ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Honor 100 Series នៅលើទីផ្សារប្រទេសចិន។ នៅពេលនេះមានការលេចលឺដំណឹងថា អគ្គនាយករបស់ក្រុមហ៊ុន Honor នេះ បានចាប់ផ្តើមបង្ហាញនូវការចាប់អារម្មណ៍ខ្លាំងទៅលើស្មាតហ្វូន Honor Magic6 Series ថែមទៀតហើយ។ នៅក្នុងការសន្ទនាមួយនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹត្តិការណ៌សម្ពោធ Honor 100 Series នេះ លោក Zhao Ming អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Honor បាននិយាយថា ក្រុមហ៊ុន Honor នៅតែពង្រឹងទៅលើសមត្ថភាពនៃស្មាតហ្វូនដដែល។
នៅពេលនេះ មានការបញ្ជាក់ថា ក្រុមហ៊ុន Honor បានកំពុងតែធ្វើការឌីស្សាញថ្មីទៅលើស្មាតហ្វូនថ្មីនេះហើយ។ ស្មាតហ្វូន Honor Magic 6 series នេះ នឹងមានតម្លើងមកជាមួយនឹង MagicOS 8 ហើយនិងមានការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 14។ នៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងមានការប្រើប្រាស់នូវ large language model ដែលមានសមត្ថភាព AI យ៉ាងខ្លាំងក្លា និងបន្ទះឈីប Snapdragon 8 Gen 3 chipset ថែមទៀត។
នៅក្នុងសន្និសីទសារព័ត៌មាននេះ លោក Zhao ក៏បានទម្លាយបន្ថែមទៀតថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 6 Series នេះនឹងមានបច្ចេកវិទ្យាផ្កាយរណប Satellite Communication technology ថែមទៀតផង។ គាត់បាននិយាយថា ក្រុមហ៊ុន Honor ក៏ធ្វើការនៅលើបច្ចេកវិទ្យាផ្កាយរណប (satellite communication tech) អស់រយៈពេលយូរហើយ ហើយវាក៏បានដាក់នៅលើស្មាតហ្វូន Magic 5 series ផងដែរ។
ទាក់ទងនឹងរឿងនេះ លោក Zhao នៅមិនទាន់បញ្ជាក់ថា ស្មាតហ្វូន Magic6 Series នឹងទ្រទ្រង់ទៅលើតែសេវាកម្ម SMS ឬការខលយ៉ាងណានោះទេ។ នៅក្នុងពេលនេះ គឺមានតែក្រុមហ៊ុនផលិតស្មាតហ្វូន Huawei តែមួយប៉ុណ្ណោះនៅក្នុងឧស្សាហកម្មនេះ ដែលជាក្រុមហ៊ុនដាក់អោយមាននូវការទ្រទ្រង់មុខងារ SMS និង Satellite ទៅលើស្មាតហ្វូនរបស់ខ្លួន៕