ក្រុមហ៊ុន Tecno បានធ្វើការប្រកាសចេញស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីម៉ូដែល Spark 20។ ស្មាតហ្វូនស៊េរីថ្មីនេះ បានបំពាក់មកជាមួយគុណសម្បត្តិល្អៗជាច្រើន ជាមួយនិងការឌីស្សាញរូបរាងប្រកបដោយភាពស្រស់ស្អាតទាក់ទាញ។ Tecno Spark 20 បំពាក់នូវបន្ទះអេក្រង់ LCD Display ល្បឿន 90Hz refresh rate និងគាំទ្រកម្រិតបង្ហាញ HD+ ទំហំ 720x1612px។ ស្មាតហ្វូនស៊េរីថ្មីនេះ គាំទ្រការដំឡើងមកជាមួយ Android 13 និងស្រោបដោយមុខងារ HiOS13 UI។
បន្ទះអេក្រង់របស់ Spark 20 គាំទ្រមុខងារ Dynamic Port ដែលដំណើរការនៅ Notification ជុំវិញរន្ធនៃអេក្រង់ (Punch-Hole) ស្រដៀងគ្នានឹង Dynamic Island នៅលើ iPhone 15 Pro Series ដែរ។ Techno Spark 20 បំពាក់មកជាមួយបន្ទះឈីប MediaTek Helio G85 ភ្ជាប់ដោយរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB ព្រមទាំងអាចដាក់បន្ថែមទំហំខាងក្រៅបានជាមួយ microSD ផងដែរ។ ស្មាតហ្វូនកម្រិតថវិកានេះ មានថ្មទំហំ 5,000mAh និងគាំទ្រកំលាំងសាកភ្លើងល្បឿនលឿន 18W តាមរយះរន្ធ USB-C។
Tecno Spark 20 មានកាមេរ៉ាសែលហ្វីទំហំ 32MP ជាលែនទំលុះថ្ងាសអេក្រង់ ដែលអមដោយអំពូលភ្លើង LED ដែលអាចកំនត់ពន្លឺបាន 3 កម្រិតផ្សេងគ្នា។ នៅលើប្រព័ន្ធកាមេរ៉ាក្រោយមានកាមេរ៉ាគោលទំហំ 50MP ជាមួយ AI Lens មួយគ្រាប់ និងមានអំពូល LED Flash មួយគ្រាប់។ ស្មាតហ្វូននេះ គាំទ្រការដាក់ស៊ីមកាតបានពីរគាំទ្រសេវា 4G LTE, Wi-Fi, Bluetooth, GPS, Fingerprint sensor នៅលើស៊ុមខាងស្តាំ, ប្រព័ន្ធបំពងសំឡេងពីរគ្រាប់ Dual-Stereo Speaker និងរន្ធដោតកាសខ្នាត 3.5mm។ Tecno Spark 20 មានជម្រើសពណ៌ Gravity Black, Cyber White, Neon Gold, និង Magic Skin 2.0 ហើយក៏មានពណ៌ខៀវដែលផលិតពីស្បែកផងដែរ។ យ៉ាងណាមិញ Tecno មិនទាន់បានបញ្ជាក់ពីតម្លៃ និងថ្ងៃចេញលក់ Spark 20 នៅឡើយទេ។
Tecno ត្រៀមប្រកាសចេញស្មាតហ្វូនស្រឡាយ Spark 20 Series ដែលរួមមាន Spark 20C, Spark 20 5G, Spark 20 Pro, និង Spark 20 Pro+ ក្នុងពេលឆាប់ៗនេះ។ យ៉ាងណាមិញ កាលពីដើមសប្តាហ៍នេះ Tecno បានធ្វើការប្រកាសចេញម៉ូដែល Spark 20C ដែលមានអេក្រង់ 90Hz LCD Display និងមានកាមេរ៉ាក្រោយទំហំ 50MP៕