រថយន្តអគ្គិសនី Xiaomi SU7 ចំនួន 1 ម៉ឺនគ្រឿងត្រូវបានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មផ្លូវការណ៍ត្រឹមរយះពេល 32 ថ្ងៃប៉ុណ្ណោះ

Xiaomi គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិច និងជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់កំពូលមួយរបស់ប្រទេសចិន។ ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ Xiaomi បានធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យឧស្សាហកម្មយានយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធ (Electric Vehicle)។ ក្រុមហ៊ុននេះ បានធ្វើការប្រកាសចេញរថយន្តដំបូងរបស់ខ្លួនម៉ូដែល Xiaomi SU7 និងបានចាប់ផ្តើមចេញលក់ផ្លូវការណ៍នៅចុងខែមិនា ដោយទទួលបានការគាំទ្រដ៏លើសលប់ពីអតិថិជន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរបាយការណ៍ដែលបានចេញផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា ត្រឹមរយះពេល 32 ថ្ងៃ បន្ទាប់ពីការប្រកាសចេញលក់ផ្លូវការណ៍ រថយន្ត SU7 របស់ Xiaomi ចំនួន 100,000 គ្រឿងត្រូវបានរំកឹលចេញពីខ្សែសង្វាក់ផលិតកម្ម ដែលនេះ គឺជាចំនួនដ៏ច្រើនបំផុតសម្រាប់ការផលិតដំបូងរបស់ក្រុមហ៊ុនផលិតរថយន្តថ្មីថ្មោងរបស់ប្រទេសចិនមួយនេះ។ ហើយនៅក៏បានបង្ហាញពីសន្ទុះក្នុងការគាំទ្រដ៏ច្រើនលើសលប់មកលើរថយន្តអគ្គិសនីដំបូងរបស់ Xiaomi។ ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់នេះ ក្រុមហ៊ុនក៏បានធ្វើការព្យាករណ៍ទុកថា នៅមុនដំណាច់ឆ្នាំ 2024 នេះ ការនាំចេញរថយន្តអគ្គិសនី SU7 របស់ខ្លួន នឹងមានចំនួនដល់ទៅ 10 ម៉ឺនគ្រឿង។

 

សូមបញ្ជាក់ថា Xiaomi បានធ្វើការនាំចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនដែលក្រុមហ៊ុនឲ្យឈ្មោះថា SU7 Founder Limited Edition ចំនួន 5,000 គ្រឿង កាលពីដើមខែមេសា ហើយពេលនេះបើតាមរបាយការណ៍ក្រុមហ៊ុនបានបញ្ជាក់ថា មកទល់នឹងពេលនេះ ក្រុមហ៊ុនទទួលបានការបញ្ជាទិញមុនសម្រាប់ SU7 ឈានដល់ចំនួន 75,000 គ្រឿង។ ហើយកាលពីអំឡុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តនៅទីក្រុងប៉េកាំងថ្មីៗនេះ Beijing Auto Show 2024 លោក Lei Jun ដែលជាស្ថាបនិក និងជា CEO របស់ Xiaomi បានអះអាងថា Xiaomi នឹងមានការនាំចេញរថយន្តដំបូងរបស់ខ្លួនទៅកាន់ដៃអតិថិជនឲ្យបានយ៉ាងហោចណាស់ក៏ 1 ម៉ឺនគ្រឿងដែរ នៅត្រឹមខែមិថុនា ឆ្នា 2024។

Xiaomi SU7 គឺជារថយន្តអគ្គិសនីប្រភេទ Sedan ដែលមានតម្លៃធូរថ្លៃចាប់ពីខ្ទង់ក្រោម $30,000 ជាមួយជម្រើសបីម៉ូដែល គឺម៉ូដែលស្តង់ដារ SU7, SU7 Pro និង SU7 Max។ បើតាមប្រភពព័ត៌មានចុងក្រោយមួយទៀតបាននិយាយថា Xiaomi មិនឈប់ត្រឹមការផលិតរថយន្តប្រភេទ Sedan SU7 Series នោះឡើយ ដោយក្រុមហ៊ុននេះបាននឹងកំពុងបន្តមហិច្ឆិតារបស់ខ្លួនបន្ថែមទៀតក្នុងទីផ្សាររថយន្តជាមួយគម្រោងក្នុងការផលិតរថយន្តចំនួន 6 ម៉ូដែលផ្សេងទៀត ដោយក្នុងនោះក៏មានរថយន្តប្រភេទ SUV ផងដែរ ដើម្បីធ្វើការប្រគូតប្រជែងជាមួយក្រុមហ៊ុន Tesla។ ទោះជាយ៉ាងណា Xiaomi ក៏បានធ្វើការច្រានចោលព័ត៌មានដែលបាននិយាយថា ក្រុមហ៊ុនមានគម្រោងក្នុងការចូលប្រឡូកក្នុងទីផ្សាររថយន្តប្រភេទ EREV ដោយសារតែបច្ចុប្បន្ន Xiaomi បាននឹងកំពុងផ្តោតតែទៅលើការផលិតរថយន្តអគ្គិសនិសុទ្ធតែប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍