យោងតាមព័ត៌មានថ្មីៗនេះ បានបញ្ជាក់ថា នៅថ្ងៃទី 1 ខែកញ្ញានេះ កាលបរិច្ឆេទនៃការប្រកាសចេញជាសកលនៃស្មាតហ្វូន Xiaomi 13T series គឺគ្រោងនឹងមានការបង្ហាញនូវស្មាតហ្វូនចំនួន 2 ម៉ូដែល ហើយក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយនេះក៏បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី flagship នេះដែលមានឈ្មោះហៅថា Xiaomi 14 series ផងដែរ។ បើរបាយការណ៍ថ្មីមួយ នៅពេលនេះ គឺបានទម្លាយអំពីលក្ខណៈលម្អិតជាច្រើនអំពីស្មាតហ្វូន Xiaomi 14 Pro ហើយ។
មានការបង្ហាញថា ក្រុមហ៊ុន Xiaomi កំពុងតែត្រៀមយុទ្ធសាស្រ្តសម្រាប់ទប់ទល់ជាមួយនឹងក្រុមហ៊ុន Apples តាមរយៈវត្តមានរបស់ស្មាតហ្វូន Flagship Pro របស់ខ្លួន។ យោងតាមអ្នកទម្លាយ DCS បានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Xiaomi 14 Pro ដែលថែមទាំងបញ្ជាក់ថា ស្មាតហ្វូននេះ មានកញ្ចក់ nano-ceramic glass cover គែមទីតាញ៉ូម និងផ្នែកខាងក្រោយសេរ៉ាមិចថែមទៀតផង។ បន្ថែមពីនេះទៀតនោះ អ្នកទម្លាយនេះ ក៏បានបង្ហាញទៀតថា ស្មាតហ្វូននេះ នឹងមានបច្ចេកវិទ្យាផ្កាយរណប Satellite Communication Technology ផងដែរ។
សូមជំរាបថា ថ្មីៗនេះ មានព័តមានជាច្រើនបាននិយាយថា ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវគែម Titanium alloy frame នៅលើស្មាតហ្វូន iPhone 15 Pro series ដែលគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកញ្ញានេះ។ ដូចអ្វីដែលយើងបានដឹងនោះ ស្មាតហ្វូន iPhone 14 series បច្ចុប្បន្នគឺមានមុខងារ SOS សម្រាប់ប្រើប្រាស់នូវ Satellite Connectivity។
ដូចនេះ សម្រាប់វត្តមានរបស់ស្មាតហ្វូន Xiaomi 14 Pro ថ្មីនេះ ក៏ត្រូវបានគេរំពឹងថា នឹងមានបច្ចេកវិទ្យា satellite connectivity ដូចគ្នានេះផងដែរ។ ក្រៅពីនេះ DCS ក៏បានបញ្ជាក់ថា ស្មាតហ្វូន Xiaomi 14 Pro នឹងមានបន្ទះឈីប SM8650 ដែលនេះ គឺជាជំនាន់ថ្មីរបស់បន្ទះឈីប Snapdragon 8 Gen 3 SoC ថែមទៀតផង។ នៅក្នុងរបាយការណ៍ខាងលើនេះ ក៏មានការទម្លាយនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Xiaomi 14 Pro+ ផងដែរ៕