
ថ្មីៗនេះរថយន្តអគ្គិសនី SUV របស់ Xiaomi គឺ YU7 Max ត្រូវបានគេប្រទះឃើញកំពុងធ្វើការបើកបរនៅលើផ្លូវល្បឿនលឿន Interstate 5 របស់សហរដ្ឋអាមេរិក ដោយមានបំពាក់នូវស្លាកលេខក្រុមហ៊ុនផលិតរបស់រដ្ឋឈ្មោះថា “Illinois”។ ការប្រទះឃើញ Xiaomi YU7 Max នៅក្នុងទឹកដីអាមេរិកនេះ គឺមិនមានជារឿងចៃដន្យនោះទេ ប៉ុន្តែ វាទាក់ទងទៅនឹងយុទ្ធសាស្ត្ររបស់ Xiaomi ពីការត្រៀមខ្លួនរួចរាល់ដើម្បីពង្រីកទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួននៅទីផ្សារក្រៅប្រទេស។
ការបង្ហាញវត្តមានរបស់ YU7 Max ក្នុងទឹកដីសហរដ្ឋអាមេរិក គឺទទួលបានការចាប់អារម្មខ្លាំងពីបណ្តាញប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងសង្គមក្នុងប្រទេសចិន ចំពោះវត្តមានឡានអគ្គិសនីរបស់ប្រទេសចិននៅលើទឹកដីសហរដ្ឋអាមេរិក។ លោក Lei Jun ដែលជាស្ថាបនិក ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានបង្ហោះសារនៅលើគណនី Weibo ផ្ទាល់ខ្លួនរបស់លោក ដោយបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកមិនមានគម្រោងចូលទីផ្សាររថយន្តសហរដ្ឋអាមេរិកនៅឡើយទេ។

លោកបានពន្យល់ថា សម្រាប់វត្តមានរតបស់ YU7 ដែលឃើញនៅរដ្ឋកាលីហ្វ័រញ៉ាទំនងជាត្រូវបានទិញដោយក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ឧស្សាហកម្មអាមេរិកដូចគ្នា ជាជាងផ្នែកមួយនៃសកម្មភាពក្នុងការសាកល្បង ឬពង្រីកទីផ្សាររថយន្តរបស់ក្រុមហ៊ុន Xiaomi។v យោងតាមរបាយការណ៍ដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយចិន បានបង្ហាញថា Xiaomi YU7 Max ត្រូវបានថតរូបជាមួយនឹងផ្លាកលេខក្រុមហ៊ុនផលិតរដ្ឋ Illinois ដែលពីមុនក៏ធ្លាប់ត្រូវបានបង្ហាញខ្លួនបំពាក់នៅលើយានយន្តសាកល្បងរបស់ក្រុមហ៊ុន Rivian។
YU7 Series គឺជារថយន្ត SUV ដំបូងរបស់ Xiaomi Auto និងជាម៉ូដែលទីពីរបន្ទាប់ពីរថយន្ត sedan អគ្គិសនី SU7។ Xiaomi បានផ្តោតទៅលើការពង្រីកឧស្សាហកម្មយានយន្តរបស់ខ្លួនទៅលើទីផ្សារប្រទេសចិនចាប់តាំងពីការចាប់ផ្តើមអាជីវកម្មរថយន្តរបស់ខ្លួន ដោយ YU7 ស្ថិតនៅក្នុងផ្នែករថយន្ត mid-to-large electric SUV។ ជាមួយគ្នានេះ Xiaomi Auto ត្រូវបានគេរាយការណ៍ថា បានត្រៀមសង្វាក់ផលិតកម្មជំនាន់បន្ទាប់ (Next-Product) របស់ YU7 ដើម្បីធ្វើការពង្រីកទីផ្សារឡាន SUV របស់ខ្លួន។ បន្ថែមពីនេះបើតាមរបាយការណ៍បានបញ្ជាក់ថា Xiaomi ក៏ត្រៀមបញ្ចេញម៉ូដែល YU7 High-Performance ដែលស្ថិតនៅក្រោមស្លាកឈ្មោះថា “YU7 GT” ថែមទៀតផង។
បើតាមការចុះបញ្ចីដោយសា្ថប័នរដ្ឋចិនហៅកាត់ថា “MIIT” បានបង្ហាញថា YU7 High-Performance ឬGT ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន 2 (dual-motor) ដែលអាចផលិតកម្លាំងសរុបបាន 738kW ឬ 990hp និងអាចជាន់ល្បឿន Top Speed បានដល់ 300km/h។ Xiaomi YU7 GT បានការឌីស្សាញតួរខ្លួនបែប wide-body design ជាមួយនឹងការបំពាក់កញ្ចប់ថ្មប្រភេទ ternary lithium ផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ដែលវាត្រូវបានចាត់ទុកជារថយន្តអគ្គិសនី SUV សមត្ថភាពខ្លាំងបំផុត ឬ High-Performance electric SUV ដំបូងដើម្បីពង្រីកសែស្រឡាយឡានអគ្គិសនីរបស់ Xiaomi។

គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ 2026 ថ្មីៗនេះ Xiaomi ក៏ធ្លាប់បានបង្ហើបពី timeline ក្នុងការចេញលក់រថយន្តអគ្គិសនីរបស់ខ្លួនក្នុងទីផ្សារសហរដ្ឋអាមេរិកផងដែរ គ្រាន់តែក្រុមហ៊ុនមិនបានបង្ហាញពេលវេលាជាក់លាក់ក្នុងការចេញលក់នោះទេ។ បច្ចុប្បន្ន Xiaomi បានផ្តោតយកចិត្តទុកដាក់ខ្លាំងក្នុងការផលិត និងការលក់រថយន្តអគ្គិសនីរបស់ខ្លួននៅទីផ្សារក្នុងស្រុក ប៉ុន្តែ ក្រុមហ៊ុនក៏កំពុងរៀបចំយុទ្ធសាស្រ្តក្នុងការវាយលុកទីផ្សារក្រៅប្រទេសជាសន្សឹមៗជាបន្តបន្ទាប់ផងដែរ៕





