គិតមកដល់ថ្ងៃនេះ សម្រាប់កាលបរិច្ឆេតនៃការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Android Flagships គឺនៅមិនឆ្ងាយទៀតនោះទេ ស្របពេលជាមួយគ្នានេះ ការបែកធ្លាយថ្មីៗនេះ ក៏មានទម្លាយអំពីឈ្មោះរបស់ស្មាតហ្វូនថ្នាក់ប្រណិតៗជាច្រើន ដែលនឹងមានការដាក់ប្រើប្រាស់ជាមួយនូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite 2 ដែលគ្រោងនឹងដាក់សម្ពោធជាផ្លូវការណ៌នៅពេលដ៏ខ្លីនេះដូចគ្នា។
យោងតាមការបង្ហើបព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Series ដែលនឹងមានវត្តមាននាពេលខាងមុខនេះ គឺអាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុត ដែលប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm។ បើតាមព័ត៌មានថ្មីមួយចេញពីអ្នកទម្លាយ Digital Chat Station នៅលើបណ្តាញសង្គម Weibo បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី Xiaomi 16, Xiaomi 16 Pro និង Xiaomi 16 Pro Max អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលបំពាក់នូវបន្ទះឈីបថ្មីនេះ។
និយាយទៅ ទៅលើក្រុមហ៊ុន Xiaomi ហាក់មិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេ ដោយសារតែម៉ាកយីហោមួយនេះ គឺធ្លាប់មានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹងក្រុមហ៊ុន Qualcomm ជាច្រើនឆ្នាំរួចមកហើយ។ កាលពីពេលមុននេះ ស្មាតហ្វូន Flagships របស់ក្រុមហ៊ុន Xiaomi ក៏ធ្លាប់ ក្លាយជាស្មាតហ្វូនដំបូងបំផុតដែលបំពាក់នូវបន្ទះឈីប Snapdragon 8 series ថ្មីបំផុតជារៀងរាល់ឆ្នាំផងដែរ។ បើមើលទៅលើស្មាតហ្វូន Xiaomi 15 Series បង្ហាញខ្លួននៅក្នុងខែតុលាឆ្នាំ 2024 កន្លងទៅនេះ គឺមានការបំពាក់មកជាមួយនឹងបន្ទះឈីប Snapdragon 8 Elite។
ប្រភពខាងលើនេះបន្តថា សម្រាប់ឆ្នាំ 2025 នេះ ក្រុមហ៊ុន Xiaomi ក៏នឹងមានការប្រកាសចេញនូវស្មាតហ្វូន Pro Max នេះ ដែលជាសមាជិកថ្មីរបស់ខ្លួនផងដែរ នៅក្នុងនោះ ក៏មានពាក្យចចាមអារ៉ាមជាច្រើនទម្លាយអំពីស្មាតហ្វូន Xiaomi 16 Pro Miniដែលមានថាមពលថ្មធំដល់ទៅ 6,300mAh បច្ចេកវិទ្យា Wireless Charging និងកាមេរ៉ា periscope telephoto ថែមទៀតផង៕