
ឡានអគ្គិសនីប្រភេទ Crossover ម៉ូដែលថ្មីម៉ាក Nissan NX8 បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មផ្លូវការណ៍នៅក្នុងរោងចក្រផលិត Dongfeng-Nissan មានទីតាំងក្នុងខេត្ត Guangzhou ប្រទេសចិន។ NX8 នឹងចូលក្នុងទីផ្សារប្រទេសចិនឆាប់ៗនេះជាមួយជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និង EREV ហើយក៏ត្រៀមនាំចេញទៅកាន់ទីផ្សារឯនាយសមុទ្ទផងដែរ។
NX8 ជាសមត្ថផលរថយន្តទីបីនៃម៉ាកយីហោ N-Series ដែលបង្កើតឡើងក្រោមកិច្ចសហការគ្នារវាងក្រុមហ៊ុន Dongfeng និង Nissan ដែលបានប្រកាសជាផ្លូវការណ៍កាលពីឆ្នាំ 2025។ បច្ចុប្បន្ន Dongfeng-Nissan បានដាក់លក់នៅលើទីផ្សារចំនួនពីរម៉ូដែលមាន N6 និង N7 ជាប្រភេទរថយន្ត Sedan EV។ តាមរបាយការណ៍ចេញដោយ China EV DataTracker បានបង្ហាញថាក្នុងឆ្នាំ 2025 កន្លងទៅ Nissan N-Series លក់បានសរុបចំនួន 52,769 គ្រឿង។

នៅថ្ងៃទី 28 ខែមករា ឆ្នាំ 2025, Dongfeng-Nissan បានប្រកាសចាប់ផ្តើមការផលិតទ្រង់ទ្រាយធំសម្រាប់ Nissan NX8 ដែលជាឡាន Crossover SUV ដំបូងរបស់ក្រុមហ៊ុនសម្ព័ន្ធមិត្តចិន-ជប៉ុនមួយនេះ។ NX8 នឹងចេញលក់នៅក្នុងខែមីនា ឬមេសា ឆ្នាំ 2026 នៅទីផ្សារប្រទេសចិន។ ម៉ូដែលដំបូងរបស់ Nissan NX8 ដែលក្រុមហ៊ុនបានធ្វើការដាក់បង្ហាញក្នុងថ្ងៃបើកផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំកាលពីថ្ងៃទី 28 ម្សិលមិញនេះ គឺមានពណ៌ស្វាយ ក្នុងរោងចក្រ Dongfeng-Nissan ស្ថិតក្នុងទីក្រុង Huadu ខេត្ត Guangzhou ប្រទេសចិន ដែលជារោងចក្រផលិតដ៏សំខាន់បំផុតរបស់ Dongfeng-Nissan ដែលមានបរិមាណផលិតប្រចាំឆ្នាំ 600,000 គ្រឿង។

Dongfeng-Nissan បានដាក់ក្តីរំពឹងថា NX8 នឹងក្លាយជាម៉ូដែលលក់ដាច់បំផុត ដែលនឹងអាចលក់បានសរុបប្រហែលជិត 1 លានគ្រឿងក្នុងឆ្នាំ 2026។ នាពេលកន្លងមកមានការលើកឡើងថា Dongfeng-Nissan JV នឹងនាំចេញរថយន្តអគ្គិសនីរបស់ខ្លួនទៅកាន់ទីផ្សារសំខាន់ៗដូចជា តំបន់អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀត ដោយចាប់ផ្តើមពីឆ្នាំ 2026 នេះទៅ។ ឡានអគ្គិសនីជប៉ុនកាត់ចិន NX8 គឺជាឡាន Crossover ដែលមានបណ្តោយតួរខ្លួនប្រវែង 4,870mm/ ទទឹង 1,920/ កម្ពស់ 1,680mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,917mm។ NX8 មានការឌីស្សាញឡើងតាមទម្រង់ V-Motion របស់ Nissan ជាមួយនឹងប្រព័ន្ធភ្លើង LED Halo running light strip ខាងមុខប្រវែង 2.4 ម៉ែត្រ។
ផ្នែកកាប៊ីនខាងក្នុងមានការឌីស្សាញបំពាក់ជាមួយអេក្រង់ភ្លោះ (Dual-Screen), ដៃចង្កូតឌីស្សាញបែប(two-spoke steering wheel), ចង្កឹះលេខប្រភេទ Stalk gear shifter និងកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែចំនួនពីរ។ ជាមួយគ្នានេះ នៅមានមុខងារ Head-up Display និងប្រព័ន្ធជំនួយការបើកបរជាមួយប្រព័ន្ធសែនស័រ LiDAR ដែលមានសមត្ថភាពដំណើរការមុខងារ NOA ទាំងនៅផ្លូវទីក្រុង និងផ្លូវល្បឿនលឿន។

Nissan NX8 ម៉ូដែល EREV មានបំពាក់ម៉ាស៊ីនសាំង 1.5-liter turbocharged ICE កម្លាំង 146 សេះ ជាមួយជម្រើសកញ្ចប់ថ្មទំហំ 20.3kWh/ 21.1kWh និង 37.4kWh ដែលផ្តល់ថាមពលក្នុងការទាញបង្វិលម៉ូទ័រអគ្គិសនីមួយកម្លាំង 261 សេះ។ NX8 EREV អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 102km និង 185km តាមជម្រើសទំហំកញ្ចប់ថ្ម។ ចំនែម៉ូដែល NX8 All-electric វិញ មានពីរជម្រើសប្រើម៉ូទ័រអគ្គិសនីប្រភេទ e-motor កម្លាំង 288 សេះ និង 335 សេះ រួមជាមួយកញ្ចប់ថ្មពីរទំហំ គឺ 73kWh និង 81kWh ដែលសាកពេញម្តងអាចបើកបានចម្ងាយ 565km ទៅ 650km តាមជម្រើសទំហំថ្ម៕





