យោងទៅលើប្រភពព័ត៌មានចចាមអារាម បានឲ្យដឹងថា Samsung Galaxy S24 Series ដែលជាកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung នឹងបង្ហាញវត្តមានផ្លូវការណ៍នៅពាក់កណ្តាលខែមករា ឆ្នាំ 2024។ ហើយនៅមុនការបង្ហាញខ្លួនមកដល់ យើងក៏ទទួលបានព័ត៌មានជាច្រើនដែលបានចុះផ្សាយទាក់ទងនឹងបងប្អូនគ្រួសារស្មាតហ្វូន Galaxy S-Series ជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ។
ហើយបើតាមប្រភពព័ត៌មានថ្មីថ្ងៃនេះ ដែលបានចែកចាយដោយបណ្តាញ Windows Report បានធ្វើការបង្ហាញរូបរាងនៃការឌីស្សាញច្បាស់ៗរបស់បងប្អូន Galaxy S24 Series ទាំងបីស៊េរីដែលមាន Galaxy S24, S24+ និង S24 Ultra ព្រមទាំងបង្ហាញពីគុណសម្បត្តិជាច្រើនរបស់បងប្អូនទាំងបីស៊េរីមកជាមួយផងដែរ។ សម្រាប់ម៉ូដែល Galaxy S24 Ultra ដែលជាបងធំក្នុងគ្រួសារ Galaxy S24 គឺមានការឌីស្សាញឡើងជាមួយស៊ុមជុំវិញបែបទាលស្មើរ (Squarish frame) ជាមួយនឹងការបំពាក់អេក្រង់ដែលមានផ្ទៃរាបស្មើរ មិនកោងគែមដូច Galaxy S23 Ultra បច្ចុប្បន្នឡើយ ហើយអាចនឹងមានទំហំ 6.8-inch QHD+ ល្បឿន 120Hz។ បងធំក្នុងគ្រួសារមួយនេះ ក៏នឹងប្រើប្រាស់ស៊ុមជុំវិញថ្មីជាប្រភេទទីតានីម (Titanium Frame) ជំនួសឲ្យ Armor Aluminum Frame ផងដែរ។ Galaxy S24 Ultra នឹងមានជម្រើសពណ៌ដូចជា ខ្មៅ Titanium Black, ប្រផេះ Titanium Gray, ស្វាយ Titanium Violet, និងលឿង Titanium Yellow។
សម្រាប់កំលាំងម៉ាស៊ីនវិញ Galaxy S24 Ultra នឹងបំពាក់កំពូលឈីបជំនាន់ថ្មី Snapdragon 8 Gen 3 For Galaxy ភ្ជាប់ជាមួយរ៉េមទំហំ 8GB/12GB និងមានជម្រើសម៉េមូរីទំហំ 256GB/512GB ដល់ 1TB។ ជាមួយគ្នានេះ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា Samsung ក៏នឹងបង្កើនទំហំនៃប្រព័ន្ធសារធាតុត្រជាក់ (larger vapor chamber cooling system) ធំជាងជំនាន់មុននៅលើបងប្អូន Galaxy S24 Series ថែមទៀតផង ដោយ Galaxy S24 Ultra នឹងមានប្រព័ន្ធសារធាតុត្រជាក់បន្សាបកំដៅធំជាង 1.9 ដង ធៀបនឹង Galaxy S23 Ultra បច្ចុប្បន្ន។
សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ Galaxy S24 Ultra ត្រូវបានគេរំពឹងថា នឹងមានការដំឡើងមកជាមួយសែនស័រទំហំ 200MP ជំនាន់ថ្មី ជាមួយៃសែនស័រ Ultra-wide ទំហំ 12MP, 10MP Telephoto 3X Optical-zoom និង 50MP Periscope telephoto ដែលនឹងមានសមត្ថភាព Optical-zoom បាន 5X។ បន្ថែមពីនេះ Samsung Galaxy S24 Ultra នឹងត្រូវធ្វើការឧទេ្ទសមានជា AI Phone ដោយសារតែ Samsung បានធ្វើការអភិវឌ្ឍន៍នៅបច្ចេកវិទ្យា AI ថ្មីៗដើម្បីញាត់បញ្ចូលនៅក្នុងទូរស័ព្ទកំពូលរបស់ខ្លួនមួយនេះ ក្នុងនោះមានដូចជាប្រព័ន្ធ Generative AI feature ជាដើម ហើយក៏នឹងគាំទ្របច្ចេកវិទ្យា Wi-Fi 7 ថែមទៀតផង។
ចំនែកប្អូនៗ Galaxy S24 និង S24+ វិញ ក៏នឹងមានការឌីស្សាញរូបរាងថ្មីជាមួយស៊ុមជុំវិញទាលស្មើរជ្រុងជាមួយបន្ទះអេក្រង់រាបស្មើរ ហើយក៏នឹងមានកម្រាស់ស្តើងផងដែរ។ ប៉ុន្តែ អាចនឹងមិនប្រើស៊ុម Titanium Frame ដូចបងធំ Galaxy S24 Ultra នោះទេ។ Galaxy S24 និង S24+ អាចនឹងមានជម្រើសពណ៌លឿង Amber Yellow, ស្វាយ Cobalt Violet, ប្រផេះ Marble Grey, និងខ្មៅ Onyx Black។ ប្អូនទាំងពីរនេះ ក៏នឹងប្រើកំពូលឈីប Snapdragon 8 Gen 3 For Galaxy ដែរ។
យ៉ាងណាមិញបើតាមប្រភពព័ត៌មានមួយចំនួនបាននិយាយថា Galaxy S24 និង S24+ ក៏នឹងមានជម្រើសម៉ូដែលប្រើបន្ទះឈីប Exynos 2400 ជំនាន់ថ្មីរបស់ Samsung ផងដែរ ហើយនិងត្រូវចេញលក់សម្រាប់ទីផ្សារទូទៅ លើកលែងតែទីផ្សារប្រទេសចិន កាណាដា និងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ សម្រាប់ Galaxy S24 នឹងបានការបង្កើនទំហំ vapor chamber cooling system ធំជាង Galaxy S23 ប្រមាណ 1.5 ដង រីឯ Galaxy S24+ នឹងបង្កើតទំហំធំជាង 1.6 ដង ធៀបនឹង Galaxy S23+។
ម៉ូដែល Galaxy S24 នឹងមានថ្មទំហំ 4,000mAh គាំទ្រកំលាំងសាកភ្លើងល្បឿនលឿន 25W ចំនែក Galaxy S24+ នឹងមានថ្មទំហំ 4,900mAh និង Galaxy S24 Ultra នឹងមានថ្មទំហំ 5,000mAh ហើយនិងគាំទ្រកំលាំងសាកភ្លើងល្បឿនលឿន 45W ដូចគ្នា៕