
ដូចដែលយើងបានដឹងរួចហើយថា Apple បានធ្វើកំនែប្រែបច្ចេកវិទ្យាអេក្រង់របស់ iPhone ជាមួយនឹងបច្ចេកវិទ្យាថ្មីហៅថា Dynamic Island ដែលបានប្រើនៅលើ iPhone ម៉ូដែល Pro Series ចំនួនពីរជំនាន់មកហើយ គឺ iPhone 14 Pro និង iPhone 15 Pro Series។ យ៉ាងណាមិញ Apple ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការអភិវឌ្ឍន៍លើបច្ចេកវិទ្យាអេក្រង់ជំនាន់ថ្មីផ្សេងទៀត សម្រាប់ប្រើនៅលើអនាគត iPhones របស់ខ្លួន។
ហើយថ្មីៗនេះបើតាមប្រភពចេញពបណ្តាញសារព័ត៌មានរបស់កូរ៉េខាងត្បូងឈ្មោះថា TheElec បានបង្ហើបថា ទូរស័ព្ទ iPhone ដំបូងដែលមានអេក្រង់លាតពេញផ្ទៃ គ្មានរន្ធទំលុះអេក្រង់ត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាននៅក្នុងឆ្នាំ 2026។ ដែលនេះមានន័យថាទូរស័ព្ទ iPhone ដែលបំពាក់បច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ UDC (Under-Display Camera) ទំនងជានឹងបង្ហាញវត្តមាននៅឆ្នាំ 2026។
ក្រុមហ៊ុនផលិតលែនកាមេរ៉ារបស់កូរ៉េខាងត្បូង LG Innotek ពេលនេះ បាននិងកំពុងធ្វើការអភិវឌ្ឍន៍នៅប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ (Advance Development) នៃប្រព័ន្ធ UDC ដែលនឹងត្រូវបានប្រើបច្ចេកវិទ្យា Opti-lens System។ ដែលប្រព័ន្ធបច្ចេកវិទ្យាលែននេះ ត្រូវបានគេដឹងមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងកម្រិតពន្លឺទម្លុះផ្ទៃអេក្រង់ ដើម្បីផ្តល់ឲ្យការថតរូបទទួលបានគុណភាពខ្ពស់បំផុតសម្រាប់ប្រព័ន្ធសែនស័រកាមេរ៉ា UDC។ ហើយ Apple ត្រូវបានគេរាយការណ៍ថា បានទទួលនៅគំរូ UDC ពីក្រុមហ៊ុនដៃគូផ្គត់ផ្គង់របស់ខ្លួនរួចហើយ។

លោក Ross Young ដែលជា CEO របស់ក្រុមហ៊ុន Display Supply Chain Consultant (DSCC) ធ្លាប់បានលើកឡើងថា Apple រំពឹងថា អាចនឹងប្រើនូវប្រព័ន្ធបច្ចេកវិទ្យាសែនស័រ UD Face ID នៅលើ iPhone Pro Series ដែលចេញនៅឆ្នាំ 2025 ខណៈ iPhone ដំបូងដែលមានអេក្រង់លាតពេញផ្ទៃជាមួយការបំពាក់ប្រព័ន្ធកាមេរ៉ាក្រោមអេក្រង់ UDC និង UD Face ID នឹងបង្ហាញវត្តមាននៅឆ្នាំ 2027៕





