នៅពេលនេះ មានការទម្លាយថា ក្រុមហ៊ុន Samsung បាននឹងកំពុងតែធ្វើការនៅលើ lens ថ្មីមួយ ដែលអាចនឹងធ្វើអោយស្មាតហ្វូនស៊េរីថ្មី ឬឧបករណ៍ XR Headset មានកម្រាស់កាន់តែស្តើងជាងជំនាន់ៗមុនបាន។ តាមប្រភពខាងលើនេះ អោយដឹងថា ក្រុមហ៊ុន Samsung បានសហការជាមួយនឹងសាកលវិទ្យាល័យ Pohang University of Science and Technology (POSTECH) ធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យា “metalens” ជំនាន់ចុងក្រោយបំផុតរបស់ខ្លួន ដោយថែមទាំងមានការចុះផ្សាយនៅលើ Nature Communications ទៀតផង។
ជំនួសអោយការប្រើប្រាស់នូវកញ្ចក់អេក្រង់កោងតាមបែបប្រពៃណីនោះ បច្ចេកវិទ្យា metalens ថ្មីនេះ គឺនឹងមានការប្រើប្រាស់នូវ Nanostructures ថ្មីដែលស្តើងជាងសរសៃសក់របស់មនុស្សថែមទៀតផង។ ជាមួយនិងកិច្ចសហការគ្នានេះ គឺមានក្រុមការងារស្រាវជ្រាវថ្មីមួយ ដែលដឹកនាំដោយ Dr. Jeong-Geun Yun របស់ក្រុមហ៊ុនស្រាវជ្រាវនៃក្រុមហ៊ុន Samsung Research រួមជាមួយនិងសាស្រ្តាចារ្យ Junsuk Rho នៅ POSTECH បានប្រើប្រាស់នូវវិធីសាស្រ្ត 2/3 Wavelength Phase-Delay Method ដើម្បីធ្វើអោយ lens នេះធន់ និងងាយស្រួលក្នុងការផលិតផងដែរ។ ដូចនេះ modules កាមេរ៉ានេះ អាចនឹងស្តើងជាងមុន 20% ពីកម្រាស់ 2mm មកត្រឹមតែ 1.6mm ប៉ុណ្ណោះ។
បន្ថែមពីនេះ ក្រុមការងារខាងលើនេះ ក៏បានបង្ហាញនូវបច្ចេកវិទ្យានេះ ជាមួយនឹងកាមេរ៉ា Infrared eye សម្រាប់ដំណើរការនៅលើ XR headsets ដែលអាចគ្រប់គ្រងបានយ៉ាងត្រឹមត្រូវទៅលើ iris recognition ទៀតផង។ នៅក្នុងនោះ ក្រុមហ៊ុននេះ ក៏មានការបំពាក់ជាមួយនឹង Modulation Transfer Function (MTF) ដែលមានការបង្កើនពី 50% ទៅ 72% ផងដែរ។ ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួនមានគម្រោងក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះ ដើម្បីកាត់បន្ថយទៅលើកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនជាច្រើននាពេលខាងមុខនេះ៕