Samsung ទើបតែបានប្រកាសចេញ DRAM Chip ជំនាន់ថ្មី។ ម៉ូឌុល DRAM ជំនាន់ថ្មីចុងក្រោយរបស់ Samsung នេះ គឺជាអង្គចងចាំ Graphics Double Data Rate 7 ឬ GDDR7 ដំបូងបង្អស់របស់ឧស្សាហកម្ម ដែលផ្តល់នូវការអាប់ដេតគួរឱ្យកត់សម្គាល់ជាងជំនាន់មុនរបស់វា។
ការប្រកាសចេញ DRAM Chip ជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ គឺបាននាំមកនូវបច្ចេកវិទ្យាចងចាំចុងក្រោយបង្អស់ ដែលផ្តល់នូវការកែលម្អជាមួយល្បឿនទិន្នន័យលើសពី 24Gbps ដែលមាននៅលើ DDR6 DRAM ដែលចេញកាលពីឆ្នាំមុន។ GDDR7 DRAM 16-gigabit ថ្មីរបស់ Samsung នឹងជួយក្រុមហ៊ុនឱ្យរីកចម្រើននៅក្នុងទីផ្សារក្រាហ្វិកកាត ដោយសារការធ្វើបច្ចុប្បន្នភាពថ្មីរបស់ខ្លួនក្នុងការរចនាសៀគ្វីរួមបញ្ចូលគ្នា និងដំណើរការមានស្ថេរភាពក្នុងល្បឿនលឿនជាងមុន។ GDDR7 DRAM របស់ Samsung បានបង្កើតកំណត់ត្រាជាមួយនឹងល្បឿនរហូតដល់ទភ 1.5TBps។
Samsung ក៏បានអះអាងថានឹងផ្តល់នូវល្បឿនទិន្នន័យខ្ពស់ជាងមុនដោយក្នុងមួយនាទីអាចធ្វើបានដល់ 32Gbps។ Samsung បានធ្វើការកែលម្អទៅលើប្រព័ន្ធ Pulse Amplitude Modulation (PAM3) ដែលអនុញ្ញាតឱ្យទិន្នន័យ 50% បន្ថែមទៀតត្រូវបានបញ្ជូនបើប្រៀបធៀបទៅនឹង Non Return to Zero (NRZ) ពីជំនាន់មុនក្នុងវដ្តដូចគ្នា។ ដែលធ្វើឲ្យ GDDR7 DRAM មានប្រសិទ្ធភាពថាមពលល្បឿនលឿនជាង 20% ធៀបនឹង GDDR6 ជំនាន់មុន។
លោក Yongcheol Bae អនុប្រធានប្រតិបត្តិនៃក្រុមផលិត Memory របស់ Samsung បាននិយាយថា "GDDR7 DRAM របស់យើងនឹងជួយលើកកម្ពស់បទពិសោធន៍អ្នកប្រើប្រាស់នៅក្នុងផ្នែកដែលទាមទារឱ្យមានដំណើរការក្រាហ្វិកដ៏ល្អឥតខ្ចោះ ដូចជា ម៉ាស៊ីន Workstation, កុំព្យូទ័រ និងឧបករណ៍ហ្គេម ហើយត្រូវបានគេរំពឹងថានឹងពង្រីកទៅក្នុងកម្មវិធីនាពេលអនាគតដូចជា ប្រព័ន្ធ AI, High Performance Computing (HPC) និងក្នុងឧស្សាហកម្មរថយន្តជាដើម។ Graphic DRAM ជំនាន់ក្រោយនេះ នឹងត្រូវបាននាំយកទៅកាន់ទីផ្សារស្របតាមតម្រូវការឧស្សាហកម្ម ហើយយើងគ្រោងនឹងបន្តភាពជាអ្នកនាំមុខនៅក្នុងទីផ្សារនៃឧស្សាហកម្មមួយនេះជានិច្ច៕