កាលពីខែមុនមានព័ត៌មានចចាមអារ៉ាមបានបានចុះផ្សាយពីការប្រកាសចេញនៃឧបករណ៍ Moto mod ដែលហៅថា Polaroid Insta-Share Printer ដោយឡែកនៅក្នុងថ្ងៃនេះ ក្រុមហ៊ុនដែលមានមូលដ្ឋានគ្រឹះនៅសហរដ្ឋអាមេរិក បានប្រកាសចេញឧបករណ៍នេះ ជាផ្លូវការណ៍ហើយ ដើម្បីបំបាត់រាល់ព័ត៌មានដែលលេចលឺនានាអំពីវា។ ចាប់ផ្តើមពីសប្តាហ៍នេះទៅឧបករណ៍ Polaroid Insta-Share Printer Moto Mod នឹងអាចរកជាវបានពីបណ្តាញលក់ Verizon ជាមួយតម្លៃខ្ទង់ $200។
ព្រមជាមួយគ្នានេះដែរ ក្រុមហ៊ុន Motorola ក៏បានប្រកាសថា ឧករណ៍មួយនេះ នឹងមានចេញចរាចរណ៍ដាក់លក់លើទីផ្សារទូទាំងពិភពលោកនៅខែថ្មីដែល នឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ។ ឧបករណ៍នេះ ត្រូវបានផលិតឡើងយ៉ាងពិសេស ដើម្បីផ្តល់ជូនដល់អ្នកប្រើប្រាស់ទូរស័ព្ទរបស់ក្រុមហ៊ុន Motorola ទាំងអស់ ទទួលយកបទពិសោធន៍ប្រើប្រាស់ថ្មីបន្ថែមទៀតពីលើការប្រើប្រាស់ស្មាតហ្វូន Motorola ក្នុងការផ្តិតរូបថតចេញបានភ្លាមៗពីក្នុងទូរស័ព្ទដៃខណៈកំពុងដើរកម្សាន្ត។
ផលិតផលនេះ គឺមានភាពសាមញ្ញ និងងាយស្រួលប្រើបំផុតដោយគ្រាន់តែភ្ជាប់វាទៅកាន់ទូរស័ព្ទ រួចចុចថតរូបភាពដោយកាមេរ៉ាទូរស័ព្ទភ្លាម និងអាចផ្តិតរូបចេញភ្លាតតាមរយះទូរស័ព្ទដៃស្មាតហ្វូន Motorola ដែលអ្នកកំពុងប្រើប្រាស់។ រិតតែពិសេសជាងនេះទៅទៀតនោះ Polaroid Insta-Share Moto Mod អាចអោយយើងធ្វើការផ្តិតរូបភាពចេញពីក្នុង Facebook, Instagram និង Google Photos បានថែមទៀតផង។
ទាក់ទងនៅនឹងការប្រើប្រាស់នេះ យើងក៏អាចបន្ថែមផ្ទៃ Filter, លេង border និងសរសេរអក្សរនៅលើរូបភាពមុនពេលផ្តិតចេញបានផងដែរ។ Polaroid Insta-Share Moto Mod ប្រើប្រាស់ក្រដាសផ្តិតទឹកថ្នាំប្រភេទ Polaroid Premium ZINK Zero-Ink Paper និងអាចផ្តិតរូបភាពចេញក្នុងទំហំ 2X3” ប្រភេទ smudge-proof format។ បន្ថែមពីនេះយើងក៏អាចយករូបភាពដែលបានផ្តិតចេញមកទៅបិទភ្ជាប់នៅលើរបស់របរផ្សេងៗបានតាមតម្រូវការរបស់យើងក្រោយពេលផ្តិតរួចភ្លាមទៀតផង៕