ថ្ងៃទី 5 ខែមីនា ឆ្នាំ 2020 នេះ នៅនិយ័តករទូរគមនាគមន៍កម្ពុជា មានរៀបចំឡើងនូវសន្និសីទសារព័ត៌មានមួយ ស្តីពីការធ្វើនិយ័តកម្មវិស័យទូរគមនាគមន៍នៅកម្ពុជា ដើម្បីជាការស្វែងរកដំណោះស្រាយ ក៏ដូចជាការឆ្លើយតបទៅនឹងចង្ងល់នានារបស់អ្នកប្រើប្រាស់ដែល តែងតែមានការមិនពេញចិត្តជាមួយនិងក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទចល័ត ចំពោះការកាត់ទឹកប្រាក់ក្នុងគណនីទូរស័ព្ទ ដោយមិនបានបញ្ជាក់ហេតុផលច្បាស់លាស់ ក៏ដូចជាបញ្ហាប្រឈមនានាទាក់ទងជាមួយនឹងវិស័យគមនាគមន៍នៅកម្ពុជានាពេលបច្ចុប្បន្ននេះផងដែរ។ សន្និសីទនេះ គឺមានការចូលរួមពីសំណាក់ថ្នាក់ដឹងនាំនៃនិយ័តករទូរគមនាគមន៍កម្ពុជា តំណាងក្រសួងពាក់ព័ន្ធ រួមជាមួយនឹងតំណាងក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តទាំងអស់នៅកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
យោងតាមរបាយណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា វិស័យទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា មានសន្ទុះរីកចម្រើនលឿនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ។ ការរីកចម្រើននេះ ជាចំណែកមួយក្នុងការចូលរួមសម្រួលការអភិវឌ្ឍវិស័យដទៃដោយប្រយោល ជាពិសេសវាក៏ជាកម្លាំងចលករសំខាន់ខ្វះមិនបានក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា 7% ក្នុងមួយឆ្នាំ 2019។ អ្វីដែលគេមើលឃើញកាន់តែច្បាស់នោះគឺ អត្រាអ្នកប្រើប្រាស់ដ៏ច្រើនលើសលុប (ធៀបទៅនឹងចំនួនប្រជាជនតែជាង១៦លាននាក់) ក្នុងសេវាកម្មក្នុងវិស័យទូរគមនាគមន៍នេះ។
តាមតួលេខចុងក្រោយបង្អស់គិតត្រឹម ខែមករា ឆ្នាំ 2020 បានបង្ហាញដូចខាងក្រោម៖
- ចំនួនអ្នកជាវសេវាទូរស័ព្ទចល័ត (Mobile Subscriber) មាន 21.428.681 នាក់
- ចំនួនអ្នកជាវសេវាអ៊ីនធឺណេតចល័ត (Mobile Internet Subscriber) មាន 15.898.958 នាក់ ស្មើនឹង 98,95% នៃចំនួនអ្នកជាវសរុបទាំងចល័ត និងអចល័ត 16.127.081 នាក់
- អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានចំនួន 8.8 លានគណនី
- ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញខ្សែកាប្លិ៍អុបទិកលើកគោកមានប្រវែងសរុប 44.762,6 គីឡូម៉ែត្រ និងបណ្ដាញកាប្លិ៍ក្រោមបាតសមុទ្រប្រវែង 640គីឡូម៉ែត្រ (គិតត្រឹមក្នុងដែនសមុទ្រប្រទេសកម្ពុជា) បើយើងគិតប្រវែងសរុបរហូតដល់តភ្ជាប់ទៅអន្តរជាតិ កម្ពុជាមានកាប្លិ៍ក្រោមបាតសមុទ្រសរុប 26.300 គីឡូម៉ែត្រ
គុណភាពសេវា៖ ក្នុងចំណោមប្រទេសនានាលើពិភពលោក កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសទាំង 20 ដែលមានសេវាគ្របច្រើនជាងគេ៖
- 2G មាន 92.2 % នៃចំនួនប្រជាជនសរុប ឬ 85.7% នៃផ្ទៃដីសរុប
- 3G មាន 85.1% នៃចំនួនប្រជាជនសរុប ឬ 60% នៃផ្ទៃដីសរុប
- 4G មាន 80.3% នៃចំនួនប្រជាជនសរុប ឬ 52.7% នៃផ្ទៃដីសរុប
តាមការស្រាវជ្រាវទីផ្សាប្រទេសអាសស៊ាន តម្លៃក្នុងការប្រើប្រាស់ទូរស័ព្ទចល័ត ក៏ដូចជាការប្រើ Data package របស់កម្ពុជាទាបជាងបណ្ដាប្រទេសណាៗទាំងអស់។ ដើម្បីទិញទិន្នន័យ 1G (គិតតាមមធ្យោបាយដូរលុយដូចបច្ចុប្បន្ន) ប្រជាជនចំណាយក្នុងរង្វង់ 0.10$ ប៉ុណ្ណោះ ខណៈប្រទេសមួយចំនួនដូចជា ប្រ៊ុយណេចំណាយអស់ 7.32$ ថៃ 5.67$ ឡាវ 4.14$ សឹង្ហបុរី 1.24$ វៀតណាម 0.85$ ។ លក្ខខណ្ឌដ៏ប្រសើរទាំងនេះបានជួយសម្រួលឱ្យប្រជាជនយើងមានលទ្ធភាពអាចប្រើប្រាស់សេវាទូរស័ព្ទចល័តបានគ្រប់ៗគ្នា។ កត្តាប្រឈមមួយទៀត គឺការធ្លាក់ចុះនូវគុណភាពសេវា(QoS)។
មានការរអ៊ូររទាំពីសំណាក់អ្នកប្រើប្រាស់ថា ពួកគេពិបាកក្នុងការខល ចេញ និង ចូល អ៊ីនធឺណេតដើរយឺត ប្រព័ន្ធចង្អៀត ពិបាកទាក់ទងគ្នា និងគ្មានសេវាតាមកន្លែងមួយចំនួនជាដើម។ យើងចង់ឱ្យមានការយល់ឃើញបែបផ្សេងពាក់ព័ន្ធទៅនឹងការចុះថយគុណភាពសេវានេះ ដោយគួរតែស្វែងយល់ថា ចំនួនអ្នកប្រើប្រាស់កើនឡើងច្រើនជាលំដាប់ គួបផ្សំទាំងការប្រើដ៏គំហុកព្រមគ្នា និងការប្រើប្រាស់ខ្ជះខ្ជាយមិនចំទិសដៅ សំណង់ និងអគារជាច្រើនបាននិងកំពុងអភិវឌ្ឍនៅគ្រប់ទិសទី។ កក្តាទាំងនេះ គឺជាចំណែកមួយដ៏ធំដែលធ្វើឱ្យប្រព័ន្ធមានភាពចង្អៀត និងគុណភាពធ្លាក់ចុះនៅតាមទីតាំងមួយចំនួន។
បើធៀបជាមួយប្រទេសជិតខាងដែលមានប្រជាជនម្នាក់ប្រើត្រឹមតែ 5.7 GB ក្នុងមួយខែ ចរាចរ (traffic) នៃការប្រើប្រាស់ទិន្នន័យ ប៉ុន្តែរបស់យើងមានទំហំច្រើនគួរឱ្យកត់សម្គាល់ គឺក្នុងប្រជាជនម្នាក់អាចប្រើទំហំប្រហែលពី 10-20GB។ ដូច្នេះឆ្លើយតបទៅនឹងបញ្ហាកកស្ទះទាំងឡាយ ប្រតិបត្តិករទាំងអស់បាននិងកំពុងខិតខំពង្រីកបន្ថែមនូវបណ្ដាញរបស់ខ្លួន (Rollout network) ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
ចំណែកការពង្រីកបណ្ដាញនេះទៀតសោត ប្រតិបត្តិករទាំងអស់ក៏បាននិងកំពុងប្រឈមនូវការអភិវឌ្ឍ និងការរីកដុះដាលសំណង់អាគារខ្ពស់ៗ ដែលជាឧបសគ្គរំខានដល់ការបញ្ជូនស៊ីញ៉ាល់ ការខ្វះខាតថាមពលអគ្គីសនី ការឡើងថ្លៃជួលទីតាំងដាក់បង្គោលអង់តែន ការមិនសហការពីម្ចាស់បូរី/អាគារ/ទីតាំងឯកជន ក្នុងការអនុញាតិឱ្យមានការដំឡើងនៅក្នុងទីតាំងរបស់ខ្លួន និងការលើកឡើងពីការប៉ះពាល់សុខភាពពីសំណាក់ប្រជាជនដែលរស់នៅក្បែរបង្គោលអង់តែន។ ន.ទ.ក. ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយសម្រួលក្នុងករណីនេះ ក៏ដូចជាក្រសួងដែនដី នគរូបនីយកម្ម ត្រូវមានគោលនយោបាយកំណត់ឱ្យម្ចាស់បូរី/អាគារ/ទីតាំងឯកជន គ្មានការរើសអើងក្នុងការអនុញាតិឱ្យមានការតម្លើងសេវានៅតាមទីតាំងទាំងនោះ។
ជាងនេះទៅទៀត និន្នាការក្នុងដើម្បីដំឡើងសេវាទូរគមនាគមន៍ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈដូចជា បង្គោលភ្លើង ឬបង្គោលបំភ្លឺសាធារណៈ អាគារ ឬទីតាំងសាធារណៈមួយចំនួនពិតជាអាច សម្រួល និងពន្លឿនការផ្ដល់សេវាឱ្យបានទូលាយជាងមុន។ ទាំងនេះក៏ព្រោះតែយើងត្រូវផ្ដល់សារៈសំខាន់ដល់សេវាទូរគមនាគមន៍ប្រៀបដូចជាតម្រូវការចំបាច់របស់ប្រជាពលរដ្ឋ (Basic need) ដូច្នេះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធពិតគឺជាភារកិច្ចដែលមិនអាចខ្វះបាន។
កង្វល់អំពីការកាត់ទឹកប្រាក់
ការផ្ដល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់ និងសម្បូរបែរបស់បណ្ដាប្រតិបត្តិករនូវគម្រោងនៃការប្រើប្រាស់សេវា (service plan) នានាបានធ្វើឱ្យអ្នកប្រើប្រាស់ភាន់ច្រឡំ ហើយបានធ្វើឱ្យក្លាយជាកង្វល់របស់អតិថិជនលើការកាត់ទឹកប្រាក់ច្រើន។ ដូចគ្នានោះដែរ ន.ទ.ក. បានស្នើឱ្យប្រតិបត្តករទាំងអស់យកចិត្តទុកដាក់ផ្ដល់ព័ត៌មានឱ្យបានគ្រប់ជ្រោយដល់អ្នកប្រើប្រាស់ និងបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់គម្រោងសេវាផ្សេងៗបន្ថែមទៀត។
ស្របពេលនេះផងដែរ យើងស្នើឱ្យអ្នកប្រើប្រាស់គួរតែស្វែងរកដំណោះស្រាយដូចជាខលទៅ Call center របស់ ប្រតិបត្តិករជាមុន ជាជាងការផុសត្អូញត្អែ តិះដៀល ឬជេប្រទិចប្រើពាក្យមិនគាប់បីនៅលើបណ្ដាញសង្គម។ បើសិនអ្នកប្រើប្រាស់នៅតែមិនអាចរកដំណោះស្រាយសមស្របបាននោះទេ ន.ទ.ក. ការការិយាល័យទទួលបណ្ដឹង និងដោះស្រាយវិវាទដែលមានយន្តការដោះស្រាយ និងសម្របសម្រួលជូន។
ន.ទ.ក. កំពុងពិចារណានឹងស្នើឱ្យមានការប្រើរួមគ្នាគ្រប់ប្រតិបត្តិករនូវលេខកូដខ្លី «1200» ដើម្បីឱ្យលទ្ធភាពដល់អតិថិជនអាចផ្ដាច់រាល់គម្រោង និងសេវាកម្មបន្ថែមនានាដែលខ្លួនបានភ្ជាប់។ មានន័យថា បើអ្នកប្រើប្រាស់មិនច្បាស់ថាពួកគាត់កំពុងភ្ជាប់សេវាកម្មមួយណា។ ពួកគាត់អាចផ្ដាច់នូវរាល់សេវាកម្មទាំងអស់ដោយប្រើលេខកូដ 1200 នេះ ហើយវាប្រៀបដូចជា reset ឱ្យស៊ីមដែលកំពុងដំណើរការវិលមករកសភាពដើមបំផុត (default) ដូចកាលជាវដំបូង។ ការប្រើលេខកូដខ្លីនេះដំណោះស្រាយដ៏ល្អដើម្បីបញ្ចប់នូវបញ្ហាកាត់លុយ ឬការភ្ជាប់សេវាផ្សេងៗមិនដឹងខ្លួនកន្លងដែលអ្នកប្រើប្រាស់ធ្លាប់បានជួបប្រទះ។
ការហៅចូលទូរស័ព្ទចូលពីលេខអនាមិកអន្តរជាតិ
ន.ទ.ក. ធ្លាប់បានជូនដំណឹងអំពីបញ្ហានេះជាសារធារណៈ 2 លើករួចមកហើយ ដើម្បីឱ្យពួកគាត់បាត់ការភ័យខ្លាចអំពីការទទួលទូរស័ព្ទពីអន្តរជាតិ។ មធ្យាបាយដែលជនអានាមិកបានប្រើនេះគេហៅថា Callback Phone Scam។ ការខលចូលនេះទៀតសោត ជនអានាមិកគ្រាន់តែ «ស៊ីញ៉ូ» ចូលតែមួយភ្លែត រួចបន្សល់ទុកនូវ miss call លើអេក្រង់ទូរស័ព្ទរបស់អ្នកប្រើប្រាស់។ វាជាការបោកបញ្ឆោតឱ្យអ្នកហៅត្រឡប់ទៅវិញ។ បើសិនជាអ្នកបានខលត្រឡប់ទៅវិញ នោះទូរស័ព្ទលោកអ្នកនឹងត្រូវគិតថ្លៃហៅចេញអត្រាអន្តរជាតិខ្ពស់ ព្រោះលេខទាំងនោះជាប្រភេទ International Premium Rate Number (IPRN)។ លេខប្លែកៗទាំងនោះច្រើនខលមកពីបណ្ដាប្រទេសដូចខាងក្រោម៖
•(+236, +265) សាធារណរដ្ឋអាហ្វ្រិកកណ្ដាល
•(+685) ដែនកោះសាម៉ៅ
•(+223) ម៉ាលី
•(+234) នីហ្សេរីយ៉ា
•(+92) ប៉ាគីស្ថាន
•(+7) រុស្សី
មិនមានលក្ខណៈបច្ចេកទេសណាមួយដែលធ្វើឱ្យអ្នកបាត់បង់ទិន្នន័យដូចជា ព័ត៌មានអំពីលេខទំនាក់ទំនង (contact) លេខសំងាត់ និងលុយពីគណនីធនាគារ ដោយគ្រាន់តែចុចទទួលទូរស័ព្ទដូចការលើកឡើងបែបចចាមអារាមក្នុងបណ្ដាញសង្គមនោះឡើយ។ ដើម្បីចៀសវាងការបាត់បង់ថវិកាដោយការខលត្រឡប់ទៅវិញនេះ អ្នកប្រើប្រាស់គ្រាន់តែមិនចាំបាច់ខលត្រឡប់ទៅកាន់លេខទាំងនោះជាការស្រេច។ ដើម្បីដោះស្រាយបញ្ហានេះ ប្រតិបត្តិករទាំងអស់ ក៏បានសហការឃ្លាំមើល និងទប់ស្គាត់ជាមុននូវលេខណា ដែលសង្ស័យ ដោយ block លេខចោលតែម្ដង។ នៅមាត់ច្រកអន្តរជាតិទាំងពីរ 001 (TC) និង 009 (Viettel) ក៏មមាញិកផងដែរក្នុងការឃ្លាំមើលនេះ។
និយ័តករកម្ពុជា ស្នើឱ្យអ្នកប្រើប្រាស់ទាំងអស់ពិនិត្យឱ្យបានម៉ត់ចត់នូវព័ត៌មានដែលគ្មានប្រភពទាំងឡាយ មុននឹងជឿ ឬចែកចាយបន្ត។ សម្រាប់ព័ត៌មានបន្ថែម សូមមកទំនាក់ទំនងនៅបញ្ជរច្រកចេញ-ចូលតែមួយ របស់និយតករទូរគមនាគមន៍កម្ពុជា រៀងរាល់ម៉ោងធ្វើការ ដែលមានអាសយដ្ឋានផ្លូវ 102 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ឬតាមរយៈទូរសព្ទលេខ 023 722 333 ឬតាមរយៈវិបសាយ www.trc.gov.kh និងទំព័រហ្វេកប៊ុកផ្លូវការរបស់ ន.ទ.ក. ដែលមានឈ្មោះ និយ័តករទូរគមនាគមន៍កម្ពុជា - TRC www.fb.me/trccambodia ៕