ដូចការគ្រោងទុកអីចឹង កាលពីថ្ងៃទី 16 ខែតុលា ម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្តម៉ាក Leapmotor បានធ្វើការប្រកាសចេញរថយន្ត Flagship SUV ស៊េរីថ្មីរបស់ខ្លួនម៉ូដែល D19 ដែលមានទាំងជម្រើសប្រើម៉ាស៊ីន Plug-in-hybrid (EREV) និងជម្រើសប្រើថាមពលថ្មសុទ្ធ (EV)។ រថយន្ត SUV ប្រណិតស៊េរីថ្មីដែលផលិតដោយប្រើនូវទម្រង់គ្រោងឆ្អឹង D-Platform របស់ Leapmotor នឹងចេញលក់ផ្លូវការណ៍នៅឆមាសដំបូងក្នុងឆ្នាំ 2026។ សម្រាប់ម៉ូដែល D19 EREV សាកថ្មមួយពេញម្តងអាចជិះបានចម្ងាយដល់ 500km ដោយប្រើថាមពលថ្មសុទ្ធ ខណៈម៉ូដែល D19 EV សាកថ្មពេញម្តងអាចជិះបានដល់ចម្ងាយ 720km។
ការឌិស្សាញរូបរាងខាងក្រៅរបស់ Leapmotor D19 ត្រូវបានប្រើប្រាស់នូវភាសាឌីស្សាញ Technology Natural Aesthetics 2.0 ដោយផ្នែកខាងមុខត្រូវបានរំលេចជាមួយចង្កៀងប្រភេទ LED ដែលរចនាជា Three-stage headlight ហើយដំណើរការដោយជាម៉ាស៊ីន Projector និងផ្នែកប៉ាណាខាងក្រោមរបស់ គឺដំណើរការបិទ និងបើកស្វ័យប្រវត្តិអាស្រ័យទៅតាមបរិស្ថានខាងក្រៅថែមទៀតផង។ ចំនែនៅលើដំបូលខាងមុខ មានបំពាក់នូវប្រព័ន្ធសែនស័រចាប់សញ្ញាកម្រិតខ្ពស់ LiDAR ផងដែរ។ នៅផ្នែកគូទក្រោយវិញត្រូវបានធ្វើការឌីស្សាញជាមួយបណ្តុំចង្កៀងពីចំហៀងម្ខាងទៅចំហៀងម្ខាងទៀតដែលមានប្រវែង 1,958mm ដែលរំលេចដោយអំពូល LED ចំនួន 11,025 គ្រាប់ដែលបំភ្លឺបានច្បាស់បានទាំងពេលថ្ងៃ និងពេលយប់។
រថយន្ត Flagship SUV ស៊េរីថ្មីនេះ មានបណ្តោយតួរខ្លួនប្រវែងជាង 5.2m/ ទទឹងជិត 2m និងគម្លាតកង់មុខទៅកង់ក្រោយ 3.1m។ ចំនែកជម្រើសពណ៌វិញ គឺមានរហូតដល់ទៅ 5 ពណ៌ មានដូចជា ពណ៌បៃតង ស ទឹកប្រាក់ ប្រផេះ និងខ្មៅ។ នៅលើម៉ូដែល Leapmotor D19 EV ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីដែលមានកម្លាំងសរុប 540kW (724hp) ដែលទទួលថាមពលពីកញ្ចប់ថ្មទំហំ 115kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 720km ហើយកញ្ចប់ថ្មត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ជាមួយជម្រើសថ្មប្រភេទ lithium iron phosphate និង ternary lithium។ ម៉ូដែលនេះមានសមត្ថភាពអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 3 វិនាទី។ ទៅលើការសាកភ្លើងវិញ គឺគាំទ្រកម្លាំង 1,000V high-voltage ដែលសាក 15 នាទីអាចជិះបានចម្ងាយ 350km។
ដោយឡែកនៅលើម៉ូដែល Leapmotor D19 EREV វិញ គាំទ្រប្រព័ន្ធសាកភ្លើងកម្លាំង 800V high-voltage ភ្ជាប់មកជាមួយម៉ាស៊ីនសម្រាប់ជំនួយដល់ការបើកបរបានឆ្ងាយ រួមនឹងដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរដែលមានកម្លាំងសរុប 400kW (536hp)។ ម៉ូដែល D19 EREV មានកញ្ចប់ថ្មទំហំ 80.3kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 500km ដោយប្រើថាមពលថ្មសុទ្ធ និងសាកភ្លើងពី 30% ទៅ 80% ចាយពេលខ្ទង់ 15 នាទី។ ចំនុចពិសេសផ្សេងទៀតរបស់ D19 Series របស់ Leapmotor ដូចជាការប្រើប្រាស់ឈីប Qualcomm Snapdragon 8797 ដែលគាំទ្រកម្រិតឆ្លាតវៃខ្ពស់ដល់ 1,280 TOPS ប្រព័ន្ធបញ្ជាក្នុងកាប៊ីនឆ្លាតវៃសម្រាប់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់។
ហើយអ្វីដែលពិសេសបំផុតនោះ គឺ D19 មានភ្ជាប់មកជាមួយប្រព័ន្ធផលិតខ្យល់អុកស៊ីសែន ឬ Oxygen Generator ដែលមានសមត្ថភាពអាចផលិតបាន 8 លីត្រក្នុងមួយនាទី។ មុខងារពិសេសនេះទំនងជាផ្តោតលើនិន្នាការថ្មីៗនៃការធ្វើដំណើរទៅកាន់តំបន់ដែលមានរយះកម្ពស់ខ្ពស់ដូចជា តំបន់ទីបេក្នុងប្រទេសចិនជាដើម៕