យោងតាមការចេញផ្សាយមុននេះបាននិយាយថា ក្រុមហ៊ុន Samsung នឹងបង្ហាញស្មាតហ្វូនបត់បានរបស់ខ្លួននៅក្នុងខែកក្កដាខាងមុខនេះហើយ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េមួយនេះ បានត្រៀមខ្លួននៅក្នុងការបង្ហាញស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 និង Galaxy Z Flip 7 ផងដែរ។ នៅក្នុងនោះ ក៏មានការនិយាយជាច្រើនអំពីស្មាតហ្វូន Galaxy Z Flip FE ដែលអាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូនបត់បានទាំងពីរនេះថែមទៀតផង។
សម្រាប់ឆ្នាំនេះ សម្រាប់វត្តមានរបស់ Galaxy Z Flip 7 ត្រូវបានគេរាយការណ៌ថា អាចនឹងមានការផលិតចេញចំនួនត្រឹមតែ 3 លានគ្រឿង ខណៈដែលស្មាតហ្វូនអេក្រង់បត់បាន Z Fold 7 ក៏នឹងមានការផលិតចេញចំនួនត្រឹមតែ 2 លានគ្រឿងប៉ុណ្ណោះ ដែលចំនួននេះ គឺមានធ្លាក់ចុះ 40% ប្រៀបធៀបជាមួយនិងម៉ូដែលមុននេះ។
គួរបញ្ជាក់ថា កាលពីខែមុននេះ មានពាក្យចចាមអារ៉ាមមួយបាននិយាយថា ការផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Samsung នឹងចាប់ផ្តើមនៅក្នុងខែឧសភានេះ ដែលវេលានេះ អាចនឹងផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុននេះ នៅក្នុងការផលិតស្មាតហ្វូនអោយបានគ្រប់គ្រាន់ទៅនឹងតម្រូវការរបស់សកល។ ជាមួយគ្នានេះ ក៏ពាក្យចចាមអារ៉ាមថ្មីមួយផ្សេងទៀតបានបញ្ជាក់ដែរថា ការផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូន Galaxy Z Fold 7 និង Galaxy Z Flip 7 គឺបានចាប់ផ្តើមហើយ។ ក្រុមហ៊ុន Samsung នឹងរៀបចំនូវព្រឹត្តិការណ៍ Unpacked នៅក្នុងខែកក្កដា ដើម្បីប្រកាសចេញញនូវស្មាតហ្វូនទាំងនេះ។
បច្ចុប្បន្ននេះ មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់អំពីបន្ទះឈីបដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 7 ផងដែរ ដោយក្នុងនោះមានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2500 ខណៈពេលដែលស្មាតហ្វូនបត់បាន Galaxy Z Fold 7 នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S25 series ផងដែរនៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុន Samsung នៅមិនទាន់បញ្ជាក់ជាផ្លូវការអំពីស្មាតហ្វូននេះទេ ប៉ុន្តែយើងក៏បានឃើញនូវការបែកធ្លាយជាច្រើននៅក្នុងពេលប៉ុន្មានថ្ងៃនេះ អំពីស្មាតហ្វូនអេក្រង់បត់បាននេះផងដែរ៕