Apple និង Rivian អាចនឹងចាប់ដៃគ្នានាំយកបច្ចេកវិទ្យាបើកបរស្វ័យប្រវត្ដិ មកប្រើលើរថយន្តអគ្គិសនីជំនាន់ថ្មីម៉ូដែល R2 និង R3

មហិច្ឆិតារបស់ Apple ក្នុងការផលិតរថយន្តអគ្គិសនីផ្ទាល់ខ្លួនដែលស្ថិតក្នុងគម្រោត Project Titan ត្រូវបានប្រកាសលប់ចោលកាលពីដើមឆ្នាំនេះ។ ទោះជាយ៉ាងណាសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តអគ្គិសនីរបស់ Apple ត្រូវបានគេដឹងថា នៅតែដំណើរការជាធម្មតា។ ហើយថ្មីៗក៏មានលេចលឺព័ត៌មានថា Apple នឹងចាប់ដៃសហការជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីម៉ាក Rivian ដើម្បីនាំយកបច្ចេកវិទ្យារថយន្តបំពាក់នៅលើរថយន្តអគ្គិសនីជំនាន់ថ្មីរបស់ក្រុមហ៊ុនមួយនេះថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្របពេលជាមួយគ្នានេះក្រុមហ៊ុន Rivian ត្រូវបានគេដឹងថា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការផលិតរថយន្តអគ្គិសនីជំនាន់ថ្មីរបស់ខ្លួនម៉ូដែល R2 និង R3 ដែលបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីធ្វើការប្រគូតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់អាមេរិក Tesla ដែលបច្ចុប្បន្នកំពុងធ្វើការលើបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិដោយប្រើប្រព័ន្ធ AI ឬ AI-powered autonomous driving។ ហើយបើព័ត៌មានស្តីពីភាពជាដៃគូរវាង Apple និង Rivian គឺជាការពិតមែននោះ មានន័យថា រថយន្តអគ្គិសនីជំនាន់ថ្មី R2 និង R3 របស់ Rivian នឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ (Self-driving tech) របស់ Apple ដែលធ្វើឲ្យរថយន្ត Rivian អាចមានសមត្ថភាពខ្ពស់នៅលើប្រព័ន្ធ Autonomous driving កាន់តែប្រសើរក្នុងការប្រគូតប្រជែងជាមួយនឹងរថយន្តរបស់ Tesla។

 

ក្រុមហ៊ុន Rivian បានទទួលកញ្ចប់ថវិកាមូលធនពីរដ្ឋាភិបាលក្នុងរដ្ឋ Illinois ចំនួន 771 លានអឺរ៉ូ ដើម្បីបង្កើនរោងចក្រខ្នាតតូចដំបូងសម្រាប់ការផលិតរថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល R2 របស់ខ្លួន។ បន្ទាប់ពីរោងចក្រថ្មីនេះ Rivian គ្រោងនឹងបង្កើតរោងចក្រថ្មីមួយបន្ថែមទៀតស្ថិតក្នុងរដ្ឋ  Georgia ឬហៅថា  Georgia EV Plant ដើម្បីបង្កើនការជម្រុញបរិមាណរថយន្តជំនាន់ថ្មី Rivian R2 និង R3 ផងដែរ។ តាមរយះព័ត៌មាននៃការចាប់ដៃសហការរវាង Apple និង Rivian នេះ ត្រូវបានគេសង្ស័យថា Apple ទំនងជាចង់សិក្សាបន្ថែមឲ្យបានកាន់តែស៊ីជម្រៅទាក់ទងនឹងដំណើរការក្នុងសង្វាក់ផលិតរថយន្តអគ្គិសនី ទោះបីជាគម្រោង Project Titan របស់ខ្លួនត្រូវបានប្រកាសលប់ចោលរួចហើយក្តី។

ហើយការនាំយកនៅបច្ចេកវិទ្យារថយន្តដ៏ទំនើបរបស់ខ្លួនទៅបំពាក់នៅលើរថយន្តអគ្គិសនីនាពេលខាងមុខនេះ អាចនឹងធ្វើឲ្យ Apple ទទួលបានបទពិសោធន៍បន្ថែមទៀត ដែលអាចឈានដល់ការបើកដំណើរការគម្រោងផលិតរថយន្តអគ្គិសនីរបស់ខ្លួនសារជាថ្មីឡើងវិញ នៅពេលណាមួយថែមទៀតផង។ សូមបញ្ជាក់ថា Apple បានប្រកាសលប់ Project Titan ដែលជាគម្រោងការផលិតរថយន្តអគ្គិសនី (Apple Car EV) បើកបរស្វ័យប្រវត្តិរបស់ខ្លួនកាលពីដើមឆ្នាំ ដោយសារតែជូបប្រទះបញ្ហាប្រឈមជាច្រើនទាំងផ្នែកបច្ចេកវិទ្យា ទាំងសង្វាក់ផលិតកម្ម ក៏ដូចជាការចំនាយធនធានមានចំនួនខ្ពស់ជាងការរំពឹងទុកជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍