Nio ET7 រថយន្តអគ្គិសនីជំនាន់ថ្មីឆ្នាំ 2024 បានបង្ហាញខ្លួនផ្លូវការណ៍ជាមួយតម្លៃ $63,000

នៅអំឡុងព្រឹត្តិការណ៍តាំងពិព័រណ៌រថយន្តប្រចាំឆ្នាំនៅទីក្រុងប៉េកាំងប្រទេសចិន 2024 Beijing Auto Show ឃើញថាមានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើនបានធ្វើការនាំយករថយន្តស៊េរីថ្មីៗចុងក្រោយរបស់ខ្លួនទៅដាក់តាំងបង្ហាញ។ ក្នុងនោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីល្បីឈ្មោះរបស់ចិន Nio ក៏បានធ្វើការដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីចុងក្រោយរបស់ខ្លួនស៊េរីឆ្នាំ 2024 ម៉ូដែល Nio ET7។ រថយន្តស៊េរីថ្មីឆ្នាំ 2024 នេះត្រូវបានក្រុមហ៊ុនធ្វើការ Upgrade ថ្មីជាច្រើនរហូតដល់ 180 ចំនុចពីជំនាន់ ET7 ឆ្នាំ 2023 ប៉ុន្តែ រក្សាតម្លៃចាប់ផ្តើមប្រហាក់ប្រហែលគ្នាដដែល។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមបញ្ជាក់ថា Nio បានបញ្ចេញម៉ាករថយន្ត Sedan ស៊េរី ET7 កាលពីអំឡុងឆ្នាំ 2021 នៅក្នុងអំឡុងព្រឹត្តិការណ៍ Nio Day 2020។ ហើយការនាំចេញលើកដំបូងសម្រាប់ម៉ូដែលរថយន្តប្រណិតនេះ គឺត្រូវបានធ្វើឡើងនៅក្នុងខែមិនា ឆ្នាំ 2022។ Nio ET7 គឺជារថយ្តអគ្គិសនី Sedan ដំបូងរបស់ Nio ដែលផលិតឡើងតាមទម្រង់ស្តងដារគ្រោងឆ្អឹង NT2.0 Platform។ ដោយឡែកសម្រាប់ម៉ូដែល 2023 Nio ET7 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តនៅទីក្រុងសៀងហៃ Shanghai Auto Show នៅក្នុងខែមេសា ឆ្នាំ 2023 ជាមួយតម្លៃចាប់ពីខ្ទង់ប្រហែល $63,204។ 

 

ទោះជាយ៉ាងណា ក្រោយមក Nio បានទម្លាក់តម្លៃ 2023 ET7 ប្រមាណ $4,140 ព្រមជាមួយការផ្តល់ជូននូវកញ្ចប់សេវាប្តូរថ្មដោយឥតគិតថ្លៃជាជម្រើសបង់ប្រាក់។ ET7 គឺជាម៉ូដែលរថយន្តអគ្គិសនី Sedan ដែលឈានមុខគេក្នុងចំណោមរថយន្តអគ្គិសនីទាំងអស់នៅក្នុងប្រទេសចិន ដោយមានចំនួនជាង 30,000 គ្រឿងត្រូវបានលក់ចេញ។ សម្រាប់ Nio ET7 ស៊េរីឆ្នាំ 2024 ថ្មីនេះ ត្រូវបានក្រុមហ៊ុនផ្តល់ជូនជាមួយជម្រើសចំនួនពីរម៉ូដែលផ្សេងគ្នា គឺ  Executive និង Executive Signature។ កាលពីជំនាន់ Nio ET7 ឆ្នាំ 2023 នៅលើម៉ូដែលស្តង់ដារ គឺមានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំធំដល់ 100kWh ដែលជាកញ្ចប់ថាមពលអាគុយអគ្គិសនីខ្លាំងបំផុតសម្រាប់ទីផ្សាររថយន្តអគ្គិសនី។ 

ចំនែកម៉ូដែល 2023 ET7 Signature Edition គឺមានជម្រើសកញ្ចប់អាគុយចាប់ពីទំហំ 75kWh និង 100kWh។ ចំពោះតម្លៃវិញ 2024 Nio ET7 Executive Edition គឺខ្ទង់ប្រហែល $63,204 ចំនែកម៉ូដែលកំពូល ឬ Long-range version វិញ មានតម្លៃប្រហែល $71,208 ហើយតម្លៃម៉ូដែលនេះ គឺខ្ពស់ជាងជំនាន់ឆ្នាំ 2023 ប្រមាណ $1,380។ Nio បានបើកទទួលការបញ្ជាទិញសម្រាប់រថយន្តជំនាន់ថ្មីឆ្នាំ 2024 ET7 របស់ខ្លួនជាផ្លូវការណ៍ហើយ ដោយការនាំចេញដំបូងនឹងចាប់ផ្តើមនៅថ្ងៃទី 30 ខែមេសា ស្អែកនេះសម្រាប់ទីផ្សារក្នុងស្រុក (ប្រទេសចិន)។ ហើយរថយន្តស៊េរីថ្មីនេះ ក៏មានសម្រាប់អតិថិជនធ្វើការបើកបរសាកល្បងផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍