គិតមកដល់ថ្ងៃនេះ គឺនៅសល់ពេលត្រឹមតែប៉ុន្មានសប្តាហ៌ទៀតប៉ុណ្ណោះ ដល់ពេលដែលក្រុមហ៊ុន Apple ប្រកាសចេញនូវ iPhone 17 Series នៅលើទីផ្សារហើយ។ ស្របពេលដែលវត្តមានរបស់ iPhone ជំនាន់ថ្មីនេះ នៅថ្ងៃនេះ ក៏មានព័ត៌មានថ្មីមួយទៀតដែលប្រភពថ្មីមួយចេញពីប្រទេសកូរ៉េខាងត្បូងផងដែរ ដោយក្នុងនោះ គេបាននិយាយថា ក្រុមហ៊ុនអាមេរិកាំងមួយនេះ បានត្រៀមធ្វើការផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មីថែមទៀតហើយសម្រាប់ iPhone 18 Series នៅឆ្នាំ 2026។ យោងតាមសារព័ត៌មានកូរ់េខាងត្បូង ET News បានបង្ហាញថា Apple អាចនឹងមានការប្រកាសចេញ iPhone 18 Series នៅក្នុងព្រឹត្តិការណ៌ 2 ដាច់ពីគ្នានៅឆ្នាំក្រោយ។
ផ្អែកតាមការលើកឡើងនេះ មានការកត់សម្គាល់ថា នៅខែកញ្ញាឆ្នាំ 2026 ខាងមុខនេះ ក្រុមហ៊ុន Apple អាចនឹងមានការប្រកាសចេញនូវ iPhone 18 Air, iPhone 18 Pro, iPhone 18 Pro Max ហើយក៏អាចនឹងមានវត្តមាន iPhone អេក្រង់បត់បាន ដែលជាម៉ូដែលបត់បានដំបូងរបស់ Apple ផងដែរ។ ហើយសម្រាប់ព្រឹត្តិការណ៌បន្ទាប់។អាចនឹងកើតឡើងនៅដើមឆ្នាំ 2027 ដោយក្រុមហ៊ុន Apple អាចនឹងមានការប្រកាសចេញនូវ iPhone 18 ម៉ូដែលស្តង់ដារ និង iPhone 18e។
ប្រភពខាងលើនេះបន្តថា ការផ្លាស់ប្តូរនេះ ក៏នឹងធ្វើឡើងដូចគ្នាសម្រាប់ការបង្ហាញវត្តមាន iPhone 19 Series ដូចគ្នា ដោយក្រុមហ៊ុននេះ នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានដូចគ្នា។ សូមជំរាបថា តាមរបាយការណ៌ជាច្រើនមុននេះ គឺបានបញ្ជាក់រួចហើយថា Apple នឹងមានការដាក់សម្ពោធជាផ្លូវការណ៌នូវ iPhone 17 series នៅថ្ងៃទី 9 ខែកញ្ញាខាងមុខនេះហើយ។ ដូច្នេះឆាប់ៗនេះ សម្រាប់ការទម្លាយព័ត៌មានផ្សេងៗដែលទាក់ទងនឹងស្មាតហ្វូនថ្មីរបស់ Apple គឺនឹងមានការបញ្ចេញកាន់តែច្រើនថែមទៀត។ កុំភ្លេចតាមដានជាមួយគ្នា!