យោងតាមការបញ្ជាក់ចេញពីរបាយការណ៍ថ្មីមួយរបស់កូរ៉េខាងត្បូងបានអោយដឹងថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការអភិវឌ្ឍទៅលើម៉ូឌុលកាមេរ៉ាថ្មីមួយទៀត ដើម្បីធ្វើអោយស្មាតហ្វូនជំនាន់ថ្មី Galaxy S26 កាន់តែមានកម្រាស់ស្តើងជាងមុន។ សម្រាប់វត្តមានស្មាតហ្វូន Flagship ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung នៅឆ្នាំនេះ មានដូចជា Galaxy S25, Galaxy S25+, Galaxy S25 Ultra និង Galaxy S25 Edge ដែលសុទ្ធតែមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងបំពាក់នូវមុខងារពិសេសៗជាច្រើននៅក្នុងឧស្សាហកម្មស្មាតហ្វូននេះ។
ស្មាតហ្វូនស៊េរីថ្មី Galaxy S25 Edge គឺមានកម្រាស់ស្តើងមែនទែននៅក្នុងការប្រើប្រាស់ ហើយនៅលើស្មាតហ្វូននេះ ថែមទាំងមានការប្រើប្រាស់នូវបច្ចេកទេសកម្រិតខ្ពស់ទៀតផង។ យោងតាមការបែកធ្លាយថ្មីៗនេះ អោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ក៏មានគម្រោងក្នុងការធ្វើយ៉ាងណាអោយស្មាតហ្វូន Flagship ជាច្រើនទៀតរបស់ខ្លួន ដូចជា Galaxy S26 Series នឹងមានកម្រាស់កាន់តែស្តើងជាងមុន ដូចគ្នា។ សម្រាប់ម៉ូឌុលកាមេរ៉ាស្មាតហ្វូននាពេលបច្ចុប្បន្ននេះ គឺប្រើប្រាស់នូវ Film នៅចន្លោះ lens ហើយក្រុមហ៊ុន Samsung Electro-Mechanics កំពុងតែពិចារណាក្នុងការផ្លាស់ប្តូរទោលើ Files នេះជាមួយនឹង matte inks ដោយប្រើប្រាស់នូវដំណើរការព្រីន inkjet វិញដើម្បីកាត់បន្ថយទៅលើកម្រាស់នៃ lens module ។ ការផ្លាស់ប្តួរនេះ នឹងអាចជួយកាត់បន្ថយទៅលើកម្រាស់របស់ស្មាតហ្វូនពិតមែន។
ថ្មីៗនេះ មានការទម្លាយថា ក្រុមហ៊ុន Samsung នឹងចាប់ផ្តើមប្រើប្រាស់នូវបច្ចេកទេសថ្មីនេះ នៅលើស្មាតហ្វូន Galaxy S26 Series ហើយ។ ក្រុមហ៊ុន Samsung បានធ្លាប់ហៅបច្ចេកទេសនៃការវេចខ្ចប់ទៅលើ lenses នេះគឺ ring pattern ហើយក្រុមហ៊ុន ក៏បានស្នើសុំប៉ាតង់រឿងនេះនៅក្នុងឆ្នាំ 2018 ផងដែរ ប៉ុន្តែការអនុម័តនៅមិនទាន់ទទួលបាននៅឡើយទេ។
សូមជំរាបថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិន ក៏បានប្រើប្រាស់នូវបច្ចេកទេសកម្រិតខ្ពស់ជាច្រើនដូចជាថ្ម SiC ដើម្បីកាត់បន្ថយទៅលើកម្រាស់របស់ស្មាតហ្វូនផងដែរ។ ខណៈពេលដែលស្មាតហ្វូនជាច្រើននៅលើទីផ្សារមានកម្រាស់ស្តើងជាងមុននោះ មនុស្សជាច្រើន បានរិះគន់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះផងដែរដោយសារតែមិនទាន់អាចកាត់បន្ថយទៅលើកម្រាស់របស់ស្មាតហ្វូនរបស់ខ្លួនបាននោះ៕