលឆ្នាំតែមួយ។ រោងចក្រ Shanghai Gigafactory បានចំណាយពេលជាង 30 ខែ ដើម្បីឈានដល់ការផលិតរថយន្ត 1 លានគ្រឿងដំបូងរបស់ខ្លួន បន្ទាប់មកបានបង្កើនល្បឿនយ៉ាងខ្លាំងដើម្បីមស្រេចបានការផលិតរថយន្ត 1 លានគ្រឿងជាជំហានទីពីររបស់ខ្លួនក្នុងរយៈពេលតិចជាង 13 ខែ។

រោងចក្រផលិតរថយន្ត Tesla Shanghai Gigafactory សាងសង់នៅលើផ្ទៃដីទំហំ 860,000 ម៉ែត្រការ៉េ។ បើប្រៀបធៀប រោងចក្រទំនើបរបស់ក្រុមហ៊ុន Xiaomi ដែលមានផ្ទៃដី 720,000 ម៉ែត្រការ៉េ ដែលបានដំណើរការរួចហើយដោយមានប្រសិទ្ធភាពសង្វាក់ផលិតកម្មគួរឱ្យកត់សម្គាល់។ ហើយបើទោះជាយ៉ាង មានសមត្ថភាពពេញលេញសម្រាប់ខ្សែសង្វាក់ផលិតកម្មយានយន្តក៏ដោយ ក៏ផលិតកម្មរថយន្តប្រចាំឆ្នាំរបស់ Xiaomi ត្រូវបានគេព្យាករថា នឹងមានត្រឹមតែពាក់កណ្តាលនៃការផលិតរបស់ Tesla ប៉ុណ្ណោះ៕





