Nio នឹងចេញលក់រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃខ្ទង់ 30,000 អឺរ៉ូនៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2025

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីម៉ាកល្បីរបស់ប្រទេសចិន Nio បាននឹងកំពុងពង្រឹងទីផ្សាររថយន្តរបស់ខ្លួននៅក្នុងទីផ្សារសកលឲ្យបានកាន់តែខ្លាំង។ ក្រុមហ៊ុនបានប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារជាច្រើនដើម្បីទាញយកអតិថិជនថ្មីសម្រាប់ម៉ាករថយន្តអគ្គិសនីរបស់ខ្លួននៅក្រៅទីផ្សារប្រទេសចិន។ ដូចជាពេលថ្មីៗនេះលោក Nicolas Vincelot ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Nio ប្រចាំប្រទេសបារាំង (France General Manager) បានធ្វើការចែករំលែកពីរថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ដែលនឹងមកដល់នៅពេលខាងមុខនេះនៅក្នុងព្រឹត្តិការណ៍  China-France Business Council។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនីស៊េរីថ្មីរបស់ Nio ដែលមកដល់ក្នុងពេលឆាប់ៗនេះ គឺស្ថិតក្រោមស្លាកយីហោ Onvo និង Firefly Brands។ តាមការបញ្ជាក់ពីលោក Nicolas បានឲ្យដឹងថា រថយន្តអគ្គិសនីម៉ាកថ្មី Nio Onvo L6 នឹងចាប់ផ្តើមចេញលក់នៅលើទីផ្សារនៅមុនដំណាច់ឆ្នាំ 2024 នេះ។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ម៉ូដែល Nio Firefly EV ក៏នឹងបង្ហាញវត្តមាននៅលើទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2025 ជាមួយតម្លៃធូរថ្លៃក្រោម 30,000 អឺរ៉ូ ឬប្រហែល 32,275 ដុល្លាអាមេរិក។ 

នៅក្នុងកិច្ចប្រជុំលើកទីប្រាំមួយនៃក្រុមប្រឹក្សាធុរកិច្ចអាជីវកម្មរវាងចិន-បារាំង ដែលបានប្រារព្ធឡើងនៅទីក្រុងប៉ារីសកាលពីថ្ងៃទី 03 ដល់ថ្ងៃទី 06 ខែឧសភា ថ្មីៗនេះ ដែលវា គឺជាព្រឹត្តិការណ៍ដ៏ធំ និងសំខាន់មួយដោយត្រូវបានបិទកិច្ចប្រជុំដោយប្រធានាធិបតីចិនលោក Xi Jinping ផ្ទាល់។ ជាមួយគ្នានេះ ក៏មានអ្នកជំនួញ និងអ្នកជំនាញជាន់ខ្ពស់រាប់រយនាក់បានចូលរួមក្នុងវេទិកានៃកិច្ចប្រជុំនេះ។ ក្នុងព្រឹត្តិការណ៍នោះលោក Nicolas Vincelot ដែលជា Nio France General Manager  បានបង្ហាញពីការគម្រោងក្នុងអភិវឌ្ឍន៍នាពេលអនាគតសម្រាប់ម៉ាកយីហោរថយន្ត Onvo និង Firefly របស់ Nio នៅក្នុងទីផ្សារអឺរ៉ុប។

យោងតាមការមានប្រសាសន៍របស់លោក Nicolas Vincelot រថយន្តអគ្គិសនីម៉ាក Onvo L60 របស់ Nio នឹងចេញលក់ទូទាំងពិភពលោកនៅចុងឆ្នាំ 2024។ រថយន្តស៊េរីថ្មីនេះ គឺជាគូប្រជែងដ៏ស័ក្តិសម បំផុតជាមួយរថយន្ត Tesla Model Y។ បើតាមប្រភពព័ត៌មានចចាមអារាមបាននិយាយថា Nio Onvo L60 នឹងចេញលក់ក្នុងតម្លៃ 220,000 យន់ ឬប្រហែល 30,500 ដុល្លារអាមេរិកនៅក្នុងប្រទេសចិន។ Onvo L60 នឹងផ្តល់ជូននូវជម្រើសទំហំថ្មពីរទំហំ គឺ 60 kWh និង 90kWh ។ រថយន្តអគ្គិសនីស៊េរីថ្មីនេះក៏នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងតង់ស្យុងខ្ពស់ដល់ High-Voltage 900V  ព្រមទាំងប្រើនូវបន្ទះឈីប Snapdragon 8295 ដើម្បីគ្រប់គ្រង់ប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់ផ្សេងៗក្នុងរថយន្តផងដែរ។

ចំនែកម៉ូដែល Nio Firefly ដែលនឹងត្រូវចេញលក់នៅលើទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2025 គឺនឹងមានតម្លៃចាប់ពីខ្ទង់ 30,000 អឺរ៉ូ ឬប្រហែល 32,275 ដុល្លារអាមេរិក។ ម៉ូដែលថ្មីនេះ ក៏ត្រូវបានគេដឹងថា អាចនឹងមានតម្លៃខ្ទង់ក្រោម 200,000 យាន់ ឬប្រហែល 28,300 ដុល្លារនៅទីផ្សារប្រទេសចិន។ សម្រាប់ម៉ូដែល Nio Firefly នឹងចាប់ផ្តើមផលិតដំបូងក្នុងរោងចក្រ  Cheetah Automobile Factory ក្នុងខេត្ត Chuzhou, Anhui និងការផលិតលើកទីពីរ គឺនៅក្នុងរោងចក្រ  F1 factory របស់ Nio ក្នុងខេត្ត Hefei, Anhui។ ដោយឡែកសម្រាប់គុណសម្បត្តិ និងលក្ខណៈសម្បត្តិលម្អិតរបស់រថយន្តអគ្គិសនីស៊េរីថ្មីម៉ាស៊ីនថ្មីរបស់ Nio ទាំងពីរនេះមិនទាន់ត្រូវបានក្រុមហ៊ុនបង្ហាញលម្អិតនោះទេនៅពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍