រថយន្តអគ្គិសនី Xiaomi SU7 ចំនួនជាង 7,000 គ្រឿងត្រូវបាននាំចេញទៅដល់អតិថិជនដំបូងរួចរាល់ហើយ

ក្នុងនាមជាអ្នកលេងថ្មីក្នុងវិស័យរថយន្តអគ្គិសនី Xiaomi គឺពិតជាទទួលបានការគាំទ្រខ្លាំងលើសពីការរំពឹងទុកមកលើរថយន្តអគ្គិសនីជំនាន់ដំបូងរបស់ខ្លួនម៉ូដែល SU7។ សម្រាប់ការចេញលក់មួយខែដំបូងនៃរថយន្ត SU7 ក្រុមហ៊ុនបានធ្វើការនាំចេញដំបូងទាន់កាន់ដៃអតិថិជនបានចំនួន 7,058 គ្រឿង មានន័យថា ពេលនេះមានរថយន្ត Xiaomi SU7 ចំនួនជាង 7,000 គ្រឿងបាននឹងកំពុងធ្វើចរាចរណ៍នៅលើដងវិថីនានាក្នុងប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងស្មាតហ្វូនទំនើបរបស់ប្រទេសចិនដែលបានធ្វើការវិវត្តន៍ខ្លួនបន្ថែមចូលក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនីលើកដំបូងនេះ គឺបានផលិតរថយន្តដំបូងរបស់ខ្លួនបានចំនួន 1,000 គ្រឿងរួចហើយ គិតចាប់ពីថ្ងៃនៃការចាប់ផ្តើមសង្វាក់ផលិតដំបូងក្នុងរោងចក្រស្ថិតនៅក្នុងទីក្រុងប៉េកាំង ដែលចំនួននេះ គឺបានសម្រេចគោលដៅរបស់ខ្លួនក្នុងការនាំចេញ SU7 ឲ្យបានដល់ 1,000 គ្រឿងត្រឹមខែមិថុនាឆ្នាំនេះ។

ហើយបើតាមរបាយការណ៍ចុងក្រោយនេះ Xiaomi SU7 បានទទួលការបញ្ជាទិញញមុនឈានឡើងដល់ 88,000 គ្រឿងហើយ ការកើនឡើងនៃចំនួនបញ្ជាទិញរថយន្តអគ្គិសនីរបស់ Xiaomi គឺបង្ហាញពីតម្រូវការ និងការគាំទ្ររបស់អតិថិជនដ៏ច្រើនលើសលប់សម្រាប់រថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន។

រថយន្ត Xiaomi SU7 មានជម្រើសបីម៉ូដែល គឺ SU7 ដែលជា Base-Version, SU7 Pro និង DU7 Max ដែលជា Luxury និង Performance  Vesion។ សូមបញ្ជាក់ថា Xiaomi បានបោះទុនវិនិយោគរថយន្តផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅក្នុងទីក្រុងប៉េកាំងលើផ្ទៃដីសរុបចំនួន 720,000 ម៉ែត្រការ៉េ ដែលរោងចក្រនេះមានលទ្ធភាពក្នុងការផលិតរថយន្តដំណាក់កាលដំបូងបានចំនួន 150,000 គ្រឿងក្នុងមួយឆ្នាំ។ ប៉ុន្តែ ដោយមានសន្ទុះតម្រូវការខ្លាំងមកលើរថយន្តរបស់ខ្លួនក្នុងពេលនេះ ក្រុមហ៊ុនគ្រោងធ្វើការពង្រីកសង្វាក់ផលិតកម្មបន្ថែមទៀតក្នុងពេលខាងមុខនេះ ដែលអាចបង្កើនបរិមាណផលិតបានដល់ 300,000 គ្រឿងនៅក្នុងមួយឆ្នាំ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍