កាលពីថ្ងៃ 21 តុលា 2016 កន្លងទៅនេះ គំរោងគោលគំនិតផ្ដួចផ្ដើមអំពី Change Makers របស់សែលកាត បានធ្វើការបំពាក់បំប៉នស្មារតីដល់សិស្សានុសិស្សនៃអង្គការ ដើម្បីភាពញញឹនៃកុមារ (PSE) ដើម្បីរួមចំណែកផ្តល់អោយពូកគេ មានសមត្ថភាពបង្កើននូវភាពជឿជាក់ ហើយនិងលើកទឹកចិត្តពួកគេឲ្យចេះអភិវឌ្ឍខ្លួន និងសហគមន៍កាន់ប្រសើរឡើង ។
លោក ឈុន នឹម ដែលជាវាគ្មិនមួយរូបបាន ឲ្យដឹងថា” វគ្គបណ្ដុះបណ្ដាល ដោយឥតគិតថ្លៃនេះ ក៏នឹងជួយអភិវឌ្ឍពង្រឹងភាពខ្លាំង និងជំនឿចិត្តផ្ទាល់ខ្លួនរបស់សិក្ខាកាម ទាំងអស់ ព្រមទាំងអប់រំអំពីសហគ្រិនភាព និងផ្ដល់នូវមធ្យោបាយផ្សេងៗ ដែលពួកគេត្រូវការដើម្បីក្លាយជាសមាជិក ដែលមានទំនួលខុសត្រូវខ្ពស់ និងបង្កើតបាននូវឥទ្ធិពល ជាវិជ្ជមានចំពោះសង្គម ។ នឹងផ្ដោតលើប្រធានបទនានា រួមមានឧត្តមភាពផ្ទាល់ខ្លួន និងការជំរុញទឹកចិត្ត ក៏ដូចជាការចែករំលែកព័ត៌មាន លម្អិតអំពីរបៀបក្លាយជាសហគ្រិន សង្គមតាមរយៈប្រាំជំហានងាយៗ” ។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងថា “យុវជនខ្មែរសព្វថ្ងៃកំពុងប្រាថ្នាចង់បង្កើតភាពផ្លាស់ប្ដូរ និងការរួមចំណែកក្នុង សង្គមយ៉ាងផុសផុល ប៉ុន្តែភាគច្រើនពួកគេមិនដឹងថាត្រូវចាប់ផ្ដើម ដោយរបៀបណាឡើយ ។ ” លោកបានបន្តទៀតថា “កម្មវិធី Change Makers មានបំណងផ្ដល់ជូនពួកគេនូវចំណេះដឹង និងជំនាញផ្ទាល់ដែលពួកគេត្រូវការ ព្រមទាំងជំរុញពួកគេឲ្យឈាន ទៅរកទិសដៅត្រឹមត្រូវក្នុងការចូលរួមចំណែក ក្នុងសង្គម ក៏ដូចជាដុសខាត់ពង្រឹង សហគមន៍របស់ខ្លួនផងដែរ៕