ថ្មីៗនេះមានការបែកធ្លាយថ្មីមួយ បានទម្លាយថា ក្រុមហ៊ុន Huawei អាចនឹងការបង្ហាញចេញនូវថេប្លេតដែលមានអេក្រង់ទំហំតូចរបស់ខ្លួននៅក្នុងខែមិថុនាខាងមុខនេះ ជាមួយនឹងការដាក់អោយដំណើរការនៅលើបន្ទះឈីប Kirin 9020 ថែមទៀតផង។ តាមរយៈនៃការលេចធ្លាយព័ត៌មាននេះ មានការកត់សម្គាល់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ មានគោលដៅក្នុងការបង្ហាញនូវផលិតផលខ្លាំងក្លាជាច្រើនទៀតទៅលើគ្រប់ឧបករណ៍ទាំងអស់របស់ខ្លួន ហើយថេប្លេត MatePad ក៏នឹងមានម៉ូឌែលខ្នាតតូចផងដែរ។
បើផ្អែកតាមអ្នកទម្លាយ @FixedFocus ដែលបានបង្ហោះនៅលើ Weibo គឺមានការបញ្ជាក់អំពីកាលបរិច្ឆេទនៃការសម្ពោធ និងបញ្ជាក់នូវព័ត៌មានលម្អិតនៃបន្ទះឈីបសម្រាប់ថេប្លេតខ្នាតតូចរបស់ក្រុមហ៊ុន Huawei នេះហើយ។ ថេប្លេត Huawei MatePad ថ្មីនេះគឺមានលេខកូដ ‘Morandi’ ដែលមានទំហំ 8.8-អ៊ីង ដែលមានកម្រិតភាពច្បាស់ខ្ពស់ជាងមុន។ ការបែកធ្លាយមុននេះបញ្ជាក់ថា ថេប្លេតខ្នាតតូច Huawei MatePad នេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែមិថុនានេះ ហើយវានឹងបំពាក់នូវបន្ទះឈីប Kirin 9020។
ថេប្លេតនេះ នឹងមានការពង្រឹងទៅលើសមត្ថភាពកាន់តែខ្លាំងក្លាដូចទៅនឹងថេប្លេត flagship MatePad Pro 13.2 ឆ្នាំ 2025 ផងដែរ។ កម្លាំងម៉ាស៊ីនរបស់ថេប្លេតតូចនេះនឹងដូចទៅនឹង Pura X។ ទន្ទឹមនឹងនេះ ផងដែរ បន្ទះឈីប Pura X មិនត្រឹមតែមានការបង្កើនទៅលើកម្លាំងម៉ាស៊ីននោះទេ គឺថែមទាំងមានការបង្កើនទៅលើល្បឿននៃ CPU និងប្រសិទ្ធិភាពដល់ទៅ 5%។
សូមជំរាបថា ក្រុមហ៊ុន Huawei ក៏នឹងមានបង្ហាញនូវផលិតផលជាច្រើននៅក្នុងឆ្នាំនេះ ហើយក្នុងនោះក៏នឹងមានវត្តមានថេប្លេតខ្នាតតូចផងដែរ។ ថេប្លេតថ្មីនេះ នឹងមានពណ៌ថ្មី កម្លាំងម៉ាស៊ីនកាន់តែប្រសើរ និងមុខងារអស្ចារ្យជាច្រើនទៀត។ ក្រុមហ៊ុនអាចនឹងប្រកាសចេញនូវថេប្លេតតូចនេះ ជាមួយនឹងស្មាតហ្វូន Pura 80 series ផងដែរ៕