ក្រុមហ៊ុន Asus បានដាក់អោយធ្វើបច្ចុប្បន្នភាព Android 10 ជាផ្លូវការណ៍សម្រាប់ស្មាតហ្វូន Zenfone 6 និង Zenfone 5Z រួចហើយ។ ហើយឥលូវនេះក្រុមហ៊ុនក៏បានដាក់អោយធ្វើបច្ចុប្បន្នភាពប្រតិបត្តិការស្មាតហ្វូនជំនាន់ចុងក្រោយនេះជាជំនាន់ Beta សម្រាប់ស្មាតហ្វូន Zenfone Max Pro M1 និង M2 ដែលជាស្មាតហ្វូនធុនកណ្តាលដែលពេញនិយមតាំងពីឆ្នាំ 2018 ផងដែរ។ កន្លងមក Asus បានសន្យាថាស្មាតហ្វូន Zenfone Max Pro M1 នឹងទទួលបានការធ្វើបច្ចុប្បន្នភាពឡើងទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android ពីរជំនាន់ហើយជំនាន់ទីមួយគឺវាបានទទួលរួចហើយកាលពីខែមេសានៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពទៅ Android 9 Pie។ ហើយពេលនេះវាក៏ទទួលបានការធ្វើបច្ចុប្បន្នភាពលើកទីពីរជាមួយនឹងប្រព័ន្ធប្រតិបត្តិការជំនាន់ Android 10 ដែលស្ថិតក្នុងកំនែប្រែ Beta Version ផងដែរ។
បន្ថែមពីនេះជំនាន់ទីពីររបស់វាគឺ Zenfone Max Pro M2 ក៏ទទួលបានកំនែប្រែប្រតិបត្តិការជំនាន់ថ្មីចុងក្រោយនេះដូចគ្នាដែរ។ ស្មាតហ្វូនធុនកណ្តាលទាំងពីរជំនាន់នេះបានប្រសូត្រចេញពីប្រអប់ជាមួយនឹងប្រតិបត្តិការ Android 8.1 Oreo។ ហើយសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android 10 Beta ដែលក្រុមហ៊ុនដាក់អោយដំឡើងនៅលើស្មាតហ្វូន Zenfone Max Pro M1 គឺជាកំនែប្រែដែលមានលេខ 17.2017.1911.407 និងមានទំហំ 1.6GB រីឯកំនែប្រែសម្រាប់ដាក់អោយដំឡើងនៅលើ Max Pro M2 មានលេខ 17.2018.1912.409 ជាមួយទំហំ 1.5GB។
ដូចនេះប្រសិនបើលោកអ្នកកំពុងប្រើស្មាតហ្វូនរបស់ Asus ទាំងពីរម៉ូដែលនេះហើយចង់សាកល្បងជាមួយនឹងបទពិសោធន៍ប្រើប្រាស់ថ្មីនៅលើស្មាតហ្វូនរបស់លោកអ្នកគឺអាចធ្វើការដំឡើងប្រតិបត្តិការជំនាន់ថ្មីចុងក្រោយនេះបានតាមរយះការទាញយកចេញពី Software update របស់ទូរស័ព្ទផ្ទាល់ ប៉ុន្តែ Asus បានណែនាំអោយលោកអ្នកធ្វើការ Backup រាល់ឯកសារសំខាន់ៗរបស់លោកអ្នកទុកដាក់អោយមានសុវត្ថិភាពជាមុនសិនមុននឹងធ្វើការដំឡើងព្រោះជៀសវាងការបាត់បង់ដោយប្រការណាមួយ។
Asus បានបញ្ជាក់ថាក្រោយការដំឡើងរួចរាល់លោកអ្នកនឹងទទួលបានមុខមាត់កម្មវិធីទូរស័ព្ទថ្មីសម្រាប់ការប្រើប្រាស់ មានមុខងារ Dark Mode, Smart Reply សម្រាប់កម្មវិធីផ្ញើសារ និងមុខងារថ្មីសម្រាប់ Navigation system ជាដើម។ បើយោងតាមបុគ្គលិករបស់ Asus បានបង្ហើបអោយដឹងថាការដាក់អោយធ្វើបច្ចុប្បន្នភាពប្រកបដោយស្ថេរភាពផ្លូវការណ៍នឹងមកដល់ក្នុងខែនេះផងដែរ ដូច្នេះប្រសិនបើលោកអ្នកខ្លាចមានបញ្ហាណាមួយកើតមានឡើងដោយយថាហេតុជាមួយនឹងការធ្វើបច្ចុប្បន្នភាពក្នុងជំនាន់ Android 10 Beta នេះ គឺលោកអ្នកអាចរង់ចាំការធ្វើបច្ចុប្បន្នភាពផ្លូវការណ៍ដែលក្រុមហ៊ុននឹងដាក់អោយដំឡើងបានក្នុងពេលឆាប់ៗនេះ៕