ពេលខ្លះក្រុមហ៊ុនផលិតឡាន បានផលិតឡានដែលពិសេសៗ សម្រាប់ដាក់លក់ក្នុងឱកាសពិសេសណាមួយ ជាក់ស្តែងដូចឡាន Lexus LBX Morizo RR អីចឹង ដោយវាជា SUV ខ្នាតតូចប្រណីត គួរឲ្យចាប់អារម្មណ៍រួចស្រេចទៅហើយ ប៉ុន្តែក្រុមហ៊ុនផលិតឡានរបស់ជប៉ុនមួយនេះ បានធ្វើការកែកុនទៅលើ Performance របស់វា ដោយខ្ចីម៉ាស៊ីនសាំង ចំណុះ 1.6L Turbo ទំហំ 3 ស៊ីឡាំង ពីឡាន Toyota GR Yaris និង GR Corolla មកបំពាក់ ហើយហៅឈ្មោះវាថា Lexus LBX Morizo RR Original Edition។
ឡាន Lexus ម៉ូដែលពិសេសមួយនេះ នឹងមានលក់តែនៅលើទីផ្សារប្រទេសជប៉ុន ជាមួយនឹងចំនួនផលិតមានកំណត់ ត្រឹមតែ 100 គ្រឿងប៉ុណ្ណោះ ហើយអតិថិជនក៏មិនអាចដើរចូលទៅ Showroom ដើម្បីទិញយកភ្លាមៗដែរ ព្រោះរាល់សិទ្ធិក្នុងការទិញឡាននេះ ត្រូវបានធ្វើឡើងដោយការចាប់ឆ្នោត។
វាប្រើម៉ាស៊ីនសាំង ចំណុះ 1.6L Turbo ទំហំ 3 ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបានសរុប រហូតដល់ទៅ 300 HP និង កម្លាំងរមួល 400 NM ដំណើរការដោយប្រព័ន្ធបើកបរប៉ុង 2 (AWD) និង ប្រអប់លេខដៃ 6 វគ្គ ហើយក៏មានជម្រើសប្រអប់លេខអូតូ 8 វគ្គដែរ ហើយវាអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 5.2 វិនាទីប៉ុណ្ណោះ និយាយរួមទៅ Performance របស់វា ប្រៀបបានទៅនឹង Toyota GR Yaris និង GR Corolla អីចឹងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Lexus មិនបានប្រកាសតម្លៃរបស់វាឡើយ ប៉ុន្តែវាប្រាកដណាស់ នឹងមានតម្លៃថ្លៃជាងម៉ូដែល Lexus LBX ធម្មតា ដែលមានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារ ដល់ 4 ម៉ឺនដុល្លារ នៅលើទីផ្សារប្រទេសជប៉ុន៕