Galaxy S25 Edge ដែលជាស្មាតហ្វូនស៊េរីថ្មីមួយទៀតនៃត្រកូល S-25 Series របស់ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងមានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 13 ខែឧសភាឆ្នាំ 2025 ខាងមុខនេះហើយ។ ស្របពេលជាមួយនិងដំណឹងនេះ នៅថ្ងៃនេះ លក្ខណៈ សម្បត្តិនៃកាមេរ៉ាដែលនឹងមានដាក់អោយនៅលើស្មាតហ្វូននេះ ក៏ត្រូវបានគេទម្លាយផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 200MP និងមួយគ្រាប់ទៀតមានទំហំ 12MP ultrawide។ សិនស័រគោលរបស់ស្មាតហ្វូននេះ គឺនឹងមានសមត្ថភាពដូចទៅនឹងសិនស័រនៅលើស្មាតហ្វូន Galaxy S25 Ultra អញ្ចឹង។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរាយការណ៌បន្ថែមថា នឹងបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសជាច្រើនផងដែរ។
សូមជំរាបផងដែរថា ស្មាតហ្វូន Galaxy S25 Edge នេះ ធ្លាប់បានទម្លាយនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅក្នុងខែមករានេះ ជាលើកដំបូងបំផុតជាមួយនឹងគែមទីតានៀម និងមានកម្រ៉ាស់ត្រឹមតែ 5.8mm ប៉ុណ្ណោះ។ មិនខុសពីព័ត៌មាននេះទេ មុននេះ ស្មាតហ្វូននេះ ត្រូវបានគេទម្លាយថា នឹងមានកាមេរ៉ាគោលទំហំ 200MP គាំទ្រដោយសិនស័រ 1/1.3 អ៊ីង ដូចគ្នាទៅនឹងស្មាតហ្វូន S25 Ultra អញ្ចឹង ហើយកាមេរ៉ានៅលើស្មាតហ្វូននេះ ក៏មាន 2x zoom ផងដែរ។
សម្រាប់គ្រាប់ទីពីរនៅលើនេះស្មាតហ្វូនវិញ គឺមានបំពាក់នូវកាមេរ៉ាទំហំ 12MP ultrawide គាំទ្រដោយសិនស័រ 1/2.55″ ខណៈដែលកាមេរ៉ាខាងមុខទំហំ 12MP selfie គាំទ្រជាមួយនឹង S5K3LU sensor (1/3.2″)។ ស្មាតហ្វូន S25 Edge នេះបំពាក់នូវបន្ទះឈីប Snapdragon 8 Elite និងមានអេក្រង់ទំហំ 6.66-អ៊ីងដែលជាកញ្កក់ AMOLED រត់បានជាមួយល្បឿន 120Hz, និងមានពន្លឺ 2,600 nits។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 3,900mAh និងរ៉េមទំហំ 12GB ។ ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះជាមួយនឹង Galaxy AI ដូចជា Photo Assist ជាដើម។
ជាមួយនឹងការប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 13 ខែឧសភានេះ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសកូរ៉េ និងចិននៅថ្ងៃទី 23 ខែឧសភានេះ ខណៈពេលដែលការប្រកាសនៅសហរដ្ឋអាមេរិកគឺនៅថ្ងៃទី 30 ខែឧសភានេះ។ តម្លៃរបស់ស្មាតហ្វូននេះគឺ $1,099 ហើយស្មាតហ្វូន S25 Edge នេះស្ថិតនៅចន្លោះស្មាតហ្វូន S25+ និង Ultra ៕